កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង៣៧លានដុល្លារ នា១១ខែនេះ

27/12/2022 9:14 am ភ្នំពេញ

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៣៧ ០៤៩ ២៧៨ដុល្លារ រយៈពេល១១ខែនេះ។ ចំនួននេះកើនឡើង២២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ ដែលមានចំនួន ៣០ ៣៩០ ១៧២ដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី២៦ ធ្នូ។



បើតាមសេចក្តីប្រកាសព័ត៌មានដដែល ចំណូលដែលកំពង់ផែស្វយ័តទទួលបាននេះ មកពីចំណូលពីប្រតិបត្តិការផែ មានចំនួន ២៩ ១៧១ ២៨២ដុល្លារ។ ចំណូលបានពីអាជ្ញាធរផែ ចំនួន ៣ ៧៨១ ៧៧២ ដុល្លារ។ ចំណូលបានពីសេវាកម្ម ចំនួន ២៧២ ៦៣២ដុល្លារ និងចំណូលផ្សេងៗ មានចំនួន ៣ ៨២៣ ៥៩២ដុល្លារ។

ចំពោះការងារអាជីវកម្ម និងសេវាកម្ម ដែលកំពង់ផែស្វយ័តភ្នំពេញ បានអនុវត្ត រយៈពេល១១ខែនេះ រួមមាន ទំនិញ-ប្រេងឥន្ធនៈ ចំនួន ៣ ៦៤៦ ០២៩តោន កើនឡើង៣.៥៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន ៣ ៥១៩​ ៨៤៤តោន។

ជាមួយគ្នានេះ មាននាវាផ្ទុកទំនិញឆ្លងកាត់ ចំនួន ៣,២៧១ជើង កើនឡើង៥៤.៧៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំមុន មានចំនួន២,១១៤ជើង។ ដោយឡែកបរិមាណកុងតឺន័រ ចំនួន ៣៨៣ ២៦១ធីអ៊ីយូ កើនឡើង២១.៤០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំមុន ចំនួន៣១៥ ៦៩២ធីអ៊ីយូ។ ក្រៅពីនេះ មាននាវាទេសចរណ៍ ចំនួន៧៨ជើង កើនឡើង៧៨.០០ភាគរយ និងបរិមាណអ្នកដំណើរ មានចំនួន៥,០៧៥នាក់ កើនឡើង៥,០៧៥.០០ភាគរយ។

កាលពីឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ រកបានប្រាក់ចំណេញជាង ១២ លានដុល្លារ ដែលលើសផែនការឆ្នាំ២០២១ ចំនួន១៥ភាគរយ និងកើនឡើងចំនួន២៩ភាគរយ ធៀបនឹងឆ្នាំ២០២០៕
 

 

ព័ត៌មានទាក់ទង