លោក ឈរ រិទ្ធី ជាប់ជ័យលាភីលេខ១ នៃពានរង្វាន់សហគ្រិនថ្នាក់ជាតិប្រចាំឆ្នាំ២០២២

24/11/2022 12:00 pm ភ្នំពេញ


ដោយ៖ អ៊ុត រស្មី 
ភ្នំពេញ៖ លោក ឈរ រិទ្ធី មកពីក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល ឯ.ក ខេត្តតាកែវ  បានក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងចំណោមស្ថាបនិកសហគ្រាសធនតូច និងមធ្យម(SME) ចំនួន នាក់ទូទាំងប្រទេស ដែលបានប្រកួតប្រជែងយកពានរង្វាន់សហគ្រិនថ្នាក់ជាតិលើកទី៣ ប្រចាំឆ្នាំ២០២២។

 

ឆ្លងកាត់វគ្គជម្រុះជាច្រើនខែ កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិ មានបេក្ខជនចំនួន២០រូបបានឈានដល់វគ្គផ្ដាត់ព្រ័ត្រ។ ក្នុងការប្រកួតដ៏ស្វះស្វែង នាថ្ងៃទី២៣ ខែវិច្ឆិកានេះ កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ បានរកឃើញជ័យលាភីចំនួន៤រូប ដោយជ័យលាភីលេខ១ បានទៅលើលោក ឈរ រិទ្ធី ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល ឯ.ក មកពីខេត្តតាកែវ ។ 



រីឯអ្នក ទទួលបានជ័យលាភីលេខ២នៃពានរង្វាន់សហគ្រិនថ្នាក់ជាតិនេះ គឺបានទៅលើ លោកស្រី ទ្រី មុយគា សហគ្រាសផលិតឱសថប៉េប៉េអឹម មកពីរាជធានីភ្នំពេញ និងម្ចាស់ជ័យលាភីលេខ៣ គឺ លោកស្រី ងន វ៉ាន់ថា សហគ្រាស Color Silk Enterprise មកពីរាជធានីភ្នំពេញ និងម្ចាស់ជ័យលាភីលេខ៤ គឺ លោកស្រី ម៉ៅ សុធា ក្រុមហ៊ុន SHE Agrocam Products Co., Ltd មកពីខេត្តកណ្តាល។ 

កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិ ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការរៀបចំជាមួយសហគ្រិនខ្មែរ តាមរយៈជំនួយរបស់រដ្ឋាភិបាលកម្ពុជា ដៃគូនានា។ កម្មវិធីនេះ បង្កើតឡើងរយៈពេលល៣ឆ្នាំមកហើយ ដើម្បីធ្វើការងាររួមគ្នាជាមួយសហគ្រិន អ្នកបង្កើតគំនិតថ្មីៗ នវានុវត្តន៍ និងអ្នកដឹកនាំអាជីវកម្មក្នុងការរៀបចំការប្រកួតប្រជែងលើប្រធានបទជាក់លាក់រៀងរាល់ឆ្នាំ តាមរយៈការរៀបចំឱ្យមានការប្រកួតប្រជែងនៅថ្នាក់តំបន់ និងថ្នាក់ជាតិកម្ពុជា។ 

ជ័យលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិ ដំបូងក្នុងឆ្នាំ២០២០ បានទៅលើ លោកស្រី ចេន សុភាព  ស្ថាបនិកសហគ្រាសកីតម្បាញខ្មែរ (ខេ ធី ខេ) ។ លោក ហៃ លីអ៊ាង ជាម្ចាស់សហគ្រាស ខនហ្វីវេល ជាម្ចាស់ជ័យលាភីក្នុងឆ្នាំ២០២១ និង ម្ចាស់ជ័យលាភីក្នុងឆ្នាំ២០២២នេះ បានទៅលោក ឈរ រិទ្ធី មកពីក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល ឯ.ក ខេត្តតាកែវ  ៕ 
 


 

ព័ត៌មានទាក់ទង