ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ធ្លាក់ចុះជិត៥០ភាគរយ

ដោយ: អ៊ូ សុខមាន (OU Sokmean)
កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារអន្តរជាតិបានជាង៤៧ម៉ឺនតោន នារយៈពេល១០ខែមកនេះ។ ការនាំចេញនេះ គឺបានធ្លាក់ចុះក្នុងអត្រា៤៨,៥៩ភាគរយ បើធៀបនឹងគ្រាដូចគ្នា កាលឆ្នាំ២០២១។

វៀតណាម ជាទីផ្សារលំដាប់លេខមួយរបស់កម្ពុជា ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីស្រស់។ បើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្រស់បានចំនួន ៤៦៩ ៥១៥.១៥តោន ដោយក្នុងនោះ នាំទៅប្រទេសវៀតណាមមានរហូតដល់ ៤៦៧ ៣០១.២២តោន។ លើសពីនេះ កម្ពុជាក៏នាំចេញគ្រាប់ស្វាយចន្ទីប្រភេទកែច្នៃបានជិត៦០០តោន ផងដែរ។ ទីផ្សារចន្ទីកែច្នៃរបស់កម្ពុជានោះ មានប្រទេសថៃ ជប៉ុន ចិន កោះតៃវ៉ាន់ កូរ៉េខាងត្បូង និងប្រទេសស្វីស។
ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ទាំងប្រភេទស្រស់និងកែច្នៃខាងលើនេះ គឺមានការធា្លក់ចុះគួរឱ្យកត់សម្គាល់។ របាយការណ៍ស្តីពីសភាពការណ៍កសិកម្ម បានបញ្ជាក់ថា ១០ខែមកនេះ ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ គឺមានធា្លក់ចុះ ៤៨,៥៩ភាគរយ ខណៈការនាំចេញគ្រាប់ចន្ទីប្រភេទកែច្នៃ ធ្លាក់ចុះអត្រា ៥៨,៩៣ភាគរយ ផងដែរ។
ពាក់ព័ន្ធនឹងធ្លាក់ចុះនៃការចេញគ្រាប់ស្វាយចន្ទីនេះ សារព័ត៌មានថ្មីៗ(ThmeyThmey)ពុំអាចសុំការពន្យល់ពីលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម, លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម និង លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យពីក្រសួងកសិកម្មបានឡើយ ដោយទូរសព្ទហៅចូល ប៉ុន្តែគ្មានអ្នកទទួល។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានលើកឡើងថា ការធ្លាក់ចុះនៃការចេញគ្រាប់ស្វាយចន្ទីនេះ គឺដោយសារបញ្ហាអាកាសធាតុ, វិបត្តិកូវីដ-១៩ រួមទាំងវិបត្តិសង្រា្គមរវាងរុស្សី-អ៊ុយក្រែន ដែលជះឥទ្ធិពលដល់ការបញ្ជាទិញពីទីផ្សារអន្តរជាតិ។ ជាមួយនឹងបញ្ហានេះ តម្លៃគ្រាប់ស្វាយចន្ទីស្រស់របស់កម្ពុជាក៏បានធ្លាក់ចុះ ផងដែរ។
លោក បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នារសៀលថ្ងៃទី១៧វិច្ឆិកា យ៉ាងដូច្នេះ៖ «គ្រាប់ស្វាយចន្ទីស្រស់របស់ពលរដ្ឋដែលលក់ក្នុងឆ្នាំ២០២២ គឺបានតម្លៃពី១ ៣០០ ទៅ១ ៥០០ដុល្លារប៉ុណ្ណោះក្នុងមួយតោន បើធៀបនឹងឆ្នាំ២០២១ កសិករយើងលក់បានតម្លៃយ៉ាងហោចណាស់ ១ ៨០០ដុល្លារ »។
បើតាមលោក ប៉ែន វណ្ណរិទ្ធ ផ្ទៃដីដាំដុះស្វាយចន្ទីនៅខេត្តកំពង់ធំមានសរុប ១១៥ ០០០ហិកតា។ ក្នុងនោះផ្ទៃដីប្រមូលផល គឺមាន៩២ ០០០ហិកតា ដែលស្មើនឹង៨០ភាគរយនៃផ្ទៃដីដាំដុះសរុបនេះ។
យោងតាមរបាយការណ៍របស់សមាគមស្វាយ កាលឆ្នាំ២០១៩ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៦០ម៉ឺនតោន ឈានដល់៩៥ម៉ឺនក្នុងឆ្នាំ២០២០ និងកើនដល់១,១លានតោនក្នុងឆ្នាំ២០២១។ ប៉ុន្តែការផលិតនេះ ក៏ត្រូវបានធ្លាក់ចុះនៅត្រឹម៦៦ម៉ឺនតោន ក្នុងឆ្នាំ២០២២។
លោក អួត ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានថ្លែងប្រាក់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេលេក្រាមថា ការផលិតស្វាយចន្ទីធា្លក់ចុះនេះ គឺបណ្តាយមកពីបញ្ហាអាកាសធាតុ។ លោក រំពឹងថា ប្រសិនអាកាសធាតុអំណោយផលល្អ ការផលិតស្វាយចន្ទី អាចកើនដល់៨០ម៉ឺនតោន ទៅ១លានតោន ក្នុងឆ្នាំ២០២៣។
ជុំវិញនៃដំណាំស្វាយចន្ទីនេះ ក្រសួងពាណិជ្ជកម្ម កំពុងកែសម្រួលនិងបន្ថែមខ្លឹមសាររួមទាំងបញ្ជូលនូវទិន្នន័យសំខាន់មួយចំនួន នៅក្នុងសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដើម្បីដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងអនុម័តពីសភានៅឆ្នាំចុងឆ្នាំ២០២២។ បើតាមក្រសួងពាណិជ្ជកម្ម គោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ គឺរៀបចំឡើងក្នុងគោលដៅបង្កើនការដាំដុះ និងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃទៅទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដាំដុះស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតា ដែលក្នុងនោះ មាន២០ម៉ឺនហិកតា ជាផ្ទៃដីទ្រនាប់។ កំពង់ធំ ជាខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេ។ នេះបើតាមរបាយការណ៍របស់សមាគមស្វាយចន្ទី៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

