កូនខ្លាឃ្មុំ អាចនៅមានបញ្ហាផ្លូវអារម្មណ៍ ទោះបីត្រូវបានជួយសង្គ្រោះ

23/11/2022 5:00 pm តាកែវ

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ កូនសត្វខ្លាឃ្មុំតូចចំនួន១ក្បាល មានទម្ងន់៧គីឡូក្រាម ដែលជួយសង្គ្រោះដោយប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ត្រូវបានមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បញ្ជូនមកកាន់អង្គការFree the Bear ក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៃឧទ្យានសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ។ បច្ចុប្បន្នកូនខ្លាឃ្មុំនោះមានសុខភាពល្អ និងត្រូវបានមើលថែ និងស្ដារនិតិសម្បទាបន្តដោយក្រុមអ្នកជំនាញនៃអង្គការFree the Bear។



លោក ជួន វុទ្ធី ប្រធានផ្នែកគ្រប់គ្រងខ្លាឃ្មុំនៅក្នុងមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅបានប្រាប់សារព័ត៌មានThmeyThmey25ថា កូនខ្លាឃ្មុំនោះត្រូវបានបញ្ជូនមកដល់មជ្ឈមណ្ឌលរបស់លោកនៅថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០២២។ ក្រុមការងារ បានពិនិត្យមើលស្ថានភាពទូទៅរបស់សត្វនេះ គ្មានរបួសអ្វីនៅលើដងខ្លួនដែរ។ 

«យើងឃើញថាវានៅតូច ដូច្នេះសុខភាពធម្មតា ប៉ុន្ដែយើងមិនដឹងថាក្នុងខ្លួនវាអាចមានអ្វីប្រែប្រួលខ្លះ។ ជួនកាលខ្លួនគ្មានរបួស ប៉ុន្ដែផ្លូវអារម្មណ៍របស់វាមិនប៉ះទង្គិច។ ខ្ញុំចង់បញ្ជាក់ថា ការមើលថែសត្វប្រភេទនេះ ជារឿងពិបាកបន្តិចដោយសារថា ក្រៅពីផ្គត់ផ្គង់ចំណីអាហារ ក្រុមការងារត្រូវមើលថែផ្លូវអារម្មណ៍របស់វា។ យើងមិនអាចបណ្ដាយៗបានទេ»។ នេះជាការលើកឡើងពីបច្ចេកទេសក្នុងការមើលថែខ្លាឃ្មុំ។ 

ជាមួយគ្នានេះ លោក ជួន វុទ្ធី បានបញ្ជាក់ថា តាមធម្មតាសត្វខ្លាឃ្មុំ ដែលយកមកស្ដារនិតិសម្បទានៅក្នុងមជ្ឈមណ្ឌល អាចចំណាយពេលចន្លោះពី១ខែទៅ៣ខែ ដើម្បីតាមដាន និងអាចកំណត់បាននូវការវិនិច្ឆ័យស្ថានភាពរបស់វាជាលាក់។
ប្រធានផ្នែកគ្រប់គ្រងខ្លាឃ្មុំខាងលើ បានលើកឡើងថា ទោះជាយ៉ាងបីជា កូនខ្លាឃ្មុំមួយនេះ មានស្ថានភាពប្រសើរដូចខ្លាឃ្មុំធម្មតាក្តី ប៉ុន្ដែជាគម្រោងដែលត្រូវលែងចូលទៅក្នុងធម្មជាតិវិញក្រុមការងារមិនទាន់អាចកំណត់បានទេ។ 

លោក វុទ្ធី អះអាងដូច្នេះ៖ «បើមើលស្ថានភាពកូនខ្លាឃ្មុំនេះមានសុខភាពល្អ ប៉ុន្ដែបើនិយាយថាពេលណាអាចលែងវាចូលព្រៃធម្មជាតិវិញពេលណា យើងមិនទាន់អាចបញ្ជាក់ឡើយ។ បើគិតទៅចង់ដោះលែងសត្វចូលទៅក្នុងព្រៃធម្មជាតិវិញ លុះត្រា មានទីតាំងដែលមានសុវត្តិភាពជាមុនសិន។ ប៉ុន្ដែពេលនេះក្រុមយើងមិនទាន់មានកន្លែងសម្រាប់ដោះលែងបាននៅឡើយ»។ 

ទោះជាយ៉ាងណា លោក វុទ្ធី សង្ឃឹមថា អនាគត អាចមានព្រៃធម្មជាតិដែលសុវត្ថិភាពអាចដោះលែងខ្លាឃ្មុំដែលបានស្ដារនិតិសម្បទារួច៕ 

 

ព័ត៌មានទាក់ទង