រដ្ឋ ប្រមូលពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញបានដល់ ១ ៦៨០លានដុល្លារ

06/01/2023 12:07 pm ភ្នំពេញ

រដ្ឋាភិបាល​តាមរយៈអគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធលើប្រាក់ចំណូល និង ប្រាក់ចំណេញ​បានដល់ ៦ ៨៩២ ២១៦លានរៀល(ប្រមាណ១ ៦៨០លានដុល្លារអាម៉េរិក) ដែលលើសផែនការដល់២៥,៧៥ភាគរយនៃច្បាប់។ ចំណូលដែលកម្ពុជាទទួលបាននេះ គិតត្រឹមរយៈពេល១១ខែប៉ុណ្ណោះនៃឆ្នាំ២០២២។



របាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល​ប្រចាំខែវិច្ឆិកា​ ឆ្នាំ២០២២ ដែលទើបចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៤មករានេះ បានបង្ហាញថា ក្នុងចំណោមថវិកាចំនួន១ ៦៨០លានដុល្លារ​ ដែលរដ្ឋប្រមូលបានពីពន្ធលើចំណូល និងប្រាក់ចំណេញនោះ គឺមានប្រមាណ១ ៣៩៦លានដុល្លារបានពីនិតីបុគ្គល និងជាង២៨៤លានដុល្លារទៀត បានពីរូបវន្តបុគ្គល។ 
 
ស្ថិតិដដែលបានរៀបរាប់ថា ផ្អែកតាមទិន្នន័យខាងលើ គិតជាមធ្យមក្នុងមួយខែ រដ្ឋប្រមូលចំណូលពន្ធលើប្រាក់ចំណូល និង ប្រាក់ចំណេញ បានយ៉ាងហោចណាស់១៤០លានដុល្លារ។ 
 
កាលពីថ្ងៃទី៣០ធ្នូ ២០២២ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានលើកឡើងថា កម្ពុជាទទួលបានចំណូលប្រចាំឆ្នាំ ពីគយ និង ពន្ធដារប្រមាណ៦០០០លានដុល្លារអាម៉េរិក។ ចំណូលដែលសម្រេចបាននេះ គឺលើសផែនការដល់ក្នុងរង្វង់២៦ភាគរយ។ 
 
ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣ នោះ សម្តេចហ៊ុន សែន​ បានបន្ថែមថា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលចូលជាតិ បាន ៣ ៤៣៧លានដុល្លារ។ ចំណូលនេះ គឺស្មើនឹង១២១,៩១ភាគរយ​ ខណៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារកចំណូលបាន ២ ៦៧០លានដុល្លារ ដែលស្មើនឹង១០៤,១៥ភាគរយ នៃផែនការប្រចាំឆ្នាំ២០២២របស់រដ្ឋាភិបាល៕ 

ព័ត៌មានទាក់ទង