សុំបើកអាជីវកម្មរោងពុម្ពផ្តាច់មុខ មេភូមិ មេឃុំ យល់ព្រម តែប្តូរចិត្តវិញ ក្រោយរងការរិះគន់

29/12/2022 4:05 pm ភ្នំពេញ

ដោយ: អ៊ូ សុខមាន (OU Sokmean)

លិខិតស្នើសុំបើកអាជីវកម្មរោងពុម្ពស្របច្បាប់ផ្តាច់មុខនៅឃុំមួយ នៃខេត្តបន្ទាយមានជ័យ រងនូវការរិះគន់យ៉ាងខ្លាំងក្នុងបណ្តាញសង្គម។ លិខិតស្នើសុំនោះ ត្រូវបានមេភូមិ និងមេឃុំ ចុះហត្ថលេខាឯកភាព កាលពីថ្ងៃទី២៧ ខែធ្នូ ប៉ុន្តែរលកនៃការរិះគន់ បានធ្វើឲ្យអាជ្ញាមូលដ្ឋានក្នុងខេត្តបន្ទាយមានជ័យនេះ ចេញលិខិតនិរាករណ៍វិញ នារយៈពេល២ថ្ងៃបន្ទាប់។



ក្នុងលិខិតរបស់ខ្លួន បុរសឈ្មោះ វីរះ អាយុ៣៦ឆ្នាំ បានស្នើសុំបើកអាជីវកម្មបោះពុម្ពផ្តាច់មុខ នៅឃុំពន្លៃ ដែលមានឈ្មោះថា «រោងបោះពុម្ព វីរះសោមម៉ាទេវី បោះពុម្ព គ្រប់ប្រភេទ»។ «បើមានបុគ្គលណាបើកកន្លែងបោះពុម្ពក្នុងឃុំពន្លៃ លុះត្រាតែមានការអនុញ្ញាតពីរោងពុម្ពយើងខ្ញុំជាមុនសិន បើពុំដូច្នោះទេ បុគ្គលនោះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។ លោកបានស្នើយ៉ាងដូច្នេះ។
 
កាលពីថ្ងៃទី២៧ ខែធ្នូ លោក គ្រីប ឡាំ មេឃុំពន្លៃ និងតំណាងមេភូមិគោកតាសុខ សុទ្ធតែបានចុះហត្ថលេខា យល់ព្រម សុទ្ធតែបានចុះហត្ថលេខាយល់ព្រម តាមសំណើរបស់បុរសឈ្មោះ វីរៈ នោះ។
 
ឯកសារត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម ហើយការរិះគន់ក៏លេចឡើងព្រោងព្រាតផងដែរ ទាក់ទងនឹងការស្នើសុំអាជីវកម្មផ្តាច់មុខក្នុងទីផ្សារសេរី។ អ្នកខ្លះថែមទាំងលើកយកប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកកម្ពស់ការប្រកួតប្រជែងក្នុងទីផ្សារសេរី ដោយមិនអនុញ្ញាតឲ្យមានអាជីវកម្មផ្តាច់មុខ។
 
នៅថ្ងៃទី២៩ ខែធ្នូ ពោលគឺពីរថ្ងៃបន្ទាប់ពីការចែកចាយលិខិតពេញបណ្តាញសង្គម លោកមេឃុំពន្លៃ នៃស្រុកភ្នំស្រុក បានចេញលិខិតនិរាករណ៍ លើការសម្រេចរបស់ខ្លួន ហើយបានសូមអភ័យទោស អំពីសំណាក់មន្ត្រីរាជការគ្រប់ថ្នាក់ និងសាធារណជនទាំងអស់ ជាពិសេសពលរដ្ឋនៅភូមិទាំង៦ នៃឃុំពន្លៃផ្ទាល់។
 
«បន្ទាប់ពីមានការរិះគន់ពីសំណាក់បងប្អូន និងឃុំខ្លួនឯងបានឃើញថា មានកំហុសឆ្គងឆកល្វែងពីផ្លូវច្បាប់។ ដូចនេះ រដ្ឋបាលឃុំពន្លៃ សូមចេញលិខិតមោឃៈ និងនិរាករណ៍ចោល នូវលិខិតស្នើសុំបើកអាជីវរបស់លោក ទន់ វីរះ»។ លោក គ្រីប ឡាំ បានសរសេរយ៉ាងដូច្នេះ។
 
បញ្ជាក់បន្ថែមប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោកមេឃុំ បានទទួលស្គាល់ចំពោះការធ្វេសប្រហែសរបស់ខ្លួន។ លោកបានបញ្ជាក់ថា នៅពេលលោកចុះហត្ថលេខា ហើយឲ្យស្មៀននបោះត្រា លោកស្មានថា ជាលិខិតស្នើសុំរៀបអាពាហ៍ពិពាហ៍ និងលិខិតអ្វីផ្សេង ដែលស្ថិតក្នុងចំណោមឯកសារគរជាច្រើនលើគ្នា។
 
«ជាកំហុសអចេតនា»។ លោក គ្រីប ឡាំ បានអះអាងយ៉ាងដូច្នេះ ដោយលោកបានប្រញាប់ប្រញាល់សរសេរលិខិតនិរាករណ៍ ក្រោយមានការចែកចាយលិខិតចុះកាលពីថ្ងៃទី២៧ ខែធ្នូ នៅពេញបណ្តាញសង្គមហ្វេសប៊ុក៕

ព័ត៌មានទាក់ទង