មេពន្ធដារ តម្រូវឱ្យម្ចាស់សហគ្រាសតាំងឯកសារនៃការចុះបញីពន្ធដារ នៅកន្លែងធ្វើសកម្មភាពសេដ្ឋកិច្ច

16/11/2022 9:00 am ភ្នំពេញ

អគ្គនាយកពន្ធដារ តម្រូវឱ្យម្ចាស់សហគ្រាស  នាយក និងបណ្ណាធិការ បំពេញកាតព្វកិច្ចនូវការដាក់តាំង ឬព្យួរបង្ហាញឯកសារបញ្ជាក់ការចុះបញ្ជីពន្ធដារ ដែលមានសុពលភាព នៅកន្លែងធ្វើសកម្មភាពសេដ្ឋកិច្ចនីមួយៗ។ លោក គង់ វិបុលអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា អ្នកដែលមិនអនុវត្តតាមណែនាំនេះ នឹងត្រូវរងទោសទណ្ឌ។



លោក គង់ វិបុល បានបញ្ជាក់ថា វិញ្ញបនបត្រចុះបញ្ជីពន្ធដារ ឬលិខិតបញ្ជាក់ពីការចុះបញ្ជីពន្ធដារ  និងប័ណ្ណពន្ធប៉ាតង់ ត្រូវដាក់តាំងនៅទីចាត់ការសហគ្រាស។ ចំពោះសាខាសហគ្រាស ក៏ត្រូវតាំងបង្ហាញលិខិតទាំងនេះដែរ។
បើតាមលោក គង់ វិបុល ការធ្វើបែបនេះគឺមានគោលគ្រប់គ្រងការប្រមូលពន្ធប៉ាតង់  និងការបញ្ជាក់អំពីសិទ្ធិ និងកាតព្វកិច្ចជាភ្នាក់ងារកាត់ទុកនិងប្រមូលអាករលើតម្លៃបន្ថែម(VAT) ពីអតិថិជន សម្រាប់ប្រកាសបង់ពន្ធមករដ្ឋបាលសារពើពន្ធ។ លោក បានបន្ថែមថា ចំពោះអ្នកមិនអនុវត្តមានសសេចក្តីណែនាំនេះទេ នឹងត្រូវចាត់ទុកថាប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទបញ្ញត្តិស្តីពីពន្ធដារ និងត្រូវទទួលរងទោសទណ្ឌស្រមតាមមាត្រា ១៣៣ នៃច្បាប់ស្តីពីសារពើពន្ធ។

ជាមួយគ្នានេះ អគ្គនាយកពន្ធដារសង្ឃឹមខ្ពស់ថា ម្ចាស់សហគ្រាស  នាយក និងបណ្ណាធិការទាំងអស់ នឹងអនុវត្តតាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ នេះបើយោងតាមសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធ ស្តីពីការដាក់តាំង ឬព្យួរបង្ហាញឯកសារបញ្ជាក់ការចុះបញ្ជីពន្ធដារ នៅទីកន្លែងធ្ចើសកម្មភាពសេដ្ឋកិច្ច ដែលចុះហត្ថលេខាដោយ លោក គង់ វិបុល នាថ្ងៃទី១៤វិច្ឆិកា ឆ្នាំ២០២២ ៕ 

 

ព័ត៌មានទាក់ទង