កម្ពុជាមានគោលដៅលើកកម្ពស់គម្លាតឌីជីថលក្នុងអាស៊ាន តាមរយៈវិស័យឯកជន

10/11/2022 3:00 pm ភ្នំពេញ

ដោយ៖ ស៊ុល រ៉វី 
ភ្នំពេញ៖ វិស័យឯកជន មានតួនាទីកាន់តែសំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមជាមួយអាស៊ាន ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន ភាពធន់ និង ចរីភាព ក្នុងពេលដែលស្ថានភាពសង្គម-សេដ្ឋកិច្ច ត្រឡប់រកប្រក្រតីភាពថ្មី។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះនាពិធីបើក កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

 

ក្នុងសុន្ទរកថាសម្ដេច ហ៊ុន សែន បានដាក់ចេញនូវចំណុចចំនួន៥ ដែលវិស័យឯកជនចូលរួមជាមួយអាស៊ាន ក្នុងនោះរួមមាន ការលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយភាតរភាពបរិស្ថាន និង ការជំរុញឌីជីថលភាវូបនីយកម្ម​ ជាមួយនឹងការលើកកម្ពស់ការកាត់បន្ថយគម្លាតឌីជីថល។ ចំណុចទី២ ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន, បច្ចេកវិទ្យាឌីជីថល, ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការលើកកម្ពស់នវានុវត្តន៍។ 

កិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ានឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា។ 

ចំពោះចំណុចទី៣ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា, ចំណេះដឹង និងចំណេះធ្វើ, ការបណ្ដុះបណ្ដាលជំនាញឡើងវិញ និងការលើក​កម្ពស់ជំនាញបន្ថែម។ ចំណុចទី៤ គឺការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេស ការជំរុញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ក៏ដូចជាការទាញប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន ដែលមានស្រាប់។ ចំណែក​ចំណុចទី៥ ការបំពេញបន្ថែមនូវតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ការស្ដារឡើងវិញ នូវកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។ល។

ជាមួយនឹងការជំរុញវិស័យឯកជននេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និង​ឌីជីថល, លើកកម្ពស់គុណភាពសេវាឡូជីស្ទីក, បង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ, ជំរុញការអភិវឌ្ឍជំនាញ និងការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គមជាដើម។ 

ក្រៅពីជំរុញលើផ្នែកឌីជីថល កម្ពុជាបានលើកសំណើឱ្យមានការរៀបចំនូវ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតង ប្រកបដោយចីរភាព និង ភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច។ ការណ៍នេះ ក៏ដើម្បីរួមចំណែកក្នុងការឆ្លើយតប នឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាត, គ្រោះធម្មជាតិ និង ការបំផ្លាញបរិស្ថានជាដើម។ 

បន្ទាប់ពីការចូលរួមពីវិស័យឯកជន រាជរដ្ឋាភិបាលបានអនុម័តនូវ «ច្បាប់ស្ដីពីវិនិយោគ»ថ្មីមួយ និង បានដាក់ចេញនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។ ការណ៍នេះ ដើម្បីស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយភាពធន់ ចីរភាព និង បរិយាប័ន្ន។ 

ជាមួយគ្នានេះ កម្ពុជាប្ដេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធ រួមគ្នាជាមួយនឹងប្រទេសអាស៊ាន និង ដែគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់៕ 
 

ព័ត៌មានទាក់ទង