សាលាសិល្បៈសូនរូប និងសារព័ត៌មានថ្មីៗ នឹងមានកិច្ចពិភាក្សា ប្រវត្តិ «ទឹក»នាសម័យអាណាចក្រអង្គរ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣

02/01/2023 2:00 pm សៀមរាប

សៀមរាប៖ កិច្ចពិភាក្សាស្តីពីប្រវត្តិទឹកនាសម័យអាណាចក្រអង្គរក្នុងកម្មវិធី«សិល្បៈ ខ្មែរពីតំបន់អង្គរ»នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ខែមករាឆ្នាំ២០២៣ខាងមុខនេះនៅក្នុងទីក្រុង ប្រាសាទនៃខេត្តសៀមរាប។ កម្មវិធីនេះធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលសិល្បៈ Blue Art Center នៅទីក្រុងសៀមរាបនៅវេលាម៉ោង២ និង៣០នាទី នាពេលរសៀល។ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ដែលទទួលបានសញ្ញាបត្របណ្ឌិតផ្នែកប្រព័ន្ធធារាសាស្រ្តពីប្រទេសបែលហ៊្សិក គឺជាវាគ្មិននៅក្នុងកម្មវិធីពិភាក្សាខាងលើ។ លោក គី សុខលីម អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) គឺជាអ្នកសម្របសម្រួលកិច្ចពិភាក្សា។ 



ទឹកក្នុងសម័យអាណាចក្រអង្គរមានដំណើរដើមទងយ៉ាងដូចម្តេច? តើប្រព័ន្ធធារាសាស្រ្តនៅតំបន់អង្គរកសាងភាគច្រើននៅក្នុងសតវត្សរ៍ណា? តើហេតុអ្វីទឹកនាសម័យអាណាចក្រអង្គរស្ថិតក្នុងជំនឿរបស់ប្រជាពលរដ្ឋនាសម័យនោះ(រូបចម្លាក់លិង្គ១០០០នៅជើងភ្នំគូលែន)? តើទឹកមានសារៈសំខាន់អ្វីខ្លះចំពោះប្រាសាទ(ទឹកសាងអង្គរ)? ហេតុអ្វីបានគេធ្លាប់ហៅរាជធានីអង្គថា ជាទីក្រុងទឹក? តើទឹកមានសារៈសំខាន់អ្វីខ្លះចំពោះជីវិតនៃប្រជាពលរដ្ឋនាសម័យដើម(កសិកម្ម-ជំនួញ)? 

តើការប្រើប្រាស់ទឹកក្រោមដីនាសម័យបច្ចុប្បន្នអាចប៉ះពាល់គ្រឹះប្រាសាទឬទេ? តើប្រព័ន្ធធារាសាស្រ្តសម័យអតីតកាលអាចឆ្លើយតប ឬមានភាពធន់ទៅទៅនឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្នឬទេ? តើប្រព័ន្ធធារាស្រ្តសម័យដើមមានទំនាក់ទំនងជាមួយ ទន្លេសាបឬទេ? 
សំណួរខាងលើនេះនឹងត្រូវបកស្រាយដោយឯកឧត្តម ហង់ ពៅ តាមរយៈការសាកសួររបស់លោក គី សុខលីម អ្នកសារព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com)។ 

សារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com), Cambodianess.com និងមជ្ឈមណ្ឌលសិល្បៈ Blue Art Center នៅទីក្រុងសៀមរាប គឺជាអ្នករៀបចំវេទិកាពិភាក្សាតុមូល។ ការចូលរួមទស្សនាធ្វើឡើងដោយសេរី និងមិនយកកម្រៃ ប៉ុន្តែកន្លែងមានកំណត់។ សូមមេត្តាទំនាក់ទំនងជាមុន តាមរយៈ Telegram របស់អ្នកស្រី មាលា (០១២ ៧០៥ ៣០៣)!។  



តើអ្វីទៅជាកម្មវិធី«សិល្បៈខ្មែរពីតំបន់អង្គរ»? នេះ គឺជាកម្មវិធីថ្មីមួយដែលទើបបង្កើតឡើងរួមគ្នារវាងសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com), Cambodianess.com និងមជ្ឈមណ្ឌលសិល្បៈ Blue Art Center នៅទីក្រុងសៀមរាប ខេត្តសៀមរាប។ កម្មវិធីនេះ មានទម្រង់ជាកិច្ចពិភាក្សា ឬជាវេទិកាពិភាក្សារវាងអ្នកជំនាញវប្បធម៌ សិល្បៈ ប្រវត្តិសាស្រ្ត សេដ្ឋកិច្ច។ល។ 
 
គោលបំណងនៃកម្មវិធី គឺធ្វើយ៉ាងណាឲ្យវប្បធម៌ សិល្បៈ ប្រវត្តិសាស្រ្តខ្មែរនៅតំបន់អង្គរត្រូវបានចងក្រង និងផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់មហាជនខ្មែរ និងទៅកាន់ជនបរទេស។ កម្មវិធីនេះ គឺជាផ្នែកមួយជួយជំរុញវិស័យទេសចរណ៍វប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្រ្តនៅរមណីយដ្ឋានអង្គរ៕ 



 

ព័ត៌មានទាក់ទង