ទិវាបេតិកភណ្ឌលើកទី៥  នឹងមានការសម្ដែងល្ខោនខោល ចាប៉ីដងវែង ល្ខោនស្រមោលស្បែកធំ និងរបាំក្បាច់បុរាណ

20/11/2022 11:00 am ភ្នំពេញ

ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ ល្ខោនខោល ចាប៉ីដងវែង ល្ខោនស្រមោលស្បែកធំ របាំក្បាច់បុរាណ និងទស្សនីយភាពសិល្បៈខ្មែរជាច្រើនទៀត នឹងត្រូវបានសម្ដែងក្នុងទិវាបេតិកភណ្ឌលើកទី៥ ក្រោមប្រធានបទ «ព្រឹត្តិការណ៍សម្តែង ល្ខោនខោលកម្ពុជាដ៏អស្ចារ្យ»។ លោក ស៊ុប ស័ក្ខរា ប្រធានរៀបចំព្រឹត្តការណ៍ និងជានាយកសាលាសិល្បៈហ្វូណន រំពឹងថា ទស្សនិកជនជាង ២ម៉ឺននាក់ នឹងចូលរួមក្នុង «ព្រឹត្តិការណ៍សម្តែង ល្ខោនខោលដ៏អស្ចារ្យ» នេះ។



កម្មវិធីទិវាបេតិកភណ្ឌលើកទី៥  នឹងត្រូវបានរៀបចំនៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះពេជ្រ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃការដាក់ចូលជាសម្បត្តិវប្បធម៌ ជាពិសេសការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ 

លោក ស៊ុប ស័ក្ខរា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ឆ្នាំ២០២២នេះ ជាពេលវេលាល្អសម្រាប់រៀបចំព្រឹត្តិការណ៍នេះឡើង បន្ទាប់ពីផ្អាកអស់រយៈពេល២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍ឆ្នាំ២០២២នេះ នឹងរៀបចំការសម្តែងល្ខោនខោលដកស្រង់ត្រង់ឈុត ចម្បាំងក្រុងរាពណ៍ រយៈពេល ១ម៉ោង ដោយមានយុវជនចំនួន ១០០នាក់។ ចំណែកការចូលរួម គឺត្រូវទិញសំបុត្រដើម្បីចូលទស្សនា ដោយមានលក់ចាប់ពីតម្លៃ ២ម៉ឺន ដល់៦ម៉ឺនរៀល។ 

ប្រធានរៀបចំព្រឹត្តិការណ៍នេះ បញ្ជាក់ដូច្នេះ៖ « ខ្ញុំរំពឹងថាអ្នកចូលរួមនឹងមានចំនួនច្រើន។ បើគិតទៅ ក្នុងមួយថ្ងៃក៏មិនក្រោម ១ម៉ឺននាក់នោះដែរ។ រីឯ អ្នកដែលបានទិញសំបុត្រមានចំនួន៧០ភាគរយ ខណៈសាលសម្តែង អាចផ្ទុកមនុស្សរហូតដល់ចំនួន ៣ពាន់នាក់»។

សូមជម្រាបដែរថា ល្ខោនខោលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨, ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។  ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងរបាំក្បាច់បុរាណ ឬរបាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣៕

 

ព័ត៌មានទាក់ទង