រដ្ឋមន្រ្តីកសិកម្ម ផ្ដល់យោបល់ឱ្យកសិករគិតពីទីផ្សារ មុននឹងដាំដុះ និងផលិត

24/11/2022 3:30 pm ភ្នំពេញ

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាល និងផ្ដល់យោបល់ដល់បណ្ដុំអាជីវកម្មផលិតកម្មផ្លែឈើចម្រុះ។ រដ្ឋមន្រ្តីថ្មីរូបនេះ ផ្ដល់យោបល់ឱ្យកសិករចងក្រងជាបណ្ដុំ រកអ្នកចែកចាយ និងគិតគូរពីទីផ្សារជាមុន រហូតដល់អ្នកផលិតទាំងអស់។

 

លោក ឌិត ទីណា បានចុះជួបកសិករជាច្រើនខេត្ត ចាប់ពីខេត្តតាកែវ កំពត កែប និងកំពុងស្ថិតនៅខេត្តព្រះសីហនុ ដើម្បីសិក្សាពីកសិកម្ម និងកសិឧស្សាហកម្ម។ ប៉ុន្តែលោក ឌិត ទីណា អវត្តមានក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបង ដោយលោកបានចាត់ឱ្យមន្រ្តីជំនាញចុះដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃនៅខេត្តទាំង២នេះ។ បញ្ហាស្រូវចុះថោកនេះ ក៏បានដោះស្រាយរួចរាល់។ 

នាដំណើរចុះជួបកសិករនៅខេត្តកែប រដ្ឋមន្រ្តីកសិកម្មថ្មីរូបនេះ បានផ្ដល់យោបល់ឱ្យភាគីពាក់ព័ន្ធចូលរួមក្នុងវិស័យកសិកម្មទាំងអស់គ្នា។ លោក ឌិត ទីណា ជំរុញឱ្យកសិករចងក្រងជាបណ្ដុំ និងសិក្សាពីទីផ្សារឱ្យបានល្អិតល្អន់ មុននឹងដាំដុះដំណាំ បន្លែ និងកសិផលផ្សេងៗ ដើម្បីជៀសវាងគ្មានទីផ្សារគ្រប់គ្រាន់នាពេលប្រមូលផល។ 


លោក ឌិត ទីណា បានចុះពិនិត្យកសិដ្ឋានផលិតពងទា នៅឃុំស្រែរនោង​ ស្រុកត្រាំកក់​ ខេត្តតាកែវ​។ រូបថត៖ ឌិត ទីណា 

«បើមានការពិបាក គឺលក់មិនដាច់ ឬក៏នៅសល់ ឬក៏លក់ទៅខាត។ ប៉ុន្តែឱ្យយើងអត់បាយហូបដូចពីមុន គឺមិនមែនទេ។ ….ក្នុងវិស័យកសិកម្មនេះ មិនមែនមានតែកសិករទេ! យើងត្រូវមើលរួមទាំងអស់»។ លោក ឌិត ទីណា លើកឡើងបែបនេះ ក្នុងពេលផ្ដល់យោបល់ជូនកសិករ។ 

បញ្ហាទីផ្សារ ជាបញ្ហាធំរបស់កសិករកម្ពុជា។ ក្រោយការតែងតាំងលោក ឌិត ទីណា កសិករជាច្រើន បានសំណូមពរឱ្យរដ្ឋមន្រ្តីកសិកម្មរូបនេះ ជួយដោះស្រាយបញ្ហាទីផ្សារ នាពេលប្រមូលផលដំណាំរបស់ពួកគេ។ គ្រប់វិស័យកសិកម្មទាំងដំណាំ និងចិញ្ចឹមសត្វ សុទ្ធសឹងតែរងផលប៉ះពាល់ពីបញ្ហាទីផ្សារ។ កសិករខ្លះ បានសំណូមពរឱ្យលោក ឌិត ទីណា បញ្ចុះតម្លៃជី កាត់បន្ថយពន្ធនាំចូល និងសាំងជាដើម ដើម្បីកាត់បន្ថយចំណាយដើមថ្លៃផលិត។

រដ្ឋមន្រ្តីកសិកម្ម បានថ្លែងថា៖ «ខ្ញុំនៅតែជម្រាបជូនដដែលៗថា គម្រោងទាំងអស់ ត្រូវគិតពីទីផ្សារ រហូតមកដល់អ្នកផលិត។ គិតមុន ចាំគូ ចាំធ្វើ! តែបើធ្វើមុន ហើយមិនបានគិត ពេលនោះយើងនឹងមានបញ្ហា»។ 

លោក ឌិត ទីណា បានជួបម្ចាស់ចម្ការទុរេន នៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ លោក ទីណា គ្រោងផលិតស្ទីកឃ័រទំនើបមាន​ ឃ្យូអកូដ (QR Code) សម្រាប់បិទលើផ្លែទុរេន។ រូនថត៖ ឌិត ទីណា 

លោក ឌិត ទីណា បានទទួលស្គាល់ថា លោកទើបតែកាន់តំណែងបានជាង១ខែប៉ុណ្ណោះ ក្រោយការប្រកាសតែងតាំងជាផ្លូវការ ហើយមានបញ្ហាជាច្រើនបានកើតឡើង។ ស្រូវ ជាបញ្ហាធំជាងគេទាំងបញ្ហាពូជស្រូវ និងបញ្ហាស្រូវ ធ្លាក់ថ្លៃ។ 

លោក ឌីត ទីណា បានផ្ដល់ដំណោះស្រាយបណ្ដោះអាសន្នដូច្នេះ៖ «វិធានការសរុប! យើងបានសហការគ្នាស្ថាប័នជាច្រើន។ មន្ទីរ ក្រសួង រោងម៉ាស៊ីន បានសហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីដោះស្រាយបញ្ហា»។ 

លោក ឌិត ទីណា បន្តថា អ្នកពាក់ព័ន្ធ ត្រូវគិតដល់វិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មទាំងមូល តាំងពីមុនពេលផលិត រហូតដល់ការលក់នៅលើទីផ្សារ ដែលជាកំណែទម្រង់ដ៏ធំ ស៊ីជម្រៅ ប្រើរយ:ពេលយូរ និងមិនមែនពាក់ព័ន្ធត្រឹមតែក្រសួងកសិកម្មមួយនោះទេ៕ 







 

ព័ត៌មានទាក់ទង