ក្រសួងមហាផ្ទៃ បង្កើតភូមិថ្មីចំនួន ១៥ភូមិ ក្នុងខេត្តពោធិ៍សាត់

រូបភាពសាលាខេត្តពោធិ៍សាត់។ រូបភាពពីរដ្ឋបាលខេត្តពោធិ៍សាត់

05/01/2023 12:00 pm ពោធិ៍សាត់

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបង្កើតភូមិថ្មីចំនួន ១៥ភូមិបន្ថែមទៀត ក្នុងមូលដ្ឋានខេត្តពោធិ៍សាត់។ ការបង្កើតភូមិនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋបាលខេត្តពោធិ៍សាត់។ នេះបើតាមប្រកាសដែលចុះហត្ថលេខាដោយសម្ដេច ស ខេង កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២។



ក្នុងក្រុងពោធិ៍សាត់ មានភូមិថ្មីចំនួន ៧ភូមិ រួមមានភូមិបរវង្ស, ភូមិផ្ទះព្រៃ, ភូមិសំពៅមាស, ភូមិចំការចេក, ភូមិថ្មបីដុំ, ភូមិអូរត្រាវ និងភូមិឈើទាលរូង។ ភូមិបរវង្ស ជាភូមិថ្មី ដែលបំបែកចេញពីភូមិទួលគ្រួស នៃសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់។ 

ចំណែក ភូមិផ្ទះព្រៃ ត្រូវបានបំបែកចេញពីភូមិពាលញែក១, ភូមិសំពៅមាស បំបែកចេញពីភូមិពាលញែក២ និងភូមិចំការចេក បំបែកចេញពីភូមិចំការចេកខាងជើង នៃសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ រីឯសង្កាត់រលាប ក្នុងក្រុងពោធិ៍សាត់ ក៏មានភូមិថ្មីចំនួន៣ដែរ រួមមានភូមិថ្មបីដុំ ជាភូមិថ្មីបំបែកចេញពីភូមិអូរថ្កូវ, ភូមិអូរត្រាវ បំបែកចេញពីភូមិរលាប និងភូមិឈើទាលរូង បំបែកចេញពីភូមិព្រៃឱម៉ាល់។ 


រូបភាពពីរដ្ឋបាលខេត្តពោធិ៍សាត់
បើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ក្នុងឃុំកញ្ជរ ស្រុកកណ្ដៀង នៃខេត្តពោធិ៍សាត់ មានភូមិថ្មីចំនួន ២ រួមមាន ភូមិតាម៉ៅ បំបែកចេញពីភូមិព្រែកត្របែក និងភូមិប្រឡាយធំ បានបំបែកចេញពីភូមិទួលទទឹង។ ដោយឡែក ភូមិព្រាល ត្រូវបានបំបែកចេញពីភូមិនិគមន៍លើ នៃឃុំស្វានដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សម្រាប់ស្រុកក្រគរ ខេត្តពោធិ៍សាត់វិញ មានភូមិថ្មីចំនួន២ រួមមាន ភូមិស្រគំ បានបំបែកចេញពីភូមិក្រឡាញ់ នៃឃុំក្បាលត្រាច និងភូមិក្រាំងខឿន បំបែកចេញពីភូមិផ្ទះចេក និងភូមិឈើទែប នៃឃុំឈើតុំ។ ក្រឡេកទៅមើលស្រុកភ្នំក្រវ៉ាញ មានភូមិចំនួន ៣ រួមមាន ភូមិរគោ ដែលបំបែកចេញពីភូមិអង្រ្គង នៃឃុំសំរោង, ភូមិអូរ បំបែកចេញពីភូមិព្រងិល នៃឃុំព្រងិល និងភូមិព្រៃអណ្ដូង បំបែកចេញពីភូមិអូរបាក់ត្រា នៃឃុំព្រងិល។

គួរបញ្ជាក់ថា ក្រៅពីបង្កើតភូមិថ្មីក្នុងខេត្តពោធិ៍សាត់ រដ្ឋាភិបាលក៏បានបង្កើតស្រុក-ក្រុងថ្មីមួយចំនួនផងដែរ។ ស្រុក-ក្រុងថ្មីទាំងនោះ រួមមាន ស្រុកអូរគ្រៀលសែនជ័យ នៃខេត្តក្រចេះ, ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្ដាល, ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ ដែលបំបែកពីស្រុកឧដុង្គ៕

ព័ត៌មានទាក់ទង