សត្វកែះជាម្ដាយ បានស្លាប់ ទោះអ្នកជំនាញ ស្រវាស្រទេញជួយសង្រ្គោះ

01/12/2022 9:00 am ភ្នំពេញ

ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ សត្វកែះញីមួយក្បាល បានស្លាប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុស បានជួយសង្រ្គោះ ។ ការស្លាប់របស់សត្វកែះញីនេះ ដោយសាររងរបួសជើង ថ្លោះចង្កេះ និងរលូតកូនក្នុងផ្ទៃ។



ការស្លាប់របស់សត្វកែះញីនេះ ត្រូវបានអ្នកជំនាញបសុសត្វ បញ្ជាក់ថា វាបានរងរបួសធ្ងន់ធ្ងរដោយសារ ជាប់អន្ទាក់ ព្រានព្រៃដេញវាយជាំពោះផ្នែកខាងឆ្វេង និងភ្លាត់ឆ្អឹងជើងមុខខាងឆ្វេង។ លើសពីនេះ សត្វកែះញីមានសុខភាពទន់ខ្សោយ ដោយសារមានផ្ទៃពោះ និងរលូតកូនស្លាប់ក្នុងផ្ទៃ ហើយរបួសស្បូនខ្លាំងរលូតដល់រលួយ។ សត្វកែះញីនេះ បានធ្លាក់ខ្លួនឈឺរហូតមិនអាចឈរបាន។ 

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សត្វកែះជាប្រភេទសត្វកម្រនៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថាមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ នេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។ ជាមួយគ្នានេះ  ក្រុមអ្នកស្រាវជ្រាវ មិនទាន់មានទិន្នន័យពិតប្រាកដពីចំនួនសត្វកែះដែលរស់នៅកម្ពុជាទេ ក៏ប៉ុន្តែវាមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ដូច្នេះ៖ «បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ»។

គួរឱ្យដឹងដែរថា សត្វកែះញីនេះ ត្រូវបានក្រុមអ្នកជំនាញពេទ្យសត្វនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ជួយសង្គ្រោះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងខេត្តបាត់ដំបង៕

 

ព័ត៌មានទាក់ទង