សត្វកែះជាប់អន្ទាក់ ត្រូវបានជួយសង្គ្រោះ តែកូនក្នុងផ្ទៃបានបាត់បង់ជីវិត

23/11/2022 10:00 am មណ្ឌលគីរី

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ សត្វកែះញីមួយក្បាល ត្រូវបានជួយសង្គ្រោះដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុស និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់ពីរួចពីអន្ទាក់ សត្វនោះមានរបួសជើង និងធ្លោះចង្កេះ និងរលួតកូនក្នុងផ្ទៃ។ បច្ចុប្បន្នសត្វកែះនេះ  អាចស៊ីចំណីបានតិចតួច និងស្ថិតក្រោមការមើលថែពីអ្នកជំនាញ។

 

បើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន សត្វនោះរងរបួសធ្លោះចង្កេះ របួសជើង និងសន្លប់ក្រោយពេលធ្លាក់ពីជ្រោះ បន្ទាប់ពីរត់គេចខ្លួនពីព្រាន។ នៅថ្ងៃទី២២ ខែវិច្ឆិកា សត្វកែះញីនោះ ត្រូវបានក្រុមអ្នកជំនាញពេទ្យសត្វនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ជួយសង្គ្រោះ ប៉ុន្តែជាអុកល កូនក្នុងផ្ទៃរបស់សត្វកែះញីនេះបានរលូតស្លាប់បាត់បង់ជីវិត។  រហូតមកដល់ល្ងាចថ្ងៃទី២២នេះ សត្វកែះញីនេះ អាចស៊ីចំណីបាន តិចតួច។ ជាមួយគ្នានេះ ក្រុមពេទ្យសត្វ កំពុងបន្តតាមដានសុខភាព។ 

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សត្វកែះជាប្រភេទសត្វកម្រនៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថាមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ នេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។ ជាមួយគ្នានេះ  ក្រុមអ្នកស្រាវជ្រាវ មិនទាន់មានទិន្នន័យពិតប្រាកដពីចំនួនសត្វកែះដែលរស់នៅកម្ពុជាទេ ក៏ប៉ុន្តែវាមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ដូច្នេះ៖ «បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ»។ 

សត្វកែះ មានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង។ វាមានដងខ្លួនខ្លី ហើយជើងទាំង ៤ របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោម នៃជើងចាប់ពីក្បាលជង្គង់ចុះ ដែលមានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូកក្បាលដល់ស្មារបស់វា មានរោមរឹងវែងៗសណ្ឋានដូចជា ប្រែង។ សត្វនេះមានស្នែងដូចសត្វពពែដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០ មិល្លីមែត្រ ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ រីឯកន្ទុយខ្លី មានរោមសំពោងពណ៌ខ្មៅប្រផេះ។ 

សត្វកែះ ចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ សត្វកែះ មានជើងយ៉ាងចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃ សត្វនេះ ចូលចិត្តសម្រាកតាមគុម្ពោតព្រៃក្រាស់ ហើយចេញរកស៊ី នៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងរស់នៅក្នុងរូងភ្នំរាក់ៗ។ គេអាចសម្គាល់វត្តមានវា ដោយសារគំនរលាមក៕

 

 

ព័ត៌មានទាក់ទង