កម្ពុជា-ចិន ចុះហត្ថលេខាលើពិធីសារភូតគាមអនាម័យ នាំចេញម្រេច និងជលផលទៅចិន

10/11/2022 11:46 am ភ្នំពេញ


ដោយ៖ ឈុំ ចន្ថា 
ភ្នំពេញ៖ កម្ពុជា និងចិន បានចុះហត្ថលេខាលើពិធីសារ«លក្ខខណ្ឌតម្រូវភូតគាមអនាម័យ» សម្រាប់នាំចេញម្រេច និងជលផលធម្មជាតិ ទៅកាន់ទីផ្សារប្រទេសចិន។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងរវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ថាង រិនជៀន (Tan Renjian) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទចិន នៅថ្ងៃទី៩ ខែវិច្ឆិកា។



នៅមុខ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោក ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន រដ្ឋមន្រ្តីកសិកម្ម នៃប្រទេសទាំងពីរ កម្ពុជា-ចិន បានចុះហត្ថលេខាលើ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ នាំចេញម្រេច ពីកម្ពុជាទៅកាន់ប្រទេសចិន។ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវការត្រួតពិនិត្យ ចត្តាឡីស័ក និងអនាម័យសត្វ សម្រាប់ផលិតផលជលផលធម្មជាតិ នាំចេញពីកម្ពុជា ទៅចិន។

លើសពីនេះ ភាគីទាំងពី ក៏បានចុះអនុស្សារណៈនៃការយោគយល់ (MOU) លើការពង្រឹងកិច្ចសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ និងកិច្ចព្រមព្រៀងនៃការផ្តល់ជំនួយវ៉ាក់សាំងសត្វផងដែរ។ 

ក្នុងពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន កាលពីថ្ងៃទី២៧ ខែតុលា លោក ឌិត ទីណា បានទឹកចិត្តឱ្យភាគីពាក់ព័ន្ធ កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីរកមធ្យោបាយថ្មីៗ និងប្រសិទ្ធភាពឆ្លើយតបទៅនឹងទំហំសក្តានុពលកសិកម្ម។ លោក ត្រៀមលក្ខណៈរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងទទួលយកការវិនិយោគថ្មីៗទៀតពីប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ។ 

បច្ចុប្បន្ន កម្ពុជា សម្រេចបានការនាំចេញផលិតផលកសិកម្មចំនួន ៣៦មុខហើយ ទៅកាន់ទីផ្សារចិន បន្ទាប់ពីជោគជ័យលើការនាំចេញផ្លែមៀនប៉ៃលិន ផ្លូវការទៅប្រទេសចិន៕   


 

ព័ត៌មានទាក់ទង