អ្នកជំនាញ ជួយសង្គ្រោះ  ទន្សោងឈ្មោលមួយក្បាល ដែលជាប់អន្ទាក់ ដាច់ជើងមុខ

11/01/2023 5:00 pm កំពង់ស្ពឺ

ភ្នំពេញ៖  ទន្សោងឈ្មោល​ បានជាប់អន្ទាក់ដាច់ជើងមុខខាងឆ្វេងមួយក្បាលនៅក្នុងសហគមន៍ការពាព្រៃឈើប្រាំបីមុម ត្រូវបានជួយសង្គ្រោះពីព្រៃ ដើម្បីស្ដារនីតិសម្បទានៅក្នុងមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ខេត្តតាកែវ។ លោកយង់ រតនា ថា សត្វមួយក្បាលនេះត្រូវការការព្យាបាល និងតាមដានរបួសបន្តពីពេទ្យជំនាញ។ សត្វនេះអាចមានភាគរយតិចណាស់ ដែលអាចត្រឡប់ចូលព្រៃធម្មជាតិវិញ។

សហគមន៍ការពារព្រៃឈើប្រាំបីមុម មានផ្ទៃដីសរុប ១ ២២១ ហិកតា ស្ថិតក្នុងភូមិថ្នល់កែង ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នសហគមន៍នេះមានសត្វទន្សោងជាង១០០ក្បាលកំពុងរស់នៅ។ ក្រៅពីសត្វទន្សោង នៅទីនោះក៏មានសត្វខ្ទីង ក្ងោក ប្រើស ជ្រូកព្រៃ និងសត្វមួយចំនួនទៀតផងដែរ។  

លោក សឿន ឡាយ ជាប្រធានសហគមន៍ការពារព្រៃឈើប្រាំបីមុម បានប្រាប់សារព័ត៌មានThmeyThmey25ថា បច្ចុប្បន្នទន្សោងនៅក្នុងសហគមន៍សរុបទាំងអស់ជាង១០០ក្បាល ដែលកំពុងរស់នៅ​ ក្នុងព្រៃសហគមន៍។ ជាមួយគ្នានេះ លោកបានលើកឡើងថា សត្វទន្សោងកើនឡើងច្រើនអាចជាដំណឹងរីករាយ ប៉ុន្ដែទន្ទឹមនេះសហគមន៍កំពុងបារម្ភបញ្ហាសត្វជាប់អន្ទាក់នៅក្រៅសហគមន៍។ 

ទន្សោងឈ្មោលសង្គ្រោះពីសហគមន៍ការពារព្រៃឈើប្រាំមីមុម។ រូបភាពពីសួនសត្វភ្នំតាម៉ៅ។ 

លោក ឡាយ បញ្ជាក់បែបនេះ៖ « យើងរាល់ថ្ងៃបារម្ភបំផុតគឺបញ្ហាសត្វជាប់អន្ទាក់នៅក្រៅសហគមន៍។ វាចេញទៅរកស៊ីនៅក្នុងចម្ការអំពៅ នៅទីនោះមានអន្ទាក់ច្រើន ព្រោះជាដីរបស់ក្រុមហ៊ុនចម្ការអំពៅ យើងមិនអាចគ្រប់គ្រងបានទេ។ ឆ្នាំនេះទន្សោង បើមិនបីក៏បួនក្បាល ដែលកំពុងមានរហួសដោយសារជាប់អន្ទាក់»។ 

ប្រធានសហគមន៍ខាងលើបន្តថា ការសង្គ្រោះទន្សោងនេះធ្វើឡើយចំនួនបួនដងមកហើយ ដោយបីដង បរាជ័យ ចំណែកលើកទីបួន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះទទួលជោគជ័យ និងត្រូវបានយកទៅសង្គ្រោះ និងស្ដារនីតិសម្បទា នៅក្នុងមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ក្នុងខេត្តតាកែវ។ 

លោក យង់ រតនា អនុប្រធានការិយាល័យអភិរក្ស និងវិបុលកម្ម បានបញ្ជាក់ថា ពេលនេះ សត្វទន្សោងឈ្មោលនោះ បានមកដល់កន្លែងសង្គ្រោះនៅក្នុងភ្នំតាម៉ៅហើយ។ ទន្ទឹមនេះក្រុមការងារជំនាញកំពុងតាមដាននិងព្យាបាលជើងរបួសរបស់វា។ 

« ជើងមុខខាងឆ្វេងរបស់វាបានដាច់ដោយសារអន្ទាក់ខ្សែកាប ដូច្នេះក្រុមយើងត្រូវព្យាបាល ដើម្បីប្រកដថារបួសនោះមិនរាលទៅដល់កន្លែងផ្សេង។  ជាមួយគ្នានេះយើងព្យាយាមព្យាបាលរបួសនោះ ដើម្បីការពារជីវិតរបស់វា»។ នេះជាការលើកឡើងរបស់ លោក រតនា។

លោកបន្ថែមថា ជាគម្រោងការសង្គ្រោះសត្វប្រភេទ ហ្នឹងមានជាបន្តនៅក្នុងសហគមន៍ការពារព្រៃឈើប្រាំបីមុម ប៉ុន្ដែត្រូវចាំការបញ្ជាក់ព័ត៌មានច្បាស់លាស់ពីក្រុមសហគមន៍។ អនុប្រធានការិយាល័យអភិរក្ស និងវិបុលកម្មខាងអះអាងថា សត្វទន្សោងឈ្មោលនេះអាចត្រូវបានរក្សានៅក្នុងមជ្ឈមណ្ឌលសង្គ្រោះ និងថែរក្សាសត្វព្រៃភ្នំតាម៉ៅច្រើនជាងយកទៅលែងក្នុងសហគមន៍ការពារវិញ។ មូលហេតុធំបំផុត ដោយសារវាពិការ និងភាពអសុវត្ថិភាពនៃតំបន់ដែលជាជម្រកដើមរបស់វា។ 

ដោយលោកបញ្ជាក់ដូច្នេះ៖ « យើងមិននិយាយថាការស្ដារនីតិសម្បទានេះ នឹងជោគជ័យមួយរយភាគរយទេ ប៉ុន្ដែយើងសង្ឃឹមថាយើងអាចជួយវា នៅពេលវាសះស្បើយ។ ក៏មិនប្រាកដថាអាចយកទៅប្រាំបីមុមវិញដែរ ព្រោះជើងសល់តែបីប៉ុណ្ណោះដែលអាចប្រើបាន។ ប្រសិនបើយកទៅទីនោះវិញអាចមិនមានសុវត្ថិភាព ព្រោះអន្ទាក់ច្រើន»។

ទាំងលោក រតនា និងលោក ឡាយ បានសំណូមពរដល់ពលរដ្ឋ និងជនឆ្លៀតឱកាសមួយចំនួនសូមបញ្ឈប់សកម្មភាពដាក់អន្ទាក់ជាបន្ទាន់ ព្រោះនេះជាហានិភ័យខ្លាំងណាស់សម្រាប់សត្វ ដែលអាចឈានដល់ដំណាក់កាលផុតពូជសត្វប្រភេទកម្រៗនៅក្នុងប្រទេសកម្ពុជា៕ 

 

ព័ត៌មានទាក់ទង