កម្ពុជា ​នាំចូលផលិតផលថ្នាំជក់ ក្នុងតម្លៃ​ជិត៣០០លានដុល្លារ នៅឆ្នាំ២០២២

11/01/2023 10:30 am ភ្នំពេញ

ពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចូលថ្នាំជក់ និង ផលិតផលជំនួយឱ្យថ្នាំជក់ក្នុងទំហំទឹកប្រាក់ប្រមាណ២៧២លានដុល្លារអាម៉េរិក។ ទំហំនៃការនាំចូលនេះ កើនដល់១៦,៨ភាគរយ បើធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមស្ថិតិពាណិជ្ជកម្មនាំចូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ពាក់ព័ន្ធនឹងការនាំចូល​ផលិតផលថ្នាំជក់នេះ លោក វេជ្ជបណ្ឌិត មុំ គង់ ដែលជានាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា តែងតែទទូចឱ្យរដ្ឋាភិបាលកដំឡើងអត្រាពន្ធលើផលិតផលថ្នាំជក់ ដើម្បីកាត់បន្ថយចំណាយសេវាសុខភាពសាធារណៈ។ 
 
លោក មុំ គង់ បាននិយាយដូច្នេះ៖ «ការដំឡើងពន្ធលើថ្នាំជក់ រដ្ឋទទួលបានប្រាក់ចំណូលបន្ថែម ហើយកាត់បន្ថយទុកវេទនារបស់ពលរដ្ឋថែមទៀត»។  អ្នកជំនាញបន្តរៀបរាប់ថា៖ «ផលិតផលខ្លះ កាលណាយើងដំឡើងពន្ធ គឺប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ប៉ុន្តែពន្ធថ្នាំជក់នេះ បើរដ្ឋធ្វើទៅគឺអត់មានប៉ះពាល់អ្វីសោះ តែបែរជាជួយកាត់បន្ថយទុកវេទនារបស់ពលរដ្ឋទៅវិញ។ ការដំឡើងពន្ធលើផលិតផលថ្នាំជក់នេះ គឺរដ្ឋអត់មានខាតអ្វីសោះតែម្តង»។
 
តាមការស្ទង់មតិ គឺមាន៩៤ភាគរយនៃពលរដ្ឋកម្ពុជា គាំទ្រឱ្យមានដំឡើងពន្ធលើថ្នាំជក់។ លោក មុំ គង់ បានបន្ថែមបែបនេះមកកាន់សារព័ត៌មានថ្មីៗ។​
 
យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ រដ្ឋាភិបាលនឹងពង្រឹងការប្រមូលពន្ធពីវិស័យផលិតស្រាបៀ ​និងផលិតផលថ្នាំជក់​ ដើម្បីបង្កើនចំណូលសម្រាប់ជាតិ។ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣​  ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា​កាលពីថ្ងៃទី៨មិថុនា ឆ្នាំ២០២២  បានបញ្ជាក់ថា៖ «ដើម្បីគាំទ្រសកម្មភាពនៃអាជីវកម្មក្នុងស្រុក និងរក្សាចីរភាពកំណើនចំណូលថវិកាជាតិ អគ្គនាយកដ្ឋាពន្ធដារ ត្រូវពង្រឹងការប្រមូលពីវិស័យសំណង់  វិស័យទូរគមនាគមន៍ ​វិស័យរ៉ែ  វិស័យផលិតស្រាបៀ, ភេសជ្ជៈ ​និងថ្នាំជក់ ជាដើម»។ 
 
បច្ចុប្បន្ន អត្រាពន្ធលើផលិតផលថ្នាំជក់ធៀបតម្លៃលក់រាយនៅកម្ពុជា មានត្រឹមតែ២៥ភាគរយ ចំពោះបារីក្នុងស្រុក និង ៣១ភាគរយប៉ុណ្ណោះ ចំពោះបារីនាំចូល ខណៈប្រទេសថៃមានអត្រាពន្ធរហូតដល់៧០ភាគរយ,  សិង្ហបុរី ៦៧,៥ភាគរយ និងភូមាពី៥០-៦០ភាគរយ និងវៀតណាម មានក្នុងរង្វង់៣៥ភាគរយ។
 
យោងតាមការសិក្សារបស់អង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០១៩ នៅពេលដែលកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់ដល់៧៥ភាគរយ នោះ កម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែម២៣៥លានដុល្លារ នារយៈពេល៥ឆ្នាំខាងមុខ។ ចំណូលនេះ នឹងកើនដល់ ៩៣៣លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំខាងមុខទៀត។ ទន្ទឹមនឹងការដំឡើងពន្ធថ្នាំជក់នេះ វានឹងកាត់បន្ថយអត្រាស្លាប់ ជំងឺ និងពិការភាព ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់។ 
 
អង្គការសហប្រជាជាតិ បានបង្ហាញទៀតថា ពលរដ្ឋកម្ពុជាចំនួន១,៥ម៉ឺននាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់ ដូចជា៖ ជំងឺមហារីកសួត រលាកស្រោមខួរ ជាដើម។ ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យខាតបង់ទឹកប្រាក់៦៤៩លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង៣ភាគរយនៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា។ ក្នុងនោះ មាន៥៨៤លានដុល្លារ បណ្ដាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច គឺមរណភាពមុនអាយុកំណត់, ផលិតភាពធ្លាក់ចុះ ពីការសម្រាកទៅជក់បារី និង អវត្តមានពីការងារ...៕

ព័ត៌មានទាក់ទង