កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាលើការនាំចេញអង្ករទៅហ្វីលីពីន

11/11/2022 3:00 pm ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ ហ្វីលីពីន បានឯកភាពឱ្យកម្ពុជានាំចេញអង្ករ ទៅកាន់ប្រទេសរបស់ខ្លួន។ ក្នុងនោះដែរ កម្ពុជា ចង់ឱ្យអ្នកវិនិយោគហ្វីលីពីន បោះទុនលើម៉ាស៊ីនកិនស្រូវ និងឃ្លាំងសម្ងួត សម្រាប់ផលិត និងនាំចេញដោយខ្លួន។

 

ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១  និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន លើបញ្ហាអាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួនដូចជា កសិកម្ម, ពាណិជ្ជកម្ម, ទេសចរណ៍, ព័ត៌មានវិទ្យា, ឡូជីស្ទីក, ការពារជាតិ ជាពិសេស ការនាំចេញអង្ករចេញទៅកាន់ប្រទេសហ្វីលីពីន។ 

ជុំវិញការនាំចេញអង្ករទៅហ្វីលីពីននេះ សម្ដេច ហ៊ុន សែន បានប្រាប់ទៅកាន់លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ថា ក្រុមហ៊ុនហ្វីលីពីន បោះទុនវិនិយោគ១០០ភាគរយ លើការបង្កើតម៉ាស៊ីនកិនស្រូវ ឃ្លាំង និងឡសម្ងួត សម្រាប់ការប្រមូលទិញ និងកិន នាំចេញទៅដោយខ្លួនឯងបាន។ មិនតែប៉ុណ្ណោះ អ្នកវិនិយោគ ហ្វីលីពីន ក៏អាចឱ្យកសិករកម្ពុជា ដាំដុះដំណាំស្រូវ ដែលជាតម្រូវការរបស់ប្រជាជនហ្វីលីពីន សម្រាប់នាំចេញផងដែរ។

កញ្ញា អឹម រចនា សមាជិកខុទ្ទកាល័យរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកផ្នែកព័ត៌មាន បានបញ្ជាក់ថា កន្លងមក កម្ពុជាពុំទាន់សម្រេចបានការនាំចេញអង្ករទៅប្រទេសហ្វីលីពីននោះទេ។ នៅក្នុងតំបន់អាស៊ាន មានតែ៤ប្រទេសប៉ុណ្ណោះ ដែលទទួលទិញអង្ករពីកម្ពុជា មានដូចជា វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងសិង្ហបុរី។ 

យោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករ រយៈពេល១០ ខែឆ្នាំ២០២២ កម្ពុជាបានចំណូលប្រមាណ ៣២៣លានដុល្លារ ពីការនាំចេញអង្ករជាង ៥០ម៉ឺនតោន ទៅកាន់ប្រទេសគោលដៅចំនួន៥៦។  ក្នុងនោះ ការនាំចេញទៅ ចិន ហុង កុង ម៉ាកាវ មានចំនួន ២៣១ ៨៧៣តោន អឺរ៉ុប ១៧៩ ០៧៣តោន អាស៊ាន ៤៨២៥៣តោន និង២៥ប្រទេសផ្សេងទៀតចំនួន ៥០០ ៥០តោន៕ 


 

ព័ត៌មានទាក់ទង