វីដេអូធ្វើម្ហូបតាមបែបស្រុកស្រែនៅបន្ទាយមានជ័យរបស់ ស្រីផាច ទាក់ទាញការចូលទស្សនាខ្ទង់លាន

កញ្ញា ឆម ស្រីផាច អ្នកផលិតមាតិកាធ្វើម្ហូបនៅលើបណ្ដាញសង្គម។

16/12/2022 3:00 pm បន្ទាយមានជ័យ

ដោយ៖ ញឹក ស្រីល័ក្ខ

ទិដ្ឋភាពក្នុងផ្ទះ និងចម្ការរបស់ឪពុក ដែលមានដំណាំច្រើនមុខ មិនថាផ្កា ផ្លែឈើ និងបន្លែនោះទេ ត្រូវបានបង្ហាញក្នុងវីដេអូខ្លីៗរបស់យុវតី ឆម ស្រីផាច។ ស្រីផាច ជាម្ចាស់ទំព័រហ្វេសប៊ុក Chhom Srey Pach ដែលផលិតវីដេអូធ្វើម្ហូប និងបង្ហាញពីការរស់នៅបែបស្រុកស្រែនាខេត្តបន្ទាយមានជ័យ។ សកម្មភាព រួមទាំងការនិយាយរដឺន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងច្រើន រហូតវីដេអូរបស់នាងចំនួន១ មានអ្នកទស្សនាដល់ទៅ ៦,៣លាននាក់។



មានវ័យ២៤ឆ្នាំ កញ្ញា ឆម ស្រីផាច ជានិស្សិតបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។ ក្រោយបញ្ចប់ការសិក្សានៅឆ្នាំ២០២២នេះ យុវតី ឆម ស្រីផាច បានវិលត្រឡប់ទៅស្រុកកំណើតវិញ នាខេត្តបន្ទាយមានជ័យ ដើម្បីជួយការងារឪពុកម្ដាយ និងឆ្លៀតពេលបង្កើតមាតិកាធ្វើម្ហូប និងធ្វើវីដេអូផ្សេងៗ ដែលបង្ហាញពីរបៀបរស់នៅរបស់អ្នកជនបទ។ 

ទំព័រហ្វេសប៊ុកឈ្មោះ Chhom Srey Pach ត្រូវបានបង្កើតកាលពីឆ្នាំ២០១៧ ដែលកាលនោះនាងរវល់នឹងការសិក្សា។ ប៉ុន្តែនៅពាក់កណ្ដាលឆ្នាំ២០២២នេះ ស្រីផាច បានដាក់គោលដៅផលិតវីដេអូ ក្រោយមានការជំរុញពីគ្រួសារ ពិសេសបងប្រុសដែលជាអ្នកផលិតវីដេអូបែបស្រុកស្រែដូចគ្នា។ យុវតីរូបនេះ ក៏ចាប់ផ្ដើមធ្វើវីដេអូបង្ហោះឡើងវិញ ដោយវីដេអូដំបូងរបស់នាង មានចំណងជើងថា «បុកម្ជូរក្រសាំង ចំណាយតិចតែហូបបាយអស់ច្រើន»។ វីដេអូនេះ ត្រូវបានបង្ហោះកាលពីថ្ងៃទី២២ កក្កដា ដែលរយៈពេល៤ និង៥៣នាទី និងមានអ្នកទស្សនាជិត១លាននាក់។ 
កញ្ញា ឆម ស្រីផាច អ្នកផលិតមាតិកាធ្វើម្ហូបនៅលើបណ្ដាញសង្គម។ 

