ត្រីបបែលយក្ស ៤ ក្បាល ត្រូវបានរកឃើញ ក្នុងឆ្នាំ២០២២

09/01/2023 9:28 am ភ្នំពេញ

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ ត្រីបបែលយក្សទឹកសាបចំនួន៤ក្បាល ត្រូវបានអ្នកនេសាទប្រទះឃើញ នៅឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។


ត្រីបបែលទាំងនោះ បានជាប់សន្ទួច និង ដោយ១ក្បាលបានងាប់ និងត្រី ចំនួន៣ ក្បាលទៀត  ត្រូវបានជួយសង្គ្រោះ ហើយលែងចូលជម្រកធម្មជាតិវិញ ដោយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ។
 
គម្រោងអច្ឆរិយភាពទន្លេមេគង្គ បានបង្ហាញពីសកម្មភាពលែងត្រីបបែលទឹកសាបចូលជម្រកធម្មជាតិក្នុងទន្លេមេគង្គវិញ បន្ទាប់ពីសង្គ្រោះបាននៅក្នុងតំបន់ភាគខាងលើទន្លេមេគង្គ។  ការបញ្ចេញព័ត៌មានត្រីបបែលទាំងនេះក៏បានធ្វើឱ្យពិភពដឹងថា នៅក្នុងប្រទេសកម្ពុជាពិតជាមាន សេសសល់វត្តមានត្រីប្រភេទកម្រនៅក្នុងខេត្តស្ទឹងត្រែងពិតប្រាកដមែន។
 
បើតាមគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ត្រីបបែលទាំង៣ក្បាលដែលមានជីវិតនឹងត្រូវបានលែងចូលក្នុងទន្លេវិញនោះ ជាត្រីញីទាំងអស់។ ត្រីបបែលដំបូង ត្រូវបានរកឃើញនៅថ្ងៃទី៥
ខែឧសភា ឆ្នាំ២០២២ មានទម្ងន់១៣៩គីឡូក្រាម  ។ ត្រីបបែលទី២  ត្រូវបានរកឃើញនៅថ្ងៃទៅ២២ ខែមិថុនា ឆ្នាំ២០២២ មានទម្ងន់១៤៣ គីឡូក្រាម និងត្រីបបែកទី៣ មានទម្ងន់ ២៩៣គីឡូក្រាម​ ត្រូវបានរកនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

បបែលឃើញលើកទី១ រូបភាពដោយ លោក ឈុត _ឈាណា

ក្រៅពីត្រីបីក្បាលដែលបានលែងនោះ ក៏មានត្រីបបែលភេទញីមួយក្បាលទៀត ត្រូវបានប្រទះឃើញ ប៉ុន្ដែបានងាប់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានទម្ងន់១៨០ គីឡូក្រាម។ ចំពោះសពរបស់វាត្រូវបានយកទៅធ្វើសំណាកដើម្បីតាំងបង្ហាញឱ្យសិស្សានុសិស្ស និងសាធារណជនស្វែងយល់បន្ថែម នៅក្នុងមន្ទីរពិសោធនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប។ 
 
អ្នកស្រី ជា សីលា ជាអ្នកគ្រប់គ្រង និងសម្របសម្រួលគម្រោងអច្ឆរិយនៃភាពទន្លេមេគង្គប្រាប់សារព័ត៌មានThmeyThmey25ថា ត្រីបបែលទាំងអស់ ដែលអ្នកនេសាទប្រទះឃើញគឺមានទំហំ និងប្រវែងដងខ្លួនខុសគ្នាទាំងអស់ ហើយត្រីឃើញលើកចុងក្រោយនេះមានទំហំធំជាង។ អ្នកស្រី ជា សីលា បានបញ្ជាក់ដូច្នេះ៖ « ត្រីដែលបានលែងចូលជម្រកធម្មជាតិវិញមានខ្លះត្រូវបានដាក់បន្ទះឈីបដើម្បីកំណត់សម្គាល់ ប៉ុន្ដែមានខ្លះមិនទាន់បានដាក់នៅឡើយទេ»។
បបែលឃើញលើកទី២ រូបភាពដោយ លោក ឈុត _ឈាណា

គួរជម្រាបថា ត្រីបបែលយក្ស ត្រូវបានគេចាត់ទុកជា ប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា។ ត្រីបបែលយក្ស មានឈ្មោះវិទ្យាសាស្រ្ត (Urogymnus polylepis) និងឈ្មោះជាភាសាអង់គ្លេស Giant freshwater whipray។ វាអាចធំលូតលាស់ដល់ប្រវែងទទឹងដងខ្លួន ២៤០សង់ទីម៉ែត្រ និងទម្ងន់រហូតដល់ ៦០០គីឡូក្រាម។ ត្រីបបែលយក្សនេះ អាចមានប្រវែងរហូតដល់ជាង៥ម៉ែត្រ បើគិតរួមទាំងកន្ទុយវា។ ត្រីបបែល ក៏ជាត្រីមួយនៅក្នុងចំណោមត្រីមានទំហំធំបំផុតនៅលើផែនដីផងដែរ។

បច្ចុប្បន្នត្រីបបែលយក្សប្រភេទនេះស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រភេទត្រីបបែល «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ Endangered (EN)» ក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List៕

ព័ត៌មានទាក់ទង