
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ខេត្តកណ្តាល ក្លាយជាខេត្តទី៣របស់កម្ពុជា ដែល«បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល» (ODF) ឆ្នាំ២០២២។ ប្រជាពលរដ្ឋខេត្តកណ្តាល បានកើនឡើងដល់ ១០០ភាគរយ តាមរយៈការប្រើប្រាស់បង្គន់អនាម័យ ហូបទឹកស្អាត និងលាងដៃជាមួយសាប៊ូ។
ខេត្តកណ្តាល បានបំពេញគ្រប់លក្ខខណ្ឌ ក្លាយជាខេត្តសម្រចបាន ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ។ លទ្ធផលដែលសម្រេចបាននេះ គឺចូលរួមលើកកម្ពស់សុខភាពអនាម័យបរិស្ថានស្អាត ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា លទ្ធផលដែលខេត្តទទួលបាននេះ ចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលធ្វើឱ្យខេត្តកណ្តាលសម្រេចបានអនាម័យស្អាត បរិស្ថានស្អាត សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងសង្គមល្អ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
កិច្ចប្រជុំទទួលស្គាល់ជាផ្លូវការខេត្តកណ្តាលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នាថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២។ រូបភាពពី៖ រដ្ឋបាលខេត្តកណ្តាល។
បច្ចុប្បន្ននៅទូទាំងខេត្តកណ្តាល អត្រាពលរដ្ឋមានប្រភពទឹកប្រើប្រាស់ចំនួន៩៥ភាគរយ ស្មើនឹង ២៥១ ៩៥២ខ្នងផ្ទះ។ លើសពីនេះ ពលរដ្ឋដែលមានបង្គន់អនាម័យប្រើប្រាស់រួម មាន៥ភាគរយ ស្មើនឹង ១២ ០១១ខ្នងផ្ទះ។ នេះបើតាម លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ។
គួរបញ្ជាក់ដែរ ខេត្តកណ្តាលជាខេត្តទី៣ បានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឆ្នាំ២០២២ នៅថ្ងៃទី១៩ ធ្នូ ។ រដ្ឋបាលខេត្តកណ្តាល នឹងទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕
-
ដោយ៖ សែម ប្រាក់ដាវ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

