រដ្ឋបាលខេត្តកោះកុង ស្នើម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋាន រៀបចំសណ្តាប់ធ្នាប់ ដើម្បីអបអរថ្ងៃឆ្លងឆ្នាំ

រូបភាពពី៖ រដ្ឋបាលខេត្ត​កោះកុង

21/12/2022 4:42 pm កោះកុង

ភ្នំពេញ៖ មុនថ្ងៃឆ្លងឆ្នាំសកល ឈានចូលមកដល់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល អាហារដ្ឋាន រៀបចំសណ្តាប់ធ្នាប់ និងបោសសម្អាតសំរាមគ្រប់ប្រភេទ ដើម្បីទទួលទេសចរ។ ការអំពាវនាវបែបនេះ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តខេត្តកោះកុងកាន់តែច្រើន។



សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ដែលចុះហត្ថលេខាដោយលោកស្រី មិថុនា ភូថង នៅថ្ងៃទី២១ ខែធ្នូនេះ បានលើកឡើងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរមកកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងតំបន់សក្ដានុពលទេសចរណ៍ជាច្រើនក្នុងខេត្តកោះកុង។ រដ្ឋបាលខេត្តកោះកុង បានស្នើដល់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងតូបលក់អាហារនានា ត្រូវពង្រីកវិធានការអនាម័យ និងបរិស្ថានឱ្យបានល្អ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង ក៏បានជំរុញឱ្យអង្គភាពជុំវិញខេត្ត ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ និងអាហារដ្ឋាននានា ត្រូវយកចិត្តទុកដាក់ខ្ពស់លើកសំរាមគ្រប់ប្រភេទ កាត់ស្មៅ ពង្រាបដីឱ្យស្មើ និងលុបបំបាត់ប្លាស្ទិកនៅតាមចិញ្ចើមថ្នល់ ដើម្បីទទួលទេសចរថ្ងៃឆ្លងឆ្នាំសកល។ បន្ថែមពីនេះ នៅតាមសាលាក្រុង ស្រុក មន្ទីរ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល និងអាហារដ្ឋាន  ក៏ត្រូវមានការតុបតែងភ្លើងពណ៌ ដើម្បីអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះផងដែរ។

គួរបញ្ជាក់ដែរ រដ្ឋបាលខេត្តកោះកុង ក៏បានអំពាវនាវដល់អង្គភាពជុំវិញខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ចំពោះសំរាមតាមចិញ្ចើមផ្លូវ និងសូមប្រុងប្រយ័ត្នក្នុងការបង្ការនូវគ្រោះអគ្គិភ័យដែលអាចកើតឡើងដោយថាហេតុណាមួយ៕

ព័ត៌មានទាក់ទង