មកដល់ពេលនេះ មានរយៈពេល៤ខែហើយ ដែលនាងផ្ដោតសំខាន់លើការផលិតវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook, Tik Tok រួមទាំង You Tube។ ត្រឹមរយៈពេល៤ខែប៉ុណ្ណោះ ស្រីផាច ផលិតវីដេអូបានចំនួន ២៦៤វីដេអូ ដែលវីដេអូទាំងនោះ សុទ្ធសឹងតែជាវីដេអូមានអ្នកទស្សនាច្រើន។ ទន្ទឹមនឹងការចូលទស្សនា និងគាំទ្រច្រើន នាំឱ្យហ្វេសប៊ុកផេករបស់ស្រីផាច មានអ្នកតាមដាន(Follow) ចំនួន១,១លាននាក់ ខណៈ You Tube មានអ្នកជាវជាង១ម៉ឺននាក់។ 

សមិទ្ធផលដែលយុវតីសម្ដីរដឺនរូបនេះ ខិតខំធ្វើបានផ្ដល់ផ្លែផ្កាដល់នាង។ វីដេអូខ្លីៗដែលបង្ហោះ ត្រូវបានថតដោយប្អូនប្រុសដែលជាកូនភ្លោះរួមផ្ទៃជាមួយនាង និងកាត់ត ថតសំឡេង ដោយនាងផ្ទាល់។ ស្រីផាច បានប្រើប្រាស់ទូរសព្ទដៃសម្រាប់ថត និងកាត់ត ជាពិសេសនាងត្រូវបញ្ចូលសំឡេងឱ្យទាក់ទាញទៀតផង។

បន្ទាប់ពីមានការគាំទ្រច្រើន ស្រីផាច ប្រាប់សារព័ត៌មាន Thmey Thmey 25 បែបនេះ៖«ពេលធ្វើវីដេអូទៅ មានពុកម៉ែបងប្អូនគាត់គាំទ្រច្រើន សប្បាយចិត្តហើយមានកម្លាំងចិត្តធ្វើបន្តទៀត។ សម្រាប់ពុកម៉ែខ្ញុំវិញ ពេលឃើញកូនទទួលបានផ្លែផ្កា គាត់ក៏សប្បាយចិត្តដែរ។ តែបើគ្មានពួកគាត់ក៏ខ្ញុំមិនអាចមានថ្ងៃនេះដែរ»។

កញ្ញា ឆម ស្រីផាច អ្នកផលិតមាតិកាធ្វើម្ហូបនៅលើបណ្ដាញសង្គម។

ជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ ស្រីផាច មិនសូវមានពេលទំនេរឡើយ ព្រោះនាងរវល់នឹងការងារផលិតវីដេអូ ដែលជាការងារពេញម៉ោងរបស់នាង បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ឧត្តម។ ស្រីផាច បានជ្រើសរើសមាតិកាដែលបង្ហាញសកម្មភាពនៅក្នុងភូមិស្រុករបស់នាង ព្រោះនាងគិតថានៅស្រុកស្រែចម្ការមានរបស់របរស្រាប់។
 
«ដោយសារតែខ្ញុំនៅស្រុកស្រែចម្ការស្រាប់ កាលពីខ្ញុំផលិតវីដេអូដំបូង ក៏ខ្ញុំមិនមានថវិកាច្រើនសម្រាប់ទិញម្ហូបអាហារសម្រាប់ថតដែរ គឺមានតែរករបស់របរមានស្រាប់នៅតាមស្រែចម្ការ មកធ្វើម្ហូប ព្រោះមិនសូវចំណាយថវិកាច្រើន»។ នេះជាការរៀបរាប់របស់យុវតីខ្មៅស្រអែម ស្រីផាច ដោយបន្ថែមថា ការធ្វើបែបនេះ ព្រោះចង់បង្ហាញពីម្ហូបនៅតាមតំបន់ផងដែរ។ 
កញ្ញា ឆម ស្រីផាច អ្នកផលិតមាតិកាធ្វើម្ហូបនៅលើបណ្ដាញសង្គម។

