ក្រសួងវប្បធម៌ សោកស្ដាយចំពោះការវាយកុដិអាយុជិត១០០ឆ្នាំ និងស្នើឱ្យវត្តឧណ្ណាលោម បញ្ឈប់ការរុះរើ

កុដិបុរាណអាយុជិត១០០ឆ្នាំ។រូបភាពពី​ហ្វេសប៊ុក Seiboth lorn

12/12/2022 10:02 am ភ្នំពេញ

ដោយ: ប៉ូ សាគុន
ភ្នំពេញ៖ ក្នុងលិខិតទូលថ្វាយ សម្ដេច ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីករណីនៃការវាយកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាឡោម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសូមឱ្យមានការបញ្ឈប់ នូវការរុះរើ វាយកម្ទេច កុដិបុរាណទាំង៣នោះ។


កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលដំណឹងពីមន្ត្រីជំនាញ និងមហាជន រាយការណ៍ពីករណីនៃការវាយកម្ទេចកុដិបុរាណចំនួន៣ (កុដិលេខ៤៣ ៤៤ និង៤៥) ដែលកសាងនាអំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយ។ 
 
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ក្នុងនាមក្រសួងជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រង ថែរក្សា ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក្រសួងសូមទូលថ្វាយបញ្ជាក់ថា សកម្មភាព នៃការរុះរើនិងវាយកម្ទេចកុដិចាស់ ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាទង្វើដែលផ្ទុយនឹងច្បាប់។ សកម្មភាពដែលកំពុងរងការរិះគន់យ៉ាងផុសផុល ពីមហាជនតាមរយៈបណ្ដាញសង្គមនេះ ក៏ជាទង្វើដែលធ្វើផ្ទុយនឹងសារាចររបស់រាជរដ្ឋាភិបាល ដែលជាឯកសារគតិយុត្តិជាធរមានដែរ។ 
 
ក្រោយពីដឹងដំណឹងនេះ ក្រសួងមានការសោកស្ដាយជាខ្លាំង ព្រោះកុដិទាំង៣នោះ ក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧។ 
 
ក្នុងលិខិតដដែល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្ដេច ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជមេត្តាបញ្ឈប់ការរុះរើ វាយកម្ទេចអគារបុរាណទាំង៣នោះ ដោយសេចក្ដីអនុគ្រោះ។
 
គួរបញ្ជាក់ថា រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានា ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាក្រសួងជំនាញ៕

ព័ត៌មានទាក់ទង