កសិករជាង៩០០គ្រួសារក្នុងខេត្តពោធិ៍សាត់ បានដាំស្រូវឡើងវិញ ក្រោយទទួលពូជពីរដ្ឋាភិបាល

07/11/2022 2:09 pm ពោធិ៍សាត់

ដោយ: ឈុំ ចន្ថា

ភ្នំពេញ៖ កសិករជាង៥ពាន់គ្រួសារក្នុងខេត្តពោធិ៍សាត់ ទទួលបានពូជស្រូវពីរដ្ឋាភិបាល ក្នុងនោះ មានកសិករចំនួន ៩៤១គ្រួសារ បានដាំស្ដារស្រូវឡើងវិញ ក្រោយទឹកជំនន់ចាប់ផ្ដើមស្រក។ បន្ថែមពីនេះ អាជ្ញាធរ បានណែនាំឱ្យកសិករទប់ទឹកទុក តាមប្រឡាយ ស្រះ ឬស្រែ ដើម្បីធានាថាមិនខ្វះទឹកប្រើប្រាស់នៅពេលខាងមុខ។



នាពេលថ្មីៗនេះ លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ បានដឹកនាំ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោក គិត ផល អនុប្រធានមន្ទីរធនធានទឹកខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញមួយចំនួន ចុះទៅពិនិត្យការងារបង្កបង្កើនផលស្រូវស្តារឡើងវិញ របស់កសិករឃុំស្រែស្តុក ស្រុកកណ្តៀង។ 
 
ក្នុងដំណើរនោះ លោក ឡាយ វិសិដ្ឋ បានណែនាំអាជ្ញាធរ និងកសិករ ត្រូវរួមគ្នាទប់រក្សាទឹកទុក តាមប្រឡាយមេ ប្រឡាយរង ស្រះ ឬស្រែឱ្យនៅគង់វង្ស ដើម្បីមានលទ្ធភាពស្តារឡើងវិញ ជៀសវៀងមានស្រូវពូជហើយខ្វះខាតទឹក។
  

រូបពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់

សូមជម្រាបថា ខេត្តពោធិ៍សាត់ មាន៧ក្រុង-ស្រុក ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះ​ បានប៉ះពាល់ពលរដ្ឋចំនួន ១៣៧ ៧៥គ្រួសារ និងដំណាំស្រូវ ១៩៥ ៩៦ហិកតា ខូចខាតអស់ចំនួន ៩៣២១ហិកតា។ គិតមកដល់ពេលនេះ ផ្ទៃដីដែលអាចដាំស្ដារឡើងវិញបានចំនួន ៦៦៦៨ហិកតា ដូចជា ដំណាំកសិ-ឧស្សាហកម្មចំនួន ៣០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣២០៩ហិកតា។
 
យោងតាម មន្ទីរកសិកម្មខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី៤ វិច្ឆិកា កសិករចំនួន៩៤១គ្រួសារហើយ បានដាំស្រូវស្ដារឡើងវិញ ដែលស្មើនឹង១៨ភាគរយ និងផ្ទៃដីដែលបានស្តារចំនួន ១១០៥ហិកតា ស្មើនឹង១៦ ភាគរយ។ ដោយឡែកផ្ទៃដីដែលនៅសេសសល់ មិនទាន់បានព្រួសស្តារឡើងវិញនោះទេ ដោយសារទឹកក្នុងស្រែមិនទាន់ស្រក៕

ព័ត៌មានទាក់ទង