មីក្រូប្លាស្ទិក អាចចូលក្នុងខ្លួនមនុស្ស តាមរយៈអាហារ និងខ្យល់ដង្ហើម

21/11/2022 9:00 am ភ្នំពេញ

ដោយ៖ ផាត ដាណេ

មីក្រូប្លាស្ទិក គឺជាកម្ទេចប្លាស្ទិកតូចល្អិត ដែលមានទំហំតិចជាង៥មីលីម៉ែត្រ និងមាននៅគ្រប់ទីកន្លែងរួមទាំងក្នុងរាងកាយមនុស្ស។ តាមការស្រាវជ្រាវរបស់អង្គការ The UN Development Programme (UNDP) មីក្រូប្លាស្ទិក អាចចូលក្នុងខ្លួនមនុស្ស តាមរយៈអាហារ ការផឹកទឹក និងខ្យល់ដង្ហើមផងដែរ។



មីក្រូប្លាស្ទិក ក៏មាននៅក្នុងលាមកមនុស្ស។ នៅឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២ គេបានរកឃើញមីក្រូប្លាស្ទិក ក្នុងសួត និងឈាមរបស់មនុស្ស។ UNDP បារម្ភពីកំណើនមីក្រូប្លាស្ទិក ដែលនឹងជះផលអវិជ្ជមានដល់សុខភាពមនុស្ស។

មីក្រូប្លាស្ទិក បានកើតចេញពីសំណល់ប្លាស្ទិក។ ហើយផលិតកម្មប្លាស្ទិក កើនឡើងរាប់រយលានតោនជារៀងរាល់ឆ្នាំ។ តាមរបាយការណ៍របស់ UNDP ផលិតកម្មប្លាស្ទិកក្នុងសកលលោកមានលើសពី៨ពាន់លានតោន។ ក្នុងចំណោមប្លាស្ទិកដ៏សន្ធឹកនោះ មាន៩ភាគរយប៉ុណ្ណោះ ដែលត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញ។ ចំណែកឯ ២០ភាគរយ ត្រូវបានដុតចោល និង៧០ភាគរយទៀត ត្រូវបានចាក់ចោលក្នុងទីលានចាក់សំរាម តាមចិញ្ចើមផ្លូវ ក្នុងទន្លេ សមុទ្រ ព្រៃជាដើម។

ប្លាស្ទិក នឹងបំបែកខ្លួនបន្តិចម្ដងៗ ទៅជាមីក្រូប្លាស្ទិក ហើយបន្តវត្តមានរសាត់ក្នុងបរិយាកាស ខ្យល់ និងទឹក។ ដូច្នេះវាអាចក្លាយជាចំណីសត្វក្នុងទឹក ខ្យល់ដង្ហើមមនុស្ស ហើយបន្តវត្តមានក្នុងសារពាង្គកាយមនុស្ស និងអាចបង្កបញ្ហាសុខភាពផ្សេងៗផងដែរ។

វិបត្តិប្លាស្ទិកនេះ តម្រូវឱ្យមានការចូលរួមសកលក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលអាចប្រើប្រាស់បានតែមួយដង ហើយងាកមកប្រាស់ប្រើប្លាស្ទិក ដែលអាចកែច្នៃឡើងវិញបាន៕

 

ព័ត៌មានទាក់ទង