ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភា្ជប់ គ្រោងចំណាយថវិកាជាង១១៤លានដុល្លារ

02/01/2023 5:25 pm ភ្នំពេញ

ភ្នំពេញ៖ គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៤ លានដុល្លារ ដែលអាចប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ។ ស្ពាននេះ អាចនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។



ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនេះ មានបណ្តោយសរុបប្រវែង ១ ៨៦១ម៉ែត្រ   និងមានទទឹង ១៣,៥ម៉ែត្រ។ ដោយឡែក ផ្លូវតភ្ជាប់ មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ ក្នុងនោះ មានដូចជា ផ្លូវតភ្ជាប់ពីក្បាលស្ពាន មានប្រវែង ១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ  មានប្រវែង ១៦,២០៨ គីឡូម៉ែត្រ។ គម្រោងសាងសង់នេះ គ្រោងចំណាយថវិកាសាងសង់ជាង ១១៤ លានដុល្លារអាមេរិក។ 

ជាមួយគ្នានេះ ស្ពានដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានត្រើយខាងលិចទន្លេមេគង្គ ឆ្លងកាត់ផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង និងខេត្តកំពង់ចាម នៅផ្នែកខាងក្រោមទន្លេមេគង្គ។ ចំណែក នៅត្រើយខាងកើតនៃទន្លេមេគង្គវិញ គឺតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ ទៅផ្លូវជាតិលេខ៧ ទៅខេត្តកំពង់ចាម ខេត្តព្រៃវែង និងរាជធានីភ្នំពេញ។

បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពាននេះ ជាស្ពានទី១១ ក្នុងចំណោម ស្ពានធំៗ ដែលកម្ពុជាបានសាងសង់ក្រោមឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន។   

បច្ចុប្បន្ន កម្ពុជាសាងសង់ស្ពានក្រោមទានឥតសំណងពីមិត្តចិន មានស្ពាន១០ហើយកំពុងដំណើរការ ក្នុងនោះរួមមាន ស្ពានមិត្តភាពកម្ពុជា-ចិន សេកុងស្ទឹងត្រែង,ស្ពានព្រែកក្ដាម, ស្ពានព្រែកតាមាក់, ស្ពានជ្រោយចង្វារទី២, ស្ពានមេគង្គស្ទឹងត្រែង, ស្ពានតាខ្មៅ, ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ, ស្ពានមិត្តភាពកម្ពុជា-ចិន សែនសុខ, ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់- ក្រូចឆ្មារ និងស្ពានមិត្តភាពកម្ពុជា-ចិន(សិត្បូ)។ 

សូមបញ្ជាក់ដែរ គម្រោងសាងសង់ស្ពាននេះ នឹងបញ្ចូលការសាងសង់ស្ពានមធ្យមចំនួន ៤កន្លែង ដែលប្រវែងសរុប ៣៨៤ ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ជាដើម៕

ព័ត៌មានទាក់ទង