កៅស៊ូ ធ្លាក់ថ្លៃយ៉ាងគំហុក ខណៈកសិករស្នើរដ្ឋាភិបាលបញ្ចេញថវិកាគាំទ្រ

12/11/2022 4:00 pm ភ្នំពេញ

ដោយ: ឈុំ ចន្ថា

ភ្នំពេញ៖ តម្លៃជ័រកៅស៊ូ បានធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេល១ខែចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាល ចេញសារាចរទប់ស្កាត់ការនាំចេញជ័រ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទេស។ ជុំវិញបញ្ហានេះ សហគមន៍កសិកម្មកៅស៊ូ គ្រួសារខេត្តប៉ៃលិន បង្ហាញក្ដីបារម្ភថា កសិករអាចនឹងបោះបង់របរចៀរជ័រ ហើយងាកទៅធ្វើការចំណាកស្រុកវិញ។ ពួកគេចង់ឱ្យរដ្ឋាភិបាល បញ្ចេញថវិកាគាំទ្រ ដល់តម្លៃដែលកំពុងធ្លាក់ចុះ។



លោក សួង អ៊ីហាវ ប្រធានត្រួតពិនិត្យនៃសហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិន បានឱ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកានេះថា រយៈពេល១ខែនេះ តម្លៃជ័រកៅស៊ូ បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពី ដ្ឋាភិបាលចេញវិធានការ ទប់ស្កាត់ការនាំចេញជ័រ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទេស ខណៈបរិមាណកៅស៊ូក្នុងស្រុកកើនឡើង។ បច្ចុប្បន្ន ជ័រកៅស៊ូ បានធ្លាក់ថ្លៃប្រមាណ ១ពាន់រៀល ពោលគឺពី ៣ ២០០ មកនៅត្រឹម ២ ២០០រៀល ក្នុងមួយគីឡូក្រាម។ លោក អះអាងថា តម្លៃបែបនេះ ពុំអាចឱ្យកសិករចំណេញបាននោះទេ។
 
លោក រៀបរាប់ថា កៅស៊ូ ជាដំណាំមួយប្រភេទ ដែលមានជំងឺច្រើន។ ហេតុនេះ កសិករ ត្រូវចំណាយច្រើនទៅលើថ្នាំការពារ និងព្យាបាល។ ម្យ៉ាងវិញទៀត នៅពេលប្រមូលផលជ័រ ត្រូវបែកចែកចំណូល ៤០ ទៅ៥០ភាគរយ ទៅលើថ្លៃពលកម្មចៀរជ័រ។ សព្វថ្ងៃ កសិករ និងកម្មករជំនាញមួយចំនួន កំពុងពិចារណាបោះបង់ការងាររបស់ខ្លួន ហើយងាកទៅរកការងារចំណាកស្រុកវិញ ដោយសារការធ្លាក់ចុះនៃតម្លៃជ័រកៅស៊ូ។   
 
លោក ប្រាប់ដូច្នេះថា៖« ឥឡូវនេះ មានអ្នកខ្លះចង់បញ្ឈប់ការចៀរជ័រហើយ ព្រោះអីយើងចែកចំណូលស្មើគ្នា ដល់តែពេល ធ្លាក់ថ្លៃអ៊ីចឹង គ្នា(កម្មករចៀរជ័រ) បានអីហូប។ អ៊ីចឹង មានតែបង្ខំចិត្តឈប់។ តម្លៃ ២ ២០០រៀលនេះ ខាតច្រើន ហើយអ្នកធ្វើ គាត់លែងមានកម្លាំងធ្វើ។ ប្រសិនបើកម្មករទាំងនោះ រត់ចេញអស់ យើងហ្នឹងខាតទាំងស្រុង ព្រោះឥឡូវ ពិបាករកកម្មករណាស់»។


លោក សួង អ៊ីហាវ ប្រធានត្រួតពិនិត្យនៃសហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិន។ រូបផ្ដល់ដោយ លោក សួង អ៊ីហាវ
 
កាលពីថ្ងៃទី៤ ខែវិច្ឆិកា រដ្ឋាភិបាល បានសារាចរ​​ទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេសជាថ្មី ក្នុងគោលបំណងសម្រួលដល់កសិករ ដែលដាំកៅស៊ូជាលក្ខណៈគ្រួសារ អាចមានជម្រើស និងទទួលបានប្រាក់ចំណេញខ្ពស់។ 
 
