
រមណីយដ្ឋានអង្គរ មានអរិយធម៌លាតសន្ធឹងល្បីរន្ទឺឆ្ងាយជាងអាណាចក្ររបស់ខ្លួនទៅទៀត។ កេរដំណែលរបស់ដូនតាដ៏ច្រើនលើសលុប ដែលស្ថិតក្នុងរមណីយដ្ឋានអង្គរ នាំឱ្យកូនខ្មែរគ្រប់រូប ចងចាំពីអតីតកាលរបស់ខ្លួន និងផ្ដល់ក្ដីសង្ឃឹមសម្រាប់បច្ចុប្បន្ន និងអនាគត។ ស្នាដៃដ៏រស់វវើកទាំងនេះ បានឆ្លងកាត់ពេលវេលាជាច្រើនសតវត្ស រហូតក្លាយជាអត្តសញ្ញាណជាតិ។ តាមរយៈប្រាសាទ ដូនតាខ្មែរ នៅតែជាអ្នកថែរក្សា និងផ្ដល់ការជឿជាក់ រហូតពលរដ្ឋខ្មែរភាគច្រើន ចាត់ទុកថា ប្រាសាទនានា មានបារមីយ៉ាងស័ក្ដិសិទ្ធិ។
ប្រាង្គប្រាសាទ និងបុរាណស្ថាន ត្រូវបានព្រះមហាក្សត្រ សាងសង់សម្រាប់បុព្វការីជន និងខ្លះទៀតសង់សម្រាប់ជាកិច្ចបូជាផ្ទាល់។ លុះចំណេរតមក ប្រជាជនខ្មែរគ្រប់រូប តែងតែមានជំនឿយ៉ាងមុតមាំចំពោះប្រាង្គប្រាសាទ ព្រៃឈើ និងបុរាណស្ថាននានា នៅតំបន់អង្គរ ។ អ្នកភូមិក្នុងតំបន់អង្គរ តែងតែរក្សាប្រពៃណី និងវប្បធម៌ របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។
ប្រជាជនខ្មែរ មកពីគ្រប់ទិសទី បានមកបន់ស្រន់សុំសេចក្ដីសុខ ដើម្បីជម្រះអស់រឿងសៅហ្មងទាំងឡាយ និងប្រាថ្នា ជួបរឿងល្អៗ ពីអ្នកថែរក្សារមណីយដ្ឋានអង្គរ។ នៅក្នុងប្រាសាទអង្គរវត្ត មានទីសក្ការៈជាច្រើនកន្លែង ដែលប្រជាជនខ្មែរ និងបរទេស តែងតែ មកថ្វាយបង្គំ និងប្រាប់រឿងរ៉ាវក្នុងជីវិតទៅកាន់អង្គរទីសក្ការៈនានា។ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូឯកសារខាងក្រោម៖
-
© រក្សាសិទ្ធិដោយ thmeythmey25.com

