លោក អ៊ិត សុភាព មានមោទកភាពចំពោះរូបសំណាកមេទ័ពទាំង១២ដែលលោកស្មិត

01/01/2023 9:20 am សៀមរាប

សៀមរាប៖ រូបសំណាកមេទ័ពទាំង១២នៅសម័យអង្គរ ដែលដាក់តាំងនៅបរិវេណមុខព្រះរាជដំណាក់ ខេត្តសៀមរាប បានក្លាយជាគោលដៅទេសចរណ៍មួយបន្ថែមទៀតក្នុងខេត្តវប្បធម៌មួយនេះ។ សាធារណជនបានកោតសរសើរចំពោះស្នាដៃសិល្បៈ ការសូនរូប និងស្មិតជារូបរាងមេទ័ពដ៏អង់អាង។

ស្ថិតក្នុងវ័យ៤០ឆ្នាំ លោក អ៊ិត សុភាព បានចាប់យកជំនាញស្មិតរូបពីស្ពាន់ប្រមាណ៣០ឆ្នាំមកហើយ ហើយលោកកំពុងរីករាយជាមួយជំនាញមួយនេះ។ ក្នុងរោងសិប្បកម្មធំល្មម ដែលមានទីតាំងនៅភូមិ តាកុស ឃុំព្រះដាក់ ស្រុកបន្ទាយស្រី សិល្បករ អ៊ិត សុភាព និងកូនជាងប្រមាណជាង១០នាក់ទៀត កំពុងបំពេញការងារទៅតាមផ្នែកនីមួយៗ។


កំពុងសូនរូបមុខព្រហ្មនៅក្នុងរោងសិប្បកម្ម សិល្បករ អ៊ិត សុភាព កំពុងផ្ចង់អារម្មណ៍ជាមួយការងារខ្លួន និងឆ្លៀតផ្តល់បទសម្ភាសជាមួយនឹងអ្នកសារព័ត៌មាន។ លោកប្រាប់ថា បានទទួលការងារដំឡើងរូបមេទ័ពទាំង១២នេះ ពីក្រសួងព្រះបរមរាជវាំង ដែលធ្លាប់ស្គាល់ពីស្នាដៃសិល្បៈរបស់លោក។

លោក អ៊ិត សុភាព និងក្រុមជាងច្រើននាក់ បានដំឡើងរូបសំណាកធ្វើពីស្ពាន់ និងកម្ពស់២ម៉ែត្រ១តឹក ទាំង១២ រយៈពេលជាងមួយឆ្នាំ។ ដ្បិតមានការលំបាកបន្ដិច តែសិល្បករមិនសូវសំដីរូបនេះអះអាងថា លោករីករាយចំពោះស្នាដៃមួយនេះ ហើយក៏ជារូបសំណាកមេទ័ពដំបូងដែលលោកធ្វើក្នុងអាជីពការងារ មួយនេះ។ លោក សុភាព ធ្លាប់តែស្មិតរូបព្រះ ព្រះវិណ្ណុ អប្សរា និងរូបសំណាកផ្សេងទៀត ប្រមាណ៣០ឆ្នាំ មកនេះ។

ជាកូនទី៥ ក្នុងគ្រួសារមានបងប្អូន៧នាក់ លោក អ៊ិត សុភាព មានឪពុកជាគ្រូផ្នែកសូនរូប និងស្មិត នៅសាលាភូមិន្ទវិចិត្រសិល្បៈ ឬហៅថាសាលារចនានារាជធានីភ្នំពេញ។ ក្រោយមក ឪពុករបស់លោក បាននាំគ្រួសារមករស់នៅខេត្តសៀមរាបរហូតដល់សព្វថ្ងៃ។ បងប្អូនទាំង៧នាក់ក្នុងគ្រួសារមួយនេះ មានតែ២នាក់ទេ ដែលកំពុងស្នងដំណែងជំនាញសិល្បៈពីគ្រួសារ។

ជាសិល្បករដែលខំស្វះស្វែងរក្សាមរតកវប្បធម៌ពីបុរាណ សិល្បករ អ៊ិត សុភាព បានមើលឃើញពីការ ធ្លាក់ចុះនៃការមិនសូវអើពើរៀនសូត្រផ្នែកសិល្បៈពីក្មេងជំនាន់ក្រោយ។ លោកបារម្ភចំពោះការបាត់បង់ មរតកមួយនេះ ដែលបុព្វបុរសខ្មែរបានបន្សល់ទុក។ ជាការងារដែលទាមទារការព្យាយាម និងមាន ទេពកោសល្យពីកំណើតផង សិល្បកររូបនេះ ចង់ឃើញយុវជនខ្មែរយកចិត្តទុកដាក់រៀនជំនាញមួយនេះ ហើយលោករង់ចាំផ្ទេរជំនាញទៅកាន់ពួកគេជានិច្ច៕

ព័ត៌មានទាក់ទង