ស្ករត្នោតកំពង់ស្ពឺ កំពុងមានតម្រូវការនៅក្នុងទីផ្សារអន្តរជាតិ

28/11/2022 4:00 pm ភ្នំពេញ


ដោយ:

ភ្នំពេញ៖ ប្រទេសបារាំង អាឡឺម៉ង់ សហរដ្ឋអាម៉េរិក ជប៉ុន តៃវ៉ាន់ ថៃនិងប្រទេសវៀតណាម កំពុងមានវត្ដមានស្ករត្នោតកំពង់ស្ពឺនៅលើទីផ្សារ ខណៈនៅឆ្នាំ២០២៣ខាងមុខ អាចនឹងមានវត្តមាននៅលើទីផ្សារប្រទេសចិនផងដែរ។



លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា ស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកអង្គស្នួលខេត្តកណ្ដាល ជាប់ព្រំទល់ខេត្តកំពង់ស្ពឺជាតំបន់គោលដៅដំបូងគេ ដែលបាននិងកំពុងផលិតស្ករត្នោត នាំចេញទៅលើទីផ្សារក្រៅប្រទេស។ 
  

លោក វី វាសនា ជំនួយការសមាគមន៍ស្ករត្នោតកំពង់ស្ពឺ។
 
ជំនួយការរូបនេះ​បានបន្តថា ក្នុងមួយថ្ងៃកសិករផលិតបានជាមធ្យម ១៥គីឡូក្រោមក្នុងមួយគ្រួសារ ដែលផលិតជាប្រភេទស្ករម្សៅ និងស្ករសាច់។ ចំពោះស្ករម្សៅប្រជាកសិករលក់ចេញ ១គីឡូបាន ៧០០០រៀល និងស្ករសាច់លក់បាន ១គីឡូចន្លោះ ៥០០០រៀល ទៅ៥៥០០រៀល។ បច្ចុប្បន្នសមាគមន៍ បាននាំចេញស្ករត្នោតប្រភេទម្សៅច្រើនជាងគេនៅលើទីផ្សារអន្តរជាតិ រីឯស្ករសាច់វិញ ភាគច្រើនលក់នៅទីផ្សារក្នុងស្រុក និងបាននាំចេញក្រៅតិចជាងស្ករម្សៅ។
 
«ស្ករត្នោតប្រភេទសាច់ គេយកទឹកត្នោតចាក់កូរវានៅលើភ្លើងឱ្យក្លាយជាស្កររៀងខាប់ៗ ល្មូតចូលគ្នា ឬកូរឱ្យរឹងទៅតាមតម្រូវការ។ ចំណែកស្ករត្នោតម្សៅ គឺគេយកស្ករសាច់ទៅកិនឱ្យម៉ត់ រួចរែងវាយកម្សៅ ដែលស្រដៀងទៅនឹងស្ករសដែរ»។ នេះបើតាមលោក វី វាសនា បានលម្អិតពីការធ្វើស្ករត្នោត ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ មកកាន់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី ២៥វិច្ឆិកា ឆ្នាំ២០២២។
  

ស្ករត្នោតកំពង់ស្ពឺ។ រូបភាព៖ លោក វី វាសនា។
 
ស្ករម្សៅ ៧៦តោន និងស្ករសាច់ជាង ២តោនហើយ ដែលបាននាំចេញលើទីផ្សារប្រទេសបារាំង អាឡឺម៉ង់ សហរដ្ឋអាមេរិក ជប៉ុន តៃវ៉ាន់ ថៃនិងប្រទេសវៀតណាមនៅក្នុងឆ្នាំ២០២២។ លោក វាសនា លើកឡើងបែបនេះ ហើយបញ្ជាក់ថា ឆ្នាំ២០២៣ខាងមុខនេះទីផ្សារប្រទេសចិន អាចនឹងនាំចូលស្ករត្នោតកំពង់ស្ពឺ ដោយបច្ចុប្បន្នស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន និងសមាគមន៍ស្ករត្នោតកំពងស្ពឺ កំពុងចរចាគ្នាជាមួយក្រុមហ៊ុននៅទីនោះ។ លោកបន្តថា ខាងសមាគមន៍សង្ឃឹម ៥០ភាគរយ ដែលអាចនឹងបាននាំចេញស្ករត្នោតកំពង់ស្ពឺទៅចិន ព្រោះបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នានៅឡើយ។ 
 
