ក្រសួង មានបំណងបញ្ចុះតម្លៃថ្លៃប្រើប្រាស់ផ្លូវល្បឿនលឿនសម្រាប់ការទូទាត់តាមកម្មវិធីធនាគារ

20/11/2022 4:00 pm ភ្នំពេញ

ដោយ៖ ផាត ដាណេ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតមធ្យោបាយទូទាត់ប្រាក់សម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿន ដោយអនុញ្ញាតឱ្យពលរដ្ឋអាចបង់ថ្លៃចំណាយតាមគណនីធនាគារបានយ៉ាងស្រួល។ ទន្ទឹមនឹងនេះ ក្រសួង ក៏មានបំណងបញ្ចុះតម្លៃប្រើប្រាស់ផ្លូវល្បឿនលឿនសម្រាប់ការទូទាត់តាមកម្មវិធីធនាគារផងដែរ។ ប៉ុន្តែក្រសួងត្រូវការការឯកភាពពីក្រុមហ៊ុនឯកជន ដែលគ្រប់គ្រងផ្លូវល្បឿនលឿន។



ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារចំនួន១៤ បង្កើតមធ្យោបាយទូទាត់ប្រាក់រហ័ស សម្រាប់ការចំណាយលើការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ការទូទាត់ចំណាយតាមរយៈកម្មវិធីរបស់ធនាគារ (Mobile Banking) នេះ នឹងជួយសម្រួលដល់អ្នកប្រើប្រាស់ ដោយផ្ដល់ភាពងាយស្រួល រហ័សជាងមុន មិនត្រូវការរង់ចាំយូរ និងអាចបញ្ចៀសហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ទៀតផង។


លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា សម្រាប់ការទូទាត់ចំណាយប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមរយៈ Mobile Banking នេះ គឺមានលក្ខណៈងាយស្រួល និងសាមញ្ញ។ វាមានស្រាប់ក្នុង Mobile Banking ដូច្នេះរាល់ពេលទូទាត់គ្រាន់តែវាយបញ្ចូលស្លាកលេខរថយន្ត និងស្កែន​ QR Code ឆៀក ដើម្បីពិនិត្យសមតុល្យសាច់ប្រាក់។ ការទូទាត់ចំណាយតាមរយៈកម្មវិធីរបស់ធនាគារ (Mobile Banking) នេះ ចាប់ផ្ដើមនៅថ្ងៃទី១៤ ខែវិច្ឆិកា។ 

លោក ហ៊ាង សុទ្ធាយុត្តិ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ចំពោះការបញ្ចូលទឹកប្រាក់ (ការទូទាត់ចំណាយតាមកម្មវិធីធនាគារ) ការបញ្ចុះតម្លៃក៏អាចនឹងត្រូវបានពិចារណា។ ប៉ុន្តែសូមជម្រាបថាទាល់តែមានការឯកភាពពីភាគក្រុមហ៊ុនដែរ​ ព្រោះយើងបានផ្ដល់លទ្ធភាពឱ្យគេក្លាយជាប្រតិបត្តិករ។ អ៊ីចឹងយើងកំពុងតែពិគ្រោះយោបល់គ្នា»។ លោកបន្តទៀតថា ទាំងក្រសួង និងស្ថាប័នឯកជន កំពុងពិនិត្យលទ្ធភាពនៃផ្ដល់ជូននេះ ក៏ដូចគុណសម្បត្តិ និងគុណវិបត្តិ ដើម្បីជៀសវាងបញ្ហាណាមួយផងដែរ៕
 

ព័ត៌មានទាក់ទង