App CarnetDia ជួយអ្នកជំងឺនិងសាច់ញាតិ តាមដានស្ថានភាពជំងឺទឹកនោមផ្អែម

08/01/2023 9:00 am ភ្នំពេញ

ដោយ: អ៊ុត រស្មី
ភ្នំពេញ៖ CarnetDia គឺជាឈ្មោះកម្មវិធីទូរសព្ទដៃមួយ ដែលត្រូវបានបង្កើតឡើងដោយគ្រូពេទ្យជំនាញទឹកនោមផ្អែមមួយក្រុម ដើម្បីថែទាំ និងតាមដានស្ថានភាពជំងឺទឹកនោមផ្អែម។ពលរដ្ឋ អ្នកមានជំងឺទឹកនោមផ្អែម និងសាច់​ញាតិ អាចប្រើកម្មវិធីនេះបានដោយឥតគិតថ្លៃ តាមដានស្ថានភាពជំងឺទឹកនោមផ្អែម និងប្រើជាអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។


 

កម្មវិធីទូរសព្ទដៃ «កំណត់ត្រាទឹកនោមផ្អែម CarnetDia» ត្រូវបានបង្កើតឡើងស្របពេលនៃនិន្នាការកើនឡើងនៃអ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជា ដោយបានទទួលការគាំទ្រពីមជ្ឈមណ្ឌលកម្ពុជា៤.0 និងសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា។

កម្មវិធីកំណត់ត្រាទឹកនោមផ្អែម បានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ កម្មវិធីមានមុខងារសំខាន់ៗចំនួន៤ រួមមាន៖ ការកត់ត្រាតេស្ដជាតិស្ករ, ការវាយតម្លៃពីហានិភ័យជំងឺទឹកនោមផ្អែម,រាប់ជំហាន សម្រាប់ធ្វើលំហាត់ប្រាណ, វីដេអូ រូបភាព និង អត្ថបទអប់រំពីជំងឺទឹកនោមផ្អែម និងមានវេជ្ជបណ្ឌិត (Telemedicine) សម្រាប់អ្នកជំងឺ ទាក់ទងជាប្រចាំ។ 


 
មានម្ដាយកើតជំងឺទឹកនោមផ្អែមប្រមាណជិត១០ឆ្នាំ លោក សោម រិទ្ធីវង្ស បានប្រើប្រាស់កម្មវីធី CarnetDia ក្នុងការតាមដានស្ថានភាពជំងឺរបស់ម្ដាយ។ ម្ដាយរបស់លោក រិទ្ធីវង្ស មានវ័យ៧៩ឆ្នាំ និងត្រូវប្រើប្រាស់អាំងស៊ុយលីនជាប្រចាំ ក្នុងការព្យាបាលជំងឺប្រចាំកាយ។ លោករិទ្ធវង្ស បានប្រើប្រាស់មុខងារកត់ត្រាជាតិស្កររបស់ម្ដាយ ដើម្បីប្រឹក្សាជាមួយគ្រួពេទ្យជំនាញ វាយតម្លៃស្ថានភាពជំងឺ និងការប្រើប្រាស់អាំងស៊ុយលីន។ លោក រិទ្ធវង្ស បានលើកឡើងថា ការប្រើប្រាសកម្មវិធី CarnetDia មានភាពងាយស្រួល និងប្រៀបដូចជាមានគ្រូពេទ្យនៅប្រចាំខ្លួនគ្រប់ពេល។
 
អ្នកប្រើប្រាស់កម្មវិធី CarnetDia រូបនេះ   បានលើកសរសើរដូច្នេះ៖ «ចំពោះការប្រើApp CarnetDia គឺមានសារប្រយោជន៍ច្រើន និងជួយកាត់បន្ថយនូវការយើងទៅជួបជាមួយលោកវេជ្ជបណ្ឌិតដោយផ្ទាល់ ទោះបីយើងនៅដល់កន្លែងណាក៏ដោយ។ ថ្មីៗនេះ ខ្ញុំមកសិក្សានៅអាម៉េរិក អ៊ីចឹងខ្ញុំនៅតែទទួល ការផ្ញើលទ្ធផលស្ករពីម្ដាយនៅខ្មែរ ហើយខ្ញុំផ្ញើពីនេះ ទៅឱ្យគ្រូពេទ្យនៅខ្មែរ»។


 លោក សោម រិទ្ធីវង្ស អ្នកប្រើប្រាស់កម្មវីធី CarnetDia។

ក្នុងរយៈពេលជាង៣ខែ នៃការប្រើប្រាស់កម្មវិធី CarnetDia លោក រិទ្ធីវង្ស បានអះអាងថា លោកពិតជាទទួលបានអារម្មណ៍កក់ក្ដៅ ពីវេជ្ជបណ្ឌិតជំនាញ ដែលបានយកចិត្តទុកដាក់ និងចាំប្រឹក្សាពីស្ថានភាពជំងឺគ្រប់ពេល។  « ទំនាក់ទំនងរបស់អ្នកជំងឺ និងវេជ្ជបណ្ឌិត គឺនៅជិតគ្នាមែនទែន មានការអីសួរគាត់[វេជ្ជបណ្ឌិត]ទៅ និយាយរួមទៅគឺងាយស្រួលមែនទែន»។

មិនខុសពីលោក រិទ្ធីវង្ស អ្នកស្រី នុត សុជាតិ ដែលជាអ្នកប្រើប្រាស់កម្មវិធី CarnetDia មួយរូបរស់នៅរាជធានីភ្នំពេញ ក៏បានពេញចិត្តមុខងារជាច្រើនរបស់​ កម្មវិធី កំណត់ត្រាទឹកនោមផ្អែម។  ថ្វីដ្បិត អ្នកស្រីគ្មានជំងឺទឹកនោមផ្អែម តែស្រ្តីវ័យ៣៤ឆ្នាំរូបនេះ បានប្រើកម្មវិធីកំណត់ត្រាទឹកនោមផ្អែមជាប្រចាំ លើមុខងាររាប់ជំហានធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ដើម្បីជួយដល់សុខភាព និងវាយតម្លៃហានិភ័យជំងឺទឹកនោមផ្អែម។

អ្នកស្រី សុជាតិ បានរៀបរាប់ថា៖​ «តាមពិតទៅខ្ញុំបានដោតឡូតកម្មវិធី CarnetDia ហ្នឹងយូរហើយ តែដោយសារខ្ញុំមិនមែនជាអ្នកជំងឺទឹកនោមផ្អែមទេ ខ្ញុំជាជនធម្មតាទេ ចឹងបានខ្ញុំអត់ដែរប្រើវាទេ។ តែខ្ញុំទើបចាប់ផ្ដើមប្រើ៤ខែនេះទេ ដំបូងខ្ញុំប្រើគឺក្នុងបំណងដើរហាត់ប្រាណ ខ្ញុំមើលជំហាន ថាតើខ្ញុំបានប៉ុន្មានជំហានមួយថ្ងៃ ព្រោះក្នុងហ្នឹងគេ ណែនាំពីជំហានដើររបស់យើង ហើយមួយទៀតខ្ញុំមើលវាស់ស្ទង់ពីកម្រិតហានិភ័យជំងឺទឹកនោមផ្អែម»។ 


 អ្នកស្រី នុត សុជាតិ ដែលជាអ្នកប្រើប្រាស់កម្មវិធី CarnetDia ។ 

អ្នកប្រើប្រាស់កម្មវិធី CarnetDia ទាំងពីររូបខាងលើ ក៏បានលើកទឹកចិត្ត ដល់អ្នកជំងឺទឹកនោមផ្អែម សាច់ញាតិ និងពលរដ្ឋទូទៅ ប្រើប្រាស់កម្មវិធី CarnetDia ឬកំណត់ត្រាទឹកនោមផ្អែម ឱ្យបានច្រើន ដើម្បីយល់ដឹង ពីការព្យាបាល និងបង្ការជំងឺទឹកនោមផ្អែម។  ជាពិសេស វាមានសារប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជា និងសុខុមាលភាពសាធារណៈ។
 
សាធារណជនអាចទាញយក App កំណត់ត្រាទឹកនោមផ្អែមឈ្មោះថា«CarnetDai» ពី App
Storeតាមតំណនេះ​ https://apps.apple.com/kh/app/carnetdia/id1435695534  និងពី Play Store
តាមរយៈតំណនេះ https://play.google.com/store/apps/details?id=kh.info.carnetdia ៕​ 

ព័ត៌មានទាក់ទង