ចំពោះមុខ លោក សួង អ៊ីហាវ មិនជំទាស់នឹងវិធានការរបស់រដ្ឋ ដែលចង់ជួយកសិករនោះទេ។ ប៉ុន្តែ លោកស្នើឱ្យរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ចេញថវិកា​គាំទ្រដល់តម្លៃកៅស៊ូឱ្យប្រសើឡើងវិញ។ លោកថា ប្រសិនបើតម្លៃកៅស៊ូបានត្រឹម ៣ ០០០រៀល នោះកសិករ នឹងមានកម្លាំងចិត្តបន្តការងាររបស់ពួកគេ។
 
លោក ប្រាប់ដូច្នេះថា៖« យើងមើលទៅប្រទេសជិតខាង កាលណាតែធ្លាក់ថ្លៃ រដ្ឋមានតួនាទីជួយឧបត្ថម្ភគាំទ្រខ្លះហើយ។ ឧទាហរណ៍ថា ឈ្មួញហ៊ានទិញត្រឹម ២ ២០០រៀល អ៊ីចឹង រដ្ឋាភិបាល គួរតែជួយចេញ ៤០០រៀលអីមក ដើម្បីកុំឱ្យធ្លាក់ខ្លាំងពេក។ អ៊ីចឹង ខ្ញុំស្នើឱ្យរដ្ឋាភិបាលជួយឧបត្ថម្ភខ្លះមក»។  
 
អ្នកស្រី សៀក មុំ កសិករដាំកៅស៊ូជាង១០ហិកតា នៅស្រុកកែសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងដែរថា រយៈពេល ២ខែមកនេះ ជ័រកៅស៊ូ បានធ្លាក់ថ្លៃរហូតដល់ ១ ៦០០រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុនបានតម្លៃ ២ ២០០រៀល ក្នុងមួយគីឡូក្រាម។ 
 
កសិកររូបនេះ ត្អូញត្អែរពីការបាត់បង់ចំណូល ដោយសារជួបបញ្ហាប្រឈមញឹកញាប់ ដូចជាភ្លៀងធ្លាក់ច្រើនពេក ធ្វើឱ្យធ្លាក់ទិន្នផលជ័រ ខណៈបច្ចុប្បន្ន ទទួលបានជ័រច្រើន បែរជាតម្លៃធ្លាក់ចុះទៅវិញ។ ការធ្លាក់ថ្លៃលឿនបែបនេះ បានធ្វើឱ្យប៉ះពាល់ប្រាក់ចំណូលខ្លួន និងកម្មករចៀរជ័រ ជាពិសេស ខ្ទង់ចំណាយលើការបង់ធនាគាររាល់ខែ។ 


 
អ្នកស្រី សៀក មុំ ប្រាប់ដូច្នេះថា៖«ជ័រហ្នឹង ធ្លាក់ថ្លៃប្រហែល២ខែហើយ។ កាលខែវស្សា មិនសូវបានជ័រប៉ុន្មានផង។ តែដល់ឥឡូវបានជ័រច្រើន តម្លៃចុះថោក។ និយាយទៅ យើងជំពាក់ធនាគារខ្លះដែរ។ យើងត្រូវសងគេ អ៊ីចឹង វាមិនគ្រាប់គ្រាន់នោះទេ ហើយយើងត្រូវបែងចែកចំណូល ទៅឱ្យកម្មករចៀរជ័រពាក់កណ្ដាល»។
 
អ្នកស្រី មិនទាន់ដឹងមូលដែលធ្វើឱ្យជ័រកៅស៊ូធ្លាក់ថ្លៃបែបនេះទេ។ ប៉ុន្តែ អ្នកស្រី ស្នើរដ្ឋាភិបាល ជួយពង្រឹងតម្លៃផលិតផលកៅស៊ូឱ្យបាន ២ ២០០រៀល ក្នុងមួយគីឡូក្រាមវិញ ដើម្បីបន្ធូរបន្ថយបន្ទុករបស់កសិករ។ 
 
យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមឆ្នាំ ២០២១ កម្ពុជាមានផ្ទៃដីកៅស៊ូជាង ៤០ម៉ឺនហិកតា ក្នុងនោះឧស្សាហកម្មកៅស៊ូមានជាង ២៤ហិកតា និងកៅស៊ូគ្រួសារជាង ១៦ម៉ឺនហិកតា។ កម្ពុជា មានរោងចក្រ សិប្បកម្មកែច្នៃកៅស៊ូ ១៦៨កន្លែង ស្ថិតក្នុងខេត្តចំនួន ១១ ដែលមានលទ្ធភាពនាំចេញផលិតផលកៅស៊ូបានជាង ៣៧ម៉ឺនតោន ដោយទទួលបានចំណូលចំនួន ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង ១,៥លានដុល្លារ៕  

ព័ត៌មានទាក់ទង