ត្រីរាជកម្រមួយក្បាលទម្ងន់៤៦គីឡូក្រាម ត្រូវបានលែងចូលទឹកទន្លេមេគង្គខេត្តកណ្ដាល

28/12/2022 10:00 am កណ្តាល

ភ្នំពេញ៖ ត្រីរាជមួយក្បាលទម្ងន់៤៦គីឡូក្រាម ត្រូវបានពាក់ស្លាក និងលែងចូលទៅក្នុងទឹកទន្លេវិញ។ អ្នកនេសាទ បាននេសាទត្រីនេះនៅភូមិស្វាយអាត់លើ ខេត្តកណ្ដាល។



ត្រីរាជមួយក្បាល មានទម្ងន់ ៤៦គីឡូក្រាម ប្រវែង ១៥៧សង់ទីម៉ែត្រ ដែលត្រូវអ្នកនេសាទ នេសាទបាននៅម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែឆ្នូ នៅតាមទន្លេមេគង្គ ត្រង់ភូមិសាស្ត្រភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ត្រីរាជនោះ ត្រូវបានលែង ចូលទន្លេមេគង្គ ដោយរដ្ឋបាលជលផលស្រុកខ្សាច់កណ្តាល សហការជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប។

លោក ថាច ថាណារ៉ា ប្រធានមន្ទីរពិសោធនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ជលផលទឹកសាប បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ក្រុមការងារ រួមជាមួយរដ្ឋបាលជលផលបានចុះទៅដល់ទីតាំង និងសង្កេតឃើញថា ត្រីនោះមានសុខភាពល្អ អាចលែងចូលជម្រកវិញបាន។ 

លោក ថាណារ៉ា បញ្ជាក់ដូច្នេះ៖ «កន្លងមក យើងតែងបានបំពាក់ស្លាក និងលែងត្រីទាំងនោះទៅជម្រកធម្មជាតិវិញ។ ក្នុងមួយឆ្នាំអាចមាន៦ទៅ៧ក្បាលត្រូវបានលែងចូលទន្លេ។ ត្រីដែលដោះលែងម្សិលមិញមានអាយុប្រហែល៨ទៅ១០ឆ្នាំ។ មាត់របស់វា មានស្នាមបន្តិចបន្ទួចដោយសារចំណង ប៉ុន្ដែក្រៅពីនេះមិនមានអ្វីទេ»។

នៅរដូវនេះ ជាធម្មតាមេពូជធ្វើដំណើរពីទន្លេសាបទៅទន្លេមេគង្គ។ ចំពោះ រដូវពងកូន ត្រីនឹងធ្វើដំណើរពីទន្លេមេគង្គ ឆ្ពោះទៅទន្លសាបវិញ។ 

ជាមួយគ្នានេះ លោក ថាណារ៉ា បានអំពាវនាវឱ្យពលរដ្ឋអ្នកនេសាទ មន្ត្រីជាប់ពាក់ព័ន្ធ រួមទាំងសាធារណជនទាំងអស់ ចូលរួមជួយការពារ ថែរក្សា ធនធានធម្មជាតិដោយនិរន្តភាព ដើម្បីឱ្យគង់រង្ស។ 

សូមជម្រាបថា ត្រីរាជ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN។ ត្រីរាជ ត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ដែលហាមដាច់ខាតការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗផងដែរ។

តាមរយៈក្រមនេសាទលេខ ៨០ ន.ស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ ត្រីរាជត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូន ចាប់ពីសម័យសង្គមរាស្ត្រនិយមមក។ នាពេលបច្ចុប្បន្នត្រីប្រភេទនេះ ត្រីក៏មានក្នុងអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលទឹកសាបដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជាផងដែរ។ 

បច្ចុប្បន្ន ប្រទេសកម្ពុជា មានត្រីធំៗបំផុតបីគឺ៖ ត្រីបបែលយក្ស ត្រីរាជ និងត្រីគល់រាំង។ ត្រីទាំងនេះ ចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ត្រីទាំងនេះ ជាប្រភេទត្រីធ្វើចរាចររយៈចម្ងាយឆ្ងាយ។

ត្រីរាជតែងតែត្រូវចាប់បានជារឿយៗ នៅតាមគន្លងដាយត្រីនៅទន្លេសាប ហើយការចាប់បាននេះ គឺនៅពេលដែលវាធ្វើចរាចរចេញពីបឹងទន្លេសាប នៅខែតុលាទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗ តាមដងទន្លេមេគង្គលើ។ ត្រីរាជពេញវ័យ អាចបន្តពូជបាន នៅពេលមានអាយុចាប់ពី០៦ ទៅ០៨ឆ្នាំ។ ពួកវាពងកូនចាប់ពីខែមិថុនា ទៅដល់ខែកក្កដា នៅបឹងទន្លេសាប ហើយកូនត្រីរាជពេលកើតដំបូងមានប្រវែង១២ ទៅ ១៥សង់ទីម៉ែត្រ។

ត្រីរាជនេះអាចរស់បានរហូតដល់អាយុ៦០ឆ្នាំហើយ ជាប្រភេទត្រីដែលធំលូតលាស់លឿនបំផុត គឺក្នុង១ឆ្នាំអាចឡើងទម្ងន់ជាង១០គីឡូក្រាម។ ត្រីរាជស៊ីស្លែជាអាហារចម្បង ដោយឡែកសត្វល្អិតក្នុងទឹក គឺជាអាហារបន្ទាប់បន្សំ។ តាមរបាយការណ៍ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ គេបានប្រទះឃើញត្រីរាជមួយក្បាលដែលមានទម្ងន់ជិត ៣០០គីឡូក្រាម និងមានប្រវែង ២,៧៤ម៉ែត្រ ដែលចូលដាយត្រី។ ត្រីរាជនោះ ត្រូវបានបំពាក់ឧបករណ៍តាមដាន និងបានលែងចូលទៅក្នុងទន្លេវិញ៕











 

ព័ត៌មានទាក់ទង