កម្ពុជា ទទួលបានទុនវិនិយោគប្រមាណ ៣,៥ ពាន់លានដុល្លាររយៈពេល១០ខែ

09/11/2022 12:00 pm ភ្នំពេញ

ដោយ៖ សែម វណ្ណា

ភ្នំពេញ៖ ឧត្តមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,៥ ពាន់លានដុល្លារអាម៉េរិក។ ការវិនិយោគនៅកម្ពជា ក៏បានកើនឡើង ១៥គម្រោង និងទុនវិនិយោគកើនឡើងប្រមាណ ១,៣%។



គម្រោងវិនិយោគទាំង១៦១គម្រោងនេះ គឺវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេ។ វិស័យឧស្សាហកម្មមានចំនួន ៤១,៥% និងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ៥១%។ 

លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា CDC និងក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងរៀបចំ អនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ CDC ក៏កំពុងបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាក្របខណ្ឌគតិយុត្ត និងយន្តការផ្សេងៗទៀតផងដែរ។ 

ចំពោះការដាក់ចេញនូវយន្តការទាក់ទាញវិនិយោគចំគោលដៅ CDC បានដាក់ឱ្យដំណើរការផែនការ «តុវិនិយោគកសិ-ចំណីអាហារកម្ពុជា» ដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជាបន្ថែមមួយកម្រិតទៀត។ CDC បានរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ដែលគ្រោងនឹងដាក់ជូនរាជរដ្ឋាភិបាលអនុម័តចុងឆ្នាំ២០២២នេះ។

CDC រំពឹងថា ផែនការនេះ នឹងចូលរួមចំណែកក្នុងការបង្កើនការផលិត និងការនាំចេញផលិតផលក្នុងវិស័យទាំងពីរ និងបង្កើនចំនួនការងារ។ ផែនការទាំងនេះ នឹងអាចផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មនៃវិស័យទាំងពីរទៅខ្សែច្រវាក់ផលិតកម្មរបស់ប្រទេសជិតខាងដូចជាប្រទេសវៀតណាម និងប្រទេសថៃ៕ 
 

ព័ត៌មានទាក់ទង