ចិន នាំទំនិញចូលកម្ពុជាជាង៩,៤ពាន់លានដុល្លារ

16/12/2022 9:15 am ភ្នំពេញ

ដោយ: អ៊ូ សុខមាន (OU Sokmean)

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន ក្នុងរយៈពេល១១ខែមកនេះ មានតម្លៃជាង១០,៥ពាន់លានដុល្លារអាម៉េរិក ដែលកើន៦,៣ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២១។ ក្នុងនោះ ទំនិញដែលកម្ពុជានាំចូលពីចិនមានដល់ជិត៩,៤៧ពាន់លានដុល្លារ។​ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។



កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយប្រទេសក្នុងពិភពលោក ក្នុងទំហំទឹកប្រាក់ប្រមាណ៤៨,២ពាន់លានដុល្លារ។ សម្រាប់ការនាំចេញមានជាង២០,៤ពាន់លានដុល្លារ ខណៈការនាំចូលវិញមាន២៧,៧ពានលានដុល្លារ។​ ជុំវិញនៃទំនាក់ទំនងពាណិជ្ជកម្មនេះ សារព័ត៌មានថ្មីៗ(ThmeyThmey) សូមលើកយកប្រទេស-តំបន់ចំនួន១០ ដែលនាំទំនិញចូលទីផ្សារកម្ពុជាច្រើនគេ។
 
ប្រទេស-តំបន់ទាំង១០នោះ រួមមានដូចខាងក្រោម៖
 
លេខ១ សាធារណរដ្ឋប្រជាមានិតចិន៖ កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយប្រទេសនេះ ​១០,៥ពាន់លានដុល្លារ។  ក្នុងនោះ ទំនិញដែល​នាំចូលកម្ពុជា តម្លៃ៩,៤ពាន់លានដុល្លារ ដែលកើនក្នុងអត្រា ១០,៤ភាគរយ។​ 
លេខ២ វៀតណាម៖​  មានទំហំពាណិជ្ជកម្មប្រមាណ៥,៥ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចូលមានក្នុងរង្វង់៣,៦ពាន់លានដុល្លារ ដែលកើនដល់២៩ភាគរយ។​
 
លេខ៣ ថៃ៖ ទំហំពាណិជ្ជកម្មមានជិត៤,៣ពាន់លានដុល្លារ។​ ក្នុងនោះ ការនាំចូលមានជាង៣,៥៤ពាន់លានដុល្លារ។ ការនាំចូលរបស់កម្ពុជាពីប្រទេសជាប់ព្រំដែនមួយនេះ គឺកើនក្នុងរង្វង់១៥ភាគរយ។
 
លេខ៤ សិង្ហបុរី៖​ មានទំហំពាណិជ្ជកម្មជាង៣,២ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចូលមានរបស់កម្ពុជា ពីប្រទេសសមាជិកអាស៊ានមួយនេះ គឺមាន​ជិត៣,១៧ពាន់លានដុល្លារ ដែលធ្លាក់ចុះក្នុងអត្រា២៨,៩ភាគរយ។
 
លេខ៥ តៃវ៉ាន់៖ កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយតំបន់នេះ ១,០៦ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចូលរបស់កម្ពុជា មាន៩៦៦លានដុល្លារ ជាមួយកំណើន៩,១ភាគរយ។​
 
លេខ៦ ឥណ្ឌូណេស៊ី៖ មានទំហំពាណិជ្ជកម្មប្រមាណ៨៣០លានដុល្លារ។ ក្នុងនោះ ការនាំចូលរបស់កម្ពុជាពីប្រទេសដែលសម្បូរកោះមួយនេះ គឺមានជិត៧៩៧លានដុល្លារ ដែលកើន៤៨ភាគរយ។
 
លេខ៧ ជប៉ុន៖ មានទំហំពាណិជ្ជកម្មជិត១,៧៩ពាន់លានដុល្លារ។ ប៉ុន្តែសម្រាប់ការនាំចូល គឺមានតម្លៃ៧២០លានដុល្លារ ដែលកើន២៤ភាគរយ។
 
លេខ៨ កូរ៉េខាងត្បូង៖ ទំហំពាណិជ្ជកម្មមាន៧១១លានដុល្លារ។​ ក្នុងនោះ ការនាំចូលមាន ៥០៤លានដុល្លារ ដែលធ្លាក់ចុះ៥,២ភាគរយ។​
 
លេខ៩ ម៉ាឡេស៊ី៖ មានទំហំពាណិជ្ជកម្មប្រមាណ៥៧៨លានដុល្លារ ដែលក្នុងនោះការនាំចូលរបស់កម្ពុជា មាន៤៧៨លានដុល្លារ។ ការនាំចូលនេះ កើនក្នុងរង្វង់៣១ភាគរយ។​

លេខ១០ សហរដ្ឋអាម៉េរិក៖ មានទំហំពាណិជ្ជកម្មប្រមាណ៨,៥ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចូលរបស់កម្ពុជាពីប្រទេសមហាអំណាចពិភពលោកមួយនេះ គឺមានត្រឹម​ជាង២៩២លានដុល្លារ ដែលធ្លាក់ចុះក្នុងអត្រា ៤,៨ភាគរយ៕​

ព័ត៌មានទាក់ទង