លោក វី វាសនា បានបន្ថែមថា សមាគមន៍ពួកគេបង្កើតឡើង ដើម្បីគាំទ្រឱ្យស្ករត្នោតកាន់តែមានភាពល្បីល្បាញ ស្របពេលស្ករនេះផលិតមានគុណភាពល្អបែបធម្មជាតិ ព្រមទាំងចង់បានជាអត្តសញ្ញាណសម្គាល់របស់ស្ករត្នោតនៅក្នុងខេត្តកំពង់ស្ពឺ។ 
 
អ្នកស្រី ឈិន ឆន ជាសមាជិកសមាគមន៍ស្ករត្នោតកំពង់ស្ពឺ ដែលរស់នៅស្រុកសំរោងទង បានរៀបរាប់ថា អ្នកស្រីប្រកបរបរធ្វើស្ករត្នោតបានប្រមាណ ៤ឆ្នាំ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។ ស្វាមីអ្នកស្រីបានឡើងត្នោតចំនួន ២៥ដើមជារៀងរាល់ថ្ងៃ និងមានលទ្ធភាពផលិតស្ករត្នោតប្រភេទសាច់បាន ៣០គីឡូក្នុងមួយថ្ងៃ ហើយ ១គីឡូលក់បាន ៦០០០រៀល។ 
  

ស្ករត្នោតកំពង់ស្ពឺ។ រូបភាព៖ លោក វី វាសនា។

ចាប់ពីម៉ោង ៣រសៀល ក្រុមគ្រួសារអ្នកស្រីតែងតែទៅរែក និងត្រង់ទឹកតោ្នត ដើម្បីយកមកកូរធ្វើជាស្ករ។ នេះបើតាមអ្នកស្រី ឆន ប្រាប់សារព័ត៌មានថ្មីៗ ហើយបញ្ជាក់ថា៖«ខ្ញុំធ្វើស្ករប្រើឧសធម្មជាតិ គឺប្រើកម្លាំងទាំងអស់អត់មានប្រើម៉ាស៊ីនទេ។ ហើយស្ករមានអនាម័យល្អ ព្រោះបើអត់អនាម័យ ខាងសមាគមន៍គេអត់ទទួលទិញទេ កន្លែងធ្វើត្រូវតែស្អាតជានិច្ច»។
 
បើទោះជាមុខរបរឡើងត្នោត បានជួយសម្រួលជីវភាពគ្រួសារអ្នកស្រី ឈិន ឆន ក៏ពិតមែន ប៉ុន្តែអ្នកស្រីបានលើកឡើងបែបនេះ រាល់ថ្ងៃការងារប្រើកម្លាំងច្រើន ដូច្នេះមានការហត់នឿយខ្លាំង តែមិនដឹងរកស៊ីអ្វី គឺមានតែប្រកបរបរធ្វើស្រែ និងឡើងត្នោត។ អ្នកស្រីសង្កាត់ធ្ងន់ថា៖ «ខ្ញុំបារម្មណ៍ប្ដីឡើងដើមត្នោតខ្ពស់ៗ ខ្លាចគាត់ឈឺក្បាល វិលមុខអីគឺយើងមើលមិនឃើញទេ»។
រដូវកាលឡើងត្នោត គឺមានចាប់ពីខែធ្នូ រហូតដល់ចុងខែឧសភា។ សម្រាប់របរឡើងត្នោតធ្វើស្ករនេះ បានផ្ដល់ប្រាក់ចំណូលឱ្យគ្រួសារអ្នកស្រីបានសមរម្យ។ នេះបើតាមអ្នកស្រី ឈិន ឆន៕
 

ស្ករត្នោតកំពង់ស្ពឺ។ រូបភាព៖ លោក វី វាសនា។


កសិករឡើងត្នោតនៅខេត្តកំពង់ស្ពឺ។ រូបភាព៖ លោក វី វាសនា
 

ព័ត៌មានទាក់ទង