ជាថ្មីម្ដងទៀត ក្រសួង ឱ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ពន្លឿនការសាងសង់ឱ្យមានគុណភាព

19/11/2022 1:00 pm តាកែវ

ដោយ៖ ផាត ដាណេ

ភ្នំពេញ៖ ការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មិនបានបញ្ចប់តាមគម្រោងឡើយ ដោយសារបញ្ហាបច្ចេកទេសមួយចំនួន។ ក្រសួងសាធារណការ បានឱ្យក្រុមហ៊ុនកូរ៉េខាងត្បូង Hasan Engineering & Contructions Co., Ltd ដែលទទួលបន្ទុកសាងសង់ ពន្លឿនការសាងសង់ផ្លូវទាំង២ខ្សែនេះ ហើយបញ្ចប់ក្នុងពេលខាងមុខ។

 


ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាមួយសមាជិកនៃអង្គភាពគ្រប់គ្រងគម្រោង (PMU) អង្គភាពអនុវត្តគម្រោង (PIU) ក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេសគម្រោងសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសនៅសេសសល់ក្នុងគម្រោងសាងសង់ផ្លូវទាំង២ខ្សែនេះ។ ទន្ទឹមនឹងនេះ ក្រសួងបានបញ្ជាឱ្យក្រុមហ៊ុនសាងសង់ Hasan Engineering & Contructions Co., Ltd ត្រូវពន្លឿនការសាងសង់ផ្លូវទាំង២ខ្សែនេះ ហើយបញ្ចប់ក្នុងពេលខាងមុខ។ 



សូមបញ្ជាក់ថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងជាង៧០គីឡូម៉ែត្រ ដែលចាប់ផ្ដើមសាងសង់តាំងពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់អំឡុងខែមេសា ឆ្នាំ២០២២។ ប៉ុន្តែដោយសារមានបញ្ហាបច្ចេកទេសនៃគ្រឹះផ្លូវសាងសង់ដោយគ្មានស្តង់ដារ និងគុណភាព លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានបញ្ជាឱ្យវាយគ្រឹះនៃផ្លូវទាំង២នេះ និងសាងសង់ឡើងវិញ ហើយអនុញ្ញាតឱ្យពន្យាពេល៤ខែ នៃការសាងសង់ និងបញ្ចប់នៅខែសីហា។ រហូតមកដល់ខែវិច្ឆិកានេះ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នៅមិនទាន់បញ្ចប់នៅឡើយទេ៕

 

ព័ត៌មានទាក់ទង