ផ្លូវជាតិលេខ៧ត្រូវបានធ្វើឡើងវិញ ក្រោមកម្ចីជាង១០០លានដុល្លារ ពីចិន

10/01/2023 9:37 am ភ្នំពេញ


ដោយ: ញឹក សំអូន
រដ្ឋបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៧ឡើងវិញ ចាប់ពីរង្វង់មូលស្គន់ទីរួមស្រុកជើងព្រៃដល់ទីរួមខេត្តកំពង់ចាម ក្រោមកម្ចីសម្បទានជាង១០០លានដុល្លាររបស់រដ្ឋាភិបាលប្រទេសចិន។ ផ្លូវដែលមានប្រវែង៤៥គីឡូម៉ែត្រ នឹងត្រូវធ្វើឡើងជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ។



កំណាត់ផ្លូវជាតិលេខ៧នឹងត្រូវពង្រីកពី២គន្លងទៅ៤គន្លងដោយមានសួនពុះទ្រូងផ្លូវប្រវែង១.៥ម៉ែត្រ ផងដែរ។ ផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់ឡើងវិញនៅថ្ងៃទី៩មករា ហើយ គ្រោងបញ្ចប់នៅឆ្នាំ២០២៦។ ក្នុងពិធី បើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃរហូតដល់ទីរួមខេត្តកំពង់ចាម លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលើកឡើងថា​ រដ្ឋគ្រោងចំណាយប្រមាណ១១៧លានដុល្លារអាម៉េរិក ក្នុងការសាងសង់ផ្លូវនេះឡើងវិញ។ 

ថវិកាទាំងនោះ គឺបានពីឥទានសម្បទានរបស់ប្រទេសចិន រួមជាមួយថវិកាបដិភាគរមួយចំនួនបស់រដ្ឋាភិបាល»។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល​ ដោយបានបន្តថា​ ផ្លូវជាតិលេខ៧ដែលត្រូវសាងសង់ឡើងវិញនេះ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដែលតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅខេត្តកំពង់ធំ សៀមរាប និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។
 
កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦ និងផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិ។  បើតាមលោករដ្ឋមន្ត្រីសាធារណការ កំណាត់ផ្លូវជាតិនេះ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយ វ៉េយលេខ១១(AH11) ដែលតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ឆ្ពោះទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជា និងតភ្ជាប់ជាមួយបណ្តាញ ខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ (GMS) ផងដែរ។

ការសាងសង់ផ្លូវនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CABC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ាន់ អាន។   គម្រោងធ្វើផ្លូវនេះ មានបញ្ចូលនូវការសាងសង់ស្ពានថ្មី ១កន្លែង ប្រវែង៤០ម៉ែត្រជាមួយទទឹង ២៤ម៉ែត្រ, ស្ពានថ្មី៦កន្លែងផ្សេងទៀតប្រវែងសរុប ១០៦ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ ដែលមានស្រាប់១កន្លែង ទទឹង ១០,៥ម៉ែត្រ។ នៅតាមផ្លូវនឹងមានបំពាក់កាមេរ៉ា ត្រួតពិនិត្យ ល្បឿនរថយន្ត២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យ ប្រវត្តិ (AI and Weigh-in-Motion) ២កន្លែង និងបំពាក់ស្លាក សញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ ជាដើម​។ 


 
លោកស៊ុន ចាន់ថុល បានអះអាងដូច្នេះ៖ «ក្រោយពីបញ្ចប់ការសាងសង់ កំណាត់ផ្លូវជាតិនេះ នឹងក្លាយជាខ្សែផ្លូវមួយដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ»។
 
បើតាមលោករដ្ឋមន្រ្តីក្រសួងសាធារណ កំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា កាលពីឆ្នាំ១៩៩៩ ធ្លាប់បានស្ដារឡើងវិញម្ដងរួចមកហើយ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ។ កាលនោះកំណាត់ផ្លូវជាតិលេខ៧ រួមជាមួយស្ពានមិត្តភាពកម្ពុជា-ជប៉ុនស្ពានគីហ្សូណា ត្រូវបានសាងសង់ឡើង ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលប្រទេសជប៉ុន៕

ព័ត៌មានទាក់ទង