ត្បាល់កិនអង្ករសម្រូបពីបុរាណ ក្មេងជំនាន់ក្រោយស្ទើរតែលែងស្គាល់!

03/04/2023 2:30 am ភ្នំពេញ

ដោយ: ញឹក សំអូន
ភ្នំពេញ៖ ត្បាល់កិនស្រូវពីសម័យបុរាណស្ទើរតែបាត់បង់ និងពុំសូវមានអ្នកប្រើប្រាស់ទៀតទេ នាពេលបច្ចុប្បន្ន ព្រោះពលរដ្ឋនិយមប្រើប្រាស់ម៉ាស៊ីនកិនស្រូវជំនួសវិញ។ ប៉ុន្តែលោក សាន់ ហួរ ជាកសិកររស់នៅភូមិរការ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅតែបន្តផលិតត្បាល់កិនស្រូវនេះ ដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់។



អង្គុយនៅក្រោមផ្ទះ ដៃកាន់ញញួរដំ ឮសូរសំឡេងតុកៗ នោះគឺលោក សាន់ ហួរ ដែលកំពុងផ្ចង់អាម្មរណ៍ធ្វើត្បាល់កិនស្រូវ ពីសម័យបុរាណ យ៉ាងយកចិត្តទុកដាក់។ លោក សាន់ ហួរ បានចេះធ្វើត្បាល់កិនស្រូវនេះ ពីលោកឪពុក តាំងពីឆ្នាំ១៩៦០មក។ លោក ហួរ បញ្ជាក់ថា ត្បាល់នេះ​ គេធ្វើដើម្បីទុកកិនស្រូវ ឬកិនយកអង្ករសម្រូប ដែលក្មេងៗជំនាន់ក្រោយសឹងតែពុំធ្លាប់ស្គាល់។

លោកតា សាន់ ហួរ បានធ្វើត្បាល់ពីសម័យបុរាណចំនួន ២ ដើម្បីយកទៅប្រគេនព្រះសង្ឃនៅវត្តស្រយ៉ូវ ដាក់តាំងនៅក្នុងវត្តឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងកុំឱ្យបាត់បង់សម្បត្តិកេតនភណ្ឌជាតិ។ 
  

ត្បាល់កិនស្រូវពីសម័យបុរាណ។
 
បើតាមបុរសវ័យ៦៨ឆ្នាំ ត្បាល់បុរាណនេះ ស្ទើរតែបាត់បង់ម្ដងរួចហើយ កាលពីសម័យ ប៉ុល ពត ខណៈបច្ចុប្បន្នជាសម័យជឿនលឿន ក៏ពុំសូវមានគេប្រើប្រាស់ត្បាល់កិនស្រូវបែបនេះដែរ ព្រោះពួកគេប្រើប្រាស់ម៉ាស៊ីនជំនួសវិញ។ 
 
បុរសសម្បុរខ្មៅស្រអែមរូបនេះ ទទួលស្គាល់ថា ការប្រើប្រាស់ម៉ាស៊ីនកិនស្រូវ វាមិនចំណាយពេលយូរ ដូចត្បាល់ ប៉ុន្តែវាមិនសូវល្អដូចប្រើប្រាស់ត្បាល់កិននោះទេ ។ «ត្បាល់នេះ អាចកិនអង្ករសម្រិត ដែលមានវីតាមីន B1 ។ អ៊ឹចឹងវាជួយដល់សុខភាពច្រើន មិនមែនដូចម៉ាស៊ីនសម័យឥឡូវ គេកិនយកអង្ករឡើង «ស» អស់ ដូច្នេះអង្ករអត់សូវមានរសជាតិឆ្ងាញ់»។ 
 
ត្បាល់បុរាណនេះ អាចយកទៅកិន ឬបុកស្រូវបានយ៉ាងល្អ ដោយសារវាមានលក្ខណៈរឹងមាំ។ ចំពោះវត្ថុធាតុដើម ដែលយកមកធ្វើជាត្បាល់កិនស្រូវនេះ មានដូចជា ឫស្សី ជាតួខ្លួនរបស់ត្បាល់ ឈើកកោះ និងក្រឡាញ់ យកទៅធ្វើធ្មេញរបស់វា ព្រមទាំងមានដីឥដ្ឋយកដាក់ទ្រនាប់ខាងក្នុងផងដែរ។ 
  

ត្បាល់កិនស្រូវពីបុរាណ។
 
បើតាមបុរសចំណាស់រូបនេះ កាំបិត ពូថៅ រណា ជាឧបករណ៍សម្រាប់យកទៅកាប់ឫស្សីតាមខ្នាត ដែលគេត្រូវការ ដោយផ្នែកខាងលើយកកន្លះម៉ែត្រ ផ្នែកខាងក្រោមយក ៤តឹក រួចផ្គុំដាក់ចូលគ្នា ទើបក្លាយជារូបរាងត្បាល់។ ត្បាល់នេះ ក៏មានដៃសម្រាប់កាន់កិន និងរវៃជុំវិញផងដែរ។ 
 
«ដំបូងយើងយកស្រូវហាលស្ងួតទៅដាក់កិនជាមួយត្បាល់ បន្ទាប់មកស្រូវដែលយើងដាក់កិន និងចេញជាអង្ករតាមធ្មេញត្បាល់ ដែលគេតែងហៅថា អង្ករសម្រូប ឬអង្ករសម្រិត។ បន្ទាប់មកយកទៅរ៉ែងអង្កាមចេញ ហើយយកអង្ករសម្រូបទៅបុកត្បាល់ម្ដងទៀត ទើបក្លាយជាអង្ករសម្រិត និងអាចយកទៅដាំបាយហូបបាន។ ការកិនជាមួយត្បាល់នេះ គឺចំណាយពេលយូជាងម៉ាស៊ីន»។ នេះបើតាមការរៀបរាប់របស់លោក សាន់ ហួរ ប្រាប់សារព័ត៌មានថ្មីៗ។
 
លោក សាន់ ហួរ បានបញ្ជាក់ថា ត្បាល់កិនស្រូវដោយដៃនេះ នៅមានគេប្រើប្រាស់ខ្លះដែរ ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង់ សៀមរាប និងកំពង់ធំ ជាដើម។ «បើទោះបីត្បាល់នេះ ចាស់ប្រើប្រាស់មិនកើត ក៏អាចតាំងជាគ្រឿងលម្អសម្រាប់ឱ្យក្មេងជំនាន់ក្រោយ បានស្គាល់ជាវត្ថុពីសម័យបុរាណ» ។ នេះបើតាមបុរសវ័យ៦៨ឆ្នាំ ៕


ព័ត៌មានទាក់ទង