ស្គាល់សារមន្ទីរខ្លែង នៅភ្នំពេញទេ?

21/02/2023 2:00 pm ភ្នំពេញ

ក្នុងចំណោមសារមន្ទីរ នៅរាជធានីភ្នំពេញ មានសារមន្ទីរខ្លែងមួយ ដែលគេមិនសូវស្គាល់។ សារមន្ទីរខ្លែង មានតាំងខ្លែងចំនួន ៤០គ្រឿង។ ខ្លែងខ្លះៗ ត្រូវឱ្យគេខ្ចីទៅបរទេស សម្រាប់ព្រឹត្តិការណ៍ផ្សេងៗ។ ភាគច្រើន គឺជាខ្លែងដែលជាប់លេខក្នុងមហោរស្រពខ្លែង ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញ ជាលើកទី១ កាលពីឆ្នាំ១៩៩៤ និងលើកទី២ នាឆ្នាំ១៩៩៦ និងលើកទី៣ នាឆ្នាំ១៩៩៩។ 


បន្ទាប់មក អ្នកជំនាញ ខ្លែងឯកស្ទើរតែទាំងអស់មកពីខេត្ត ត្រូវរៀបចំមហោរស្រពបន្តៗតាមខេត្តវិញ ដែលទុកខ្លែងជាប់លេខ ក្នុងសារមន្ទីរខេត្ត។ សារមន្ទីរខ្លែងនៅភ្នំពេញ ក៏មានទំនាក់ទំនងជាមួយភាគីនៅបរទេសដែរ។ នេះជាមូលហេតុដែលធ្វើឱ្យមានតាំងខ្លែង ដែលមកពីប្រទេសបរទេសខ្លះៗ ហើយខ្លែងខ្មែរមួយចំនួនទៅតាំងនៅបរទេស។

ខ្លែងត្រូវបានគេបង្កើតក្នុងចន្លោះពី ៥ ០០០ឆ្នាំ ទៅ ៩ ០០០ឆ្នាំ មុនគ្រិស្តសករាជ នៅតាមកោះរបស់ ប្រទេសឥណ្ឌូណេស៊ី នាពេលបច្ចុប្បន្ន។ ទំនងជាត្រូវបានបង្កើតខ្លែងមុនគេបង្អស់ ដោយប្រជានេសាទត្រី ដែលជិះទូកតាមសមុទ្រ ព្រោះពួកគេចេះប្រើកម្លាំងខ្យល់។ មុនពេលដែលខ្លែងត្រូវបានគេប្រើទូទាំងពិភពលោក វាបានរាលដាល នៅទូទាំងអាស៊ីអាគ្នេយ៍សិន។ យូរៗទៅ ប្រទេសនីមួយៗ បានបង្កើតប្រពៃណីផ្ទាល់ខ្លួន ទាក់ទងនឹងខ្លែង។ នៅប្រទេសកម្ពុជា គេលេងខ្លែង ប្រមាណ ២០០០ឆ្នាំមកហើយ។ ប៉ុន្តែគ្មាននរណាដឹងច្បាស់ថា ប្រភេទខ្លែងខ្មែរទាំងអស់ ដែលមានរូបរាងដូចក្នុងពេលបច្ចុប្បន្ននេះ មានតាំងពីពេលណាឡើយ។ សព្វថ្ងៃនេះ នៅសល់តែខ្លែងព្នង និងខ្លែងកណ្ដូងប៉ុណ្ណោះ ដែលគេនៅបង្ហើរ។

សារមន្ទីរខ្លែងត្រូវបានបង្កើតចុងឆ្នាំ២០០៣។ វាស្ថិតនៅមុខរដ្ឋសភា នៅរាជធានីភ្នំពេញ។ លោកអ្នក អាចចូលទស្សនាដោយឥតគិតថ្លៃ៕ 
 

ព័ត៌មានទាក់ទង