៣០ឆ្នាំនេះ មន្ត្រីជំនាញ១៥៥នាក់បានស្លាប់ និងពិការ ក្នុងបេសកកម្មដោះមីននៅកម្ពុជា 

23/11/2022 9:00 am ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន
 
កម្ពុជា មានមន្ត្រីជំនាញចំនួន១៥៥នាក់ បានរងគ្រោះក្នុងបេសកកម្មបោសសម្អាតគ្រាប់មីននៅទូទាំងប្រទេស នារយៈពេល៣០ឆ្នាំមកនេះ។ ក្នុងនោះមានអ្នកស្លាប៣១នាក់ និងពិការ ១២៤នាក់។ លោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន ថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃទី២២វិច្ឆិកា។


 
សកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រា្គមនៅកម្ពុជា មិនត្រឹមតែជាសកម្មភាពបច្ចេទេស នោះទេ តែវាត្រូវការការប្តេជ្ញាចិត្តពីបេះដូង និងការលះបង់ខ្ពស់របស់មន្ត្រីជំនាញ។ បើតាមលោក លី ធុជ អ្នកបោសសម្អាតមីននៅកម្ពុជា គឺប្រឈមនឹងគ្រោះថ្នាក់បំផុត។  

«ក្នុងរយៈពេលនេះយើងបានបោសសម្អាតមីនលើផ្ទៃដីចំនួន ២ ៥៣១គីឡូម៉ែត្រក្រឡា  និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាច្រើនលានគ្រាប់ សម្រាប់ប្រើប្រាស់ និង សកាត់បន្ថយអាត្រាអ្នកគ្រោះថ្នាក់។ យើងបានប្រែក្លាយដីមីនទៅជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ៩លាននាក់ ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជាដីមាស»។ នេះជារៀបរាប់លោក លី ធុជ ។
 
លោក លី ធុជ បន្ថែមថា ៣០ឆ្នាំនេះ ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានរាប់លានគ្រាប់។  ក្នុងនោះ មីនប្រឆាំងមនុស្សចំនួន ១ ១៥១ ២៣២គ្រាប់, មីនប្រឆាំងរថក្រោះចំនួន ២៦ ១១២គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣ ០២៨ ៦៥៩គ្រាប់។
 
បើតាមលោក លី ធុជ គិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២០០១ គីឡូម៉ែត្រក្រឡា។ ក្នុងនោះ ផ្ទៃដីមានមីនចំនួន៧០៣គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមជិត១ ៣០០គីឡូម៉ែត្រក្រឡា ដែលរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ដែលនឹងត្រូវបោសសម្អាតឱ្យអស់នៅត្រឹមឆ្នាំ២០២៥ នៃផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន។
 
ជាមួយគ្នានេះ លោក លី ធុជ បានបង្ហាញនូវការសោកស្តាយចំពោះការបាត់ជីវិត និងពិការភាពនៃអ្នកបោសសម្អាតមីនរបស់កម្ពុជាចំនួន១៥៥នាក់ ផងដែរ។ ក្នុងនោះ មានមន្ត្រីជំនាញ៣១នាក់ត្រូវបានបាត់បង់ជីវិតដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រា្គមនេះ។
 
ចាប់តាំងពីឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា ជាង ៦ ៥០០០នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅក្នុងនោះ អ្នកបាត់បង់ជីវិតមានសរុប១៩ ៨១៨នាក់។ ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រដ្ឋាភិបាល បានផ្ដល់ថវិកាជាង ២០០លានដុល្លារសម្រាប់ចូលរួមការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ។

ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា រួមទាំងប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
 
កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកាបដិភាគចំនួន ១០ភាគរយ សម្រាប់រួមចំណែកដល់គម្រោងជំនួយឥតសំណងថ្មីនានា ដែលបម្រើឲ្យការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបដិភាគចំនួន១០ភាគរយ សម្រាប់រួមចំណែក អនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងរង្វង់ឥណទានចំនួន ២លានដុល្លារ។ ការចូលរួមគ្នាពីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ បានធ្វើឱ្យចំនួនអ្នករងគ្រោះដោយសារមីន បានធ្លាក់ពី៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ គឺមកនៅត្រឹមតែ ៤៤នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១៕ 
 
 

 

ព័ត៌មានទាក់ទង