អង្គការនិងស្ថាប័នរដ្ឋ ទទួលការបណ្ដុះបណ្ដាលបំពាក់ប្រឡៅដំរី ដើម្បីចូលរួមអភិរក្សដំរីនៅកម្ពុជា

27/11/2022 9:00 am ភ្នំពេញ


ដោយ: ស៊ុល រ៉វី
ភ្នំពេញ៖ មន្ត្រីជំនាញស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ អង្គការ WWF កម្ពុជា អង្គកា រWWF វៀតណាម អង្គកា រWCS និងសិក្ខាកាមមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសបំពាក់ប្រឡៅដំរី។ បើតាមក្រសួងបរិស្ថានបរិស្ថាន វគ្គបណ្ដុះបណ្ដាលនេះ ដើម្បីតាមដានបំលាស់ទីរបស់សត្វដំរី។



ក្រសួងបរិស្ថាន បានឲ្យដឹងថា គម្រោងបំពាក់ប្រឡៅកដំរី ជាផ្នែកសំខាន់មួយ នៃកម្មវិធីអភិរក្សសត្វដំរីអាស៊ី ដើម្បីសិក្សាកត្តាចលករបរិស្ថាន នៃបំលាស់ទីរបស់សត្វដំរីអាស៊ី និងការព្យាករពីទីតាំងនានា ក្នុងតំបន់ទីជម្រកដែលសត្វនឹងផ្លាស់ទីបណ្ដោះអាសន្ន ឬសម្រាប់រយៈពេលយូរ។ កម្មវិធីនេះ ក៏សម្រាប់អ្នកអភិរក្ស ឈានដល់ការរៀបចំវិធានការសមស្រប ក្នុងការអភិរក្ស និងសម្រាប់គាំទ្រដល់ការអភិវឌ្ឍដោយចីរភាពក្នុងតំបន់។


វគ្គបណ្ដុះបណ្ដាលខាងលើនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងដែនជម្រកសត្វព្រៃស្រែពក និងនៅទីតាំងគម្រោង Elephant Valley Project ក្នុងខេត្តមណ្ឌលគិរី។ កម្មវិធីនេះ ទទួលបានការគាំទ្រដោយភ្នាក់ងារ U.S. Fish and Wildlife Service, អង្គការ WWF ស៊ុយអែត និង អង្គការ WWF បែលហ្ស៊ីក។ 
 
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន មើលឃើញថា វគ្គបណ្ដុបណ្ដាលនេះ គឺជាកម្លាំងចលករមួយ​ ក្នុងការចូលរួមបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពមន្ត្រីជំនាញកម្ពុជា យល់កាន់តែច្បាស់ពីបច្ចេកទេស និងវិធីសាស្ត្រនៃការអភិរក្សសត្វដំរី។ លោក បន្តថា ក្រសួងបរិស្ថាន ក៏ប្ដេជ្ញាការពារសត្វដំរីក្នុងប្រទេសកម្ពុជាពី ការគំរាមរបស់មនុស្ស, ការពារព្រៃ និង អភិរក្សតំបន់ការពារធម្មជាតិ ដើម្បីផ្ដល់ជម្រកសុវត្ថិភាពសម្រាប់សត្វដំរីអាស៊ី។


 
ការប្ដេជ្ញារបស់ក្រសួងបរិស្ថានខាងលើនេះ ក៏ស្របនឹងការបង្កើត «ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា» (CECG) ដែលជាផែនការសកម្មភាព បង្កើតឡើងនៅឆ្នាំ២០០៥ ។ CECG នេះ បង្កើតឡើងក្រោមការចូលរួម ពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាព និងជំរុញឱ្យមានកំណើនចំនួនប្រភេទនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា។

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ផែនការសកម្មភាពដើម្បី អភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន៦។ បញ្ហាអាទិភាពទី១ ការកាត់បន្ថយការបាត់បង់ទីជម្រក។ ទី២ ការអភិរក្ស និងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ។ ទី៣ ការពង្រឹងការអនុវត្តច្បាប់។ ទី៤ ការបង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម។ ទី៥ ការបន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស និងទី៦ ការអប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
 
ជុំវិញផែនការសកម្មភាពអភរិក្សនេះ លោក នេត្រ ភក្ត្រា ថ្លែងដូច្នេះថា៖ «យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាម៉េរិក ដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នា ទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា»។ 
 
យោងតាមរបាយការណ៍ ដែលបង្ហាញដោយលោក នេត្រ ភក្ត្រា បច្ចប្បន្នកម្ពុជាមានដំរីអាស៊ី ចន្លោះពី ៤០០ក្បាល ទៅ៦០០ក្បាល ដែលកំពុងរស់នៅតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី។ ចំណែកដំរីស្រុកមានប្រមាណ ៧០ក្បាល។
 
ដោយឡែក​ ការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល៦០ឆ្នាំ ទៅ ៧០ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកថយចុះប្រមាណ ៥០ភាគរយ ។ ចំណែកឯទីជម្រករបស់វា បានបាត់បង់អស់ជាច្រើនផងដែរ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ក្បាល ទៅ ៤៧ ៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ប្រហែល ៧៥ភាគរយ រស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា៕

ព័ត៌មានទាក់ទង