
យុវជន ស្រឿន ម៉េងឡុង ជាម្ចាស់ជ័យលាភីរចនាឡូហ្គោផ្លូវការសម្រាប់ខួបអនុស្សាវរីយ៧០ឆ្នាំ រវាងកម្ពុជា-ជប៉ុន
ភ្នំពេញ៖ យុវជន ស្រឿន ម៉េងឡុង ជាម្ចាស់ជ័យលាភីរចនាឡូហ្គោផ្លូវការសម្រាប់ខួបអនុស្សាវរីយ៧០ឆ្នាំ រវាងកម្ពុជា-ជប៉ុន។ ឡូហ្គោដែលនិស្សិតឆ្នាំទី៤រូបនេះ បានរចនា បង្ហាញពីកិច្ចសហការជានិរន្ដរ៍ និងចំណងមិត្តភាពដ៏មានអត្ថន័យបំផុតរវាងកម្ពុជា និងជប៉ុន។
នេះមិនមែនជាលើកទី១ទេ ដែលយុវជន ស្រឿន ម៉េងឡុង ចូលរួមប្រកួតប្រជែងរចនាឡូហ្គោបែបនេះ ពោលគឺរូបគេតែងតែចូលរួមប្រកួតប្រជែងលើការរចនាឡូហ្គោ និងរូបភាពជាច្រើន។ និស្សិតឆ្នាំទី៤ ជំនាញក្រាបហ្វិក នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរូបនេះ បានប្រើពេលកន្លះខែ ក្នុងការរចនាឡូហ្គោផ្លូវការសម្រាប់ខួបអនុស្សាវរីយ៧០ឆ្នាំ រវាងកម្ពុជា-ជប៉ុន។
យុវជន ស្រឿន ម៉េងឡុង ជាម្ចាស់ជ័យលាភីរចនាឡូហ្គោផ្លូវការសម្រាប់ខួបអនុស្សាវរីយ៧០ឆ្នាំ រវាងកម្ពុជា-ជប៉ុន កំពុងរៀបរាប់អត្ថន័យនៃឡូហ្គោ។ រូបភាព៖ ញឹក ស្រីល័ក្ខ
«ចំពោះខ្ញុំ អត្ថន័យនៃចំណងការទូតរយៈពេល៧០ឆ្នាំរវាងកម្ពុជា-ជប៉ុន វាពិតជាមានអត្ថន័យសំខាន់។ ក្នុងការចូលរួមរចនាឡូហ្គោនេះ ខ្ញុំបានរចនាលេខ៧០ ដោយលេខ៧ តំណាងឱ្យកម្ពុជា និងលេខ០តំណាងឱ្យជប៉ុន»។ នេះជាការលើកឡើងរបស់យុវជន ស្រឿន ម៉េងឡុង ដោយបន្ថែមថា លេខ៧ រចនាដោយមានទង់ជាតិខ្មែរ និងជហ្វានៅខាងលើ ដែលជារចនាប័ទ្មរបស់ខ្មែរ។ ដោយឡែក លេខ០ រចនាជារូបផ្កាសាគូរ៉ា ចំនួន ៧ ដោយក្នុងមួយផ្កាតំណាងឱ្យ១០ឆ្នាំ។ និស្សិតវ័យ២៣ឆ្នាំរូបនេះ អះអាងថា អត្ថន័យនៃរូបឡូហ្គោនេះ បង្ហាញពីកិច្ចសហការជានិរន្តរ៍ និងចំណងមិត្តភាពដ៏មានអត្ថន័យបំផុតរវាងកម្ពុជា និងជប៉ុន។
បើតាម ម៉េងឡុង ការរចនាដែលរំលេចរចនាប័ទ្មខ្មែរ ព្រោះកម្ពុជា ជាប្រទេសមានវប្បធម៌ចំណាស់ ផ្សារភ្ជាប់នឹងអត្តសញ្ញាណស្ថាបត្យកម្មផ្សេងៗ។ ការចូលចិត្តរចនា និងជាជំនាញដែលខ្លួនកំពុងរៀន យុវជន ស្រឿន ម៉េងឡុង មិនដែលរំលងក្នុងការប្រកួតប្រជែងឡើយ។ ការចូលចិត្តទាំងនេះ បានរុញច្រានឱ្យ ម៉េងឡុង ដាក់ពាក្យចូលរួមប្រកួត រហូតទទួលបានជ័យលាភីពីស្ថានទូតជប៉ុន នៅថ្ងៃទី៩ មករានេះ។ ក្នុងពេលទទួលបណ្ណសរសើរពីស្ថានទូតជប៉ុន យុវជន ម៉េងឡុង បង្ហាញអារម្មណ៍រីករាយបែបនេះ៖«ខ្ញុំពិតជាមានក្ដីសប្បាយរីករាយ ដែលបានចូលរួមក្នុងកិច្ចការរចនាសម្រាប់ខួបលើកទី៧០ នៃចំណងការទូតរវាងកម្ពុជា និងជប៉ុន»។
តាមរយៈជ័យលាភីនេះ យុវជន ស្រឿន ម៉េងឡុង ជំរុញដល់យុវជនដែលស្រឡាញ់លើការរចនារូបភាព ឬឡូហ្គោ គួរចូលរួមប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗ។ ម៉េងឡុង បន្តថា ការចូលរួមប្រកួតប្រជែងនេះ ក៏អាចជាការបង្ហាញសមត្ថភាពរបស់ខ្លួនឯងផងដែរ។ សូមបញ្ជាក់ថា ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន។ នៅថ្ងៃទី៩ មករានេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏បានរៀបចំកម្មពិធីរំឭកខួបលើកទី៧០ផងដែរ៕
-
ដោយ៖ ញឹក ស្រីល័ក្ខ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