មិនខុសពីការលើកឡើងខាងលើទេ អ្នកធ្លាប់ទស្សនាប្រាកដជាបានឃើញទិដ្ឋភាពផ្ទះរបស់នាង ដែលនៅជិតភ្នំ និងចម្ការសម្បូរដោយផ្លែឈើ និងបន្លែបង្ការជាច្រើនប្រភេទ តាមរយៈវីដេអូរបស់យុវតីរូបនេះ។ ទាក់ទងនឹងការផលិតវីដេអូវិញ គឺមានផលលំបាកសម្រាប់នាង។ ទម្រាំបានវីដេអូបង្ហាញលើអេក្រង់ទូរសព្ទអ្នកទស្សនា ស្រីផាច ត្រូវចំណាយទាំងថវិកា កម្លាំង ពេលវេលា។ យុវតីរូបនេះ រម្លឹកពីសកម្មភាពរបស់នាងដូច្នេះ៖ «ដូចពេលខ្លះ ត្រូវចុះទឹកឡើងភ្នំ ទម្រាំផលិតបានវីដេអូមួយៗ។ ពេលខ្លះ១ថ្ងៃថតបានតែ១វីដេអូក៏មានដែរ»។

ជាធម្មតា ស្រីផាច តែងតែបង្ហោះវីដេអូចំនួន២ នៅលើFacebook, Tik Tok និង You Tube ជារៀងរាល់ថ្ងៃ។ បើតាមអ្នកខេត្តបន្ទាយមានជ័យរូបនេះ នាងត្រូវធ្វើវីដេអូ២ ឬ៣ ដើម្បីតម្កល់ទុកនៅពេលរវល់។ ក្រោយពីមានការគាំទ្រច្រើន ស្រីផាច ក៏ត្រូវបានម្ចាស់ផលិត ឬម្ចាស់ហាងមួយចំនួន អញ្ជើញនាងទៅផលិតវីដេអូផងដែរ។ ការងារដែលនាងទទួលបាន គឺទាក់ទងនឹងរបស់បរិភោគ ព្រោះត្រូវនឹងមាតិការបស់នាង។ 

កញ្ញា ឆម ស្រីផាច អ្នកផលិតមាតិកាធ្វើម្ហូបនៅលើបណ្ដាញសង្គម។ 

តាមរយៈស្នាដៃផលិតវីដេអូ និងមាតិកាដ៏ទាក់ទាញរបស់នាង បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដេញសង្គមមួយចំនួនសរសើរពីនាងផងដែរ។ គណនីហ្វេសប៊ុកឈ្មោះ ជា វណ្ណារ័ត្ន បានសរសេរដូច្នេះ៖ «ទីបំផុតគាត់អាចរកឃើញខ្លួនឯងឃើញហើយ ទើបគាត់ធ្វើជាខ្លួនឯងរហូតបានជោគជ័យ។ គាត់ស្អាតបែបគាត់ មិនBrand មិន High Show តែគាត់នៅតែល្បីដោយសារគាត់ធ្វើខ្លួនជាគាត់...»។ ខ្លឹមសារដែលលោក ជា វណ្ណារ័ត្ន បានបង្ហោះលើគណនីរបស់លោក មានអ្នកចែករំលែកជាង៤ពាន់នាក់ ដោយអ្នកទាំងនោះ បង្ហាញអារម្មណ៍រីករាយចំពោះស្រីផាច និងខ្លះពោលពាក្យថា អាយដល (IDOL)។ 

ពិតមែនហើយ សកម្មភាពដែល ស្រីផាច បង្ហាញតាមរយៈវីដេអូរបស់នាង គឺនាងតែងធ្វើខ្លួនធម្មតា ដោយមិនមានក្រេមម្សៅលម្អបន្ថែមឡើយ។ ម៉្យាងទៀត ទិដ្ឋភាពបែបនេះ សបញ្ជាក់ពីសកម្មភាពរស់នៅពិតប្រាកដរបស់អ្នកជនបទ ជាពិសេសក្រុមគ្រួសាររបស់នាងផ្ទះ៕
ចំណាប់អារម្មណ៍អ្នកដែលបាន​ទស្សនាវីដេអូកញ្ញា ឆម ស្រីផាច។

 

ព័ត៌មានទាក់ទង