បុគ្គលឆ្នើមនៃទន្លេមេគង្គថា ពានរង្វាន់សម្រាប់អ្នកអភិរក្ស ជាការជំរុញឆន្ទៈឱ្យកាន់តែមោះមុត

06/11/2022 9:00 am ភ្នំពេញ

ដោយ: ប៉ូ សុភា
ភ្នំពេញ៖ បេក្ខភាពទាំង៦រូប ដែលទទួលបានពានរង្វាន់បុគ្គលិកឆ្នើមក្នុងការអភិរក្សទន្លេមេគង្គឆ្នាំ២០២២ ថា ពាននេះ ជាការទទួលស្គាល់ និងឱ្យតម្លៃលើការងារការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសការបណ្ដុះឆន្ទៈស្មារតីពួកគេថែមទៀត។



អ្នកស្រី ហួយ ស្រីនៅ ជាមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលកម្ពុជា បានប្រាប់សារព័ត៌មានThmeyThmey25ថា កម្មវិធីប្រគល់ពាន់រង្វាន់បុគ្គលឆ្នើម អាចជាផ្នែកមួយនៃការជំរុញលើកទឹកចិត្តដល់អ្នកធ្វើការងារការពារអភិរក្ស ឱ្យកាន់តែប្រសើរនៅក្នុងអាជីព និងជំនាញនេះ។ 
  

អ្នកស្រី ហួស ស្រីនៅ ជាមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលកម្ពុជា

អ្នកស្រី ស្រីនៅលើកឡើងថា៖ « ខ្ញុំធ្វើការច្រើនឆ្នាំហើយ ហើយនេះជាលើកទីមួយ ដែលទទួលពានរង្វាន់ជាផ្លូវការបែបនេះ។ កម្មវិធីនេះធំ មានអ្នកចូលរួមច្រើន ខ្ញុំអាចចែករំលែកនូវ​បទពិសោធន៍ និងអាចជួយជំរុញលើកទឹកចិត្តសាធារណជន ឱ្យចាប់អារម្មណ៍បន្ថែមទៀត»។ 
 
ដ្បិតការងារអភិរក្សនេះ មានការលំបាកក្តី ប៉ុន្តែមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលខាងលើ នៅតែមិនរួញរា ដោយសារកម្លាំងនៃការលើកទឹកចិត្តពីគ្រួសារ និងមនុស្សនៅជុំវិញខ្លួន។ 
 
ជាមួយគ្នានេះ លោក ហោ សំអាត អនុប្រធានសហគមន៍នេសាទដីក្រោមរហាលសួង ក្នុងខេត្តបាត់ដំបង បានលើកឡើងថា លោក និងសហគមន៍ ធ្លាប់បាក់ទឹកចិត្តដែរ ដោយសារយល់ឃើញថា ការងារដែលលោកប្រឹងប្រែងកន្លងមក មិនត្រូវបានគេទទួលស្គាល់។ 
  

លោក ហោ សំអាត អនុប្រធានសហគមន៍នេសាទស្តីក្រោមរហាលសួង ក្នុងខេត្តបាត់ដំបង

និយាយដោយសា្នមញញឹម ក្នុងពេលកំពុងជួបជុំគ្នាពិសារអាហារពេលល្ងាច ក្នុងសណ្ឋាគារ ហ៊ីមម៉ាវ៉ារី លោកសំអាត បានបញ្ជាក់ថា ពេលនេះ អារម្មណ៍ធ្លាប់បាក់ទឹកចិត្ត ប្រែមកជាកម្លាំងចិត្តវិញ ក្រោយមានការផ្ដល់ពានរង្វាន់ ដល់មន្ត្រីអភិរក្ស និងការពារធនធានធម្មជាតិបែបនេះ។
 
លោកសំអាតបានបញ្ជាក់ដូច្នេះ៖ « ការប្រឹងប្រែងរបស់ខ្ញុំកន្លងមកភាគច្រើនធ្វើឡើងដោយក្តីស្រឡាញ់ និងការពេញចិត្ត។ ការងារជាមួយសហគមន៍ទោះពេលខ្លះ មានបញ្ហាខ្លះពិបាកដោះស្រាយ បាក់ទឹកចិត្ត ប៉ុន្ដែយើងក៏នៅតែស៊ូបានរហូតមកដល់សព្វថ្ងៃ។ ថ្ងៃនេះយើងមានឱកាស បានគេទទួលស្គាល់ទ្រង់ទ្រាយធំ។ ខ្ញុំមិនធ្លាប់គិតទេពីមុន។ រំភើបណាស់»។ 
ក្រោយទទួលបានពានបុគ្គលឆ្នើមនេះ លោក សំអាត ជឿជាក់ថា សហគមន៍នេសាទលោក នឹងកាន់តែមានការការពារជាងពីមុន ។
 
អ្នកស្រី ប៊ុត ច័ន្ទមេត្តា ជាមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំ និងផ្សព្វផ្សាយនៃអង្គការWWF ប្រចាំនៅកម្ពុជា ដែលបម្រើការងារជាង១០ឆ្នាំមកនេះ បានពោលថា ការទទួលស្គាល់ជាលក្ខណៈផ្លូវការនេះ បានធ្វើឱ្យ អ្នកស្រីកាន់តែមានក្តីសង្ឃឹមលើការងារ ។
  

​អ្នកស្រី ប៊ុត ច័ន្ទមេត្តា ជាមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំ និងផ្សព្វផ្សាយនៃអង្គការWWF ប្រចាំនៅកម្ពុជា

« ជាស្រ្តីធ្វើការងារជាអ្នកអភិរក្សមិនងាយទេ។ យើងពិតជាត្រូវការការលើកទឹកចិត្ត និងការផ្ដល់ឱកាសពីស្ថាប័នជាខ្លាំង។ ជាក់ស្ដែងដូចរូបខ្ញុំ ប្រសិនបើមិនមានឱកាសពីស្ថាប័នម្លេះ ក៏គ្មានវាសនាបានចូលរួមបម្រើការងារបែបនេះដែរ​។ ដូច្នេះពានបុគ្គលឆ្នើមគឺមិនមែនសម្រាប់តែខ្ញុំនោះទេ គឺសម្រាប់អ្នកគ្រប់គ្នា នៅជុំវិញដែលតែងលើកទឹកចិត្តកន្លងមក»។ នេះជាការលើកឡើងរបស់អ្នកស្រី ច័ន្ទមេត្តា។
 
អ្នកស្រី លុយ រស្មី នាយិកