មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី នឹងផ្តល់ការស្នាក់នៅឥតគិតថ្លៃជូននិស្សិតនារីក្រីក្រ និងពិការ ៨០នាក់ 

16/11/2022 4:00 pm ភ្នំពេញ

ដោយ៖ ហុង ស្រីណា 

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្តល់ការស្នាក់នៅឥតគិតថ្លៃដល់និស្សិតនារីក្រីក្រ និងនិស្សិតនារីពិការឆ្នាំទី១ មកពីខេត្តនានា ចំនួន៨០នាក់ នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី។



សិស្សានុសិស្សនារីក្រីក្រ ឬពិការ ដែលមានគោលដៅបន្តការសិក្សានៅទីក្រុងភ្នំពេញ ​ប៉ុន្តែមិនមានលទ្ធភាពចំណាយលើការស្នាក់នៅ ថ្លៃសាលា រួមទាំងការចាយវាយជាប្រចាំ អាចព្យាយាមដាក់ពាក្យនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីបាន។ សិស្សានុសិស្ស នឹងទទួលបានការស្នាក់នៅឥតគិតថ្លៃរយៈពេល៤ឆ្នាំ។

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ដែលមានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងទទួលស្វាគមន៍និស្សិតឆ្នាំទី១ ជានារីនៅឆ្នាំ២០២៣នេះ។ បេក្ខជន អាចទៅយកពាក្យស្នើសុំស្នាក់នៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន ចាប់ពីថ្ងៃផ្សាយដំណឹងនេះ និងត្រូវដាក់ពាក្យឱ្យទាន់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ បេក្ខជន ដែលចង់ទទួលអាហារូបករណ៍ស្នាក់នៅឥតគិតថ្លៃនេះ ត្រូវគោរពតាម ៣លក្ខខណ្ឌ។ 


ទិដ្ឋភាពសិស្សប្រឡងសញ្ញាទុតិយភូមិឆ្នាំ២០២១។ រូបភាព៖ ហុង ស្រីណា 

បេក្ខជន ត្រូវជានិស្សិតនារីក្រីក្រអាហារូបករណ៍ ឬបង់ថ្លៃ ដែលកំពុងសិក្សាតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនានាក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនោះ បេក្ខជន ក៏ត្រូវតែជានិស្សិតនារីក្រីក្រ និងនិស្សិតនារីពិការមកពីខេត្តនានា ដោយត្រូវភ្ជាប់លិខិតបញ្ជាក់ពីមេភូមិ និងមេឃុំ។​ ជាមួយគ្នានេះដែរ បេក្ខជន ត្រូវនៅលីវ មានវិន័យ និងសិលធម៌ល្អ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ 

ក្រោយការដាក់ពាក្យរួចរាល់ បេក្ខជន មិនតម្រូវឱ្យមានការប្រឡងឡើយ ដោយបេក្ខជន ដែលគោរពតាមលក្ខខណ្ឌខាងលើ នឹងត្រូវបានគណៈកម្មាការក្រសួងអប់រំជ្រើសរើស។ លទ្ធផលនឹងចេញផ្សាយថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ តាមរយៈគេហទំព័រផ្លូវការក្រសួងអប់រំ ឬនិស្សិតអាចទៅមើលលទ្ធផលផ្ទាល់នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី៕

ព័ត៌មានទាក់ទង