អាជ្ញាធរខេត្តកណ្តាល ឱ្យម្ចាស់អាជីវកម្មខ្សាច់ ផ្អាកដឹក​ខ្សាច់តាមដងទន្លេ​អំឡុងកិច្ចប្រជុំកំ​ពូល​​អាស៊ាន

07/11/2022 12:00 pm ភ្នំពេញ

ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល បានប្រាប់ឱ្យ​ម្ចាស់អាជីវកម្មខ្សាច់ទាំងអស់ ផ្អាកបណ្តោះអាសន្ន ការដឹកជញ្ជូនខ្សាច់តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រសុ្រកខ្សាច់កណ្តាល និងស្រុកមុខកំពូល ចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី ១៤វិច្ឆិកា។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ការផ្អាកការដឹកខ្សាច់តាមទន្លេនេះ គឺដើម្បីរក្សាសុវត្ថិភាព របៀបរៀបរយ សណ្តាប់ធ្នាប់ និងជាការត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើទី៤០-៤១ ដែលនឹងធ្វើឡើងនៅទីក្រុងភ្នំពេញ។



សូមជម្រាបថា មេដឹកនាំ​ប្រទេសប្រមាណ៣៤ ដែលជាសមាជិកអាស៊ាន ប្រទេសដៃគូអាស៊ាន និងប្រធានស្ថាប័នអន្តរជាតិមួយចំនួន ​មានវត្តមានដោយផ្ទាល់ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត។​ ជាមួយគ្នានេះ វត្តមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាង១ ៦០០នាក់ ក៏នឹងចូលរួមយកព័ត៌មាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះដែរ​។ នេះជាលើកទី៣ ដែលជាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយលើកទី១ នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២៕

ព័ត៌មានទាក់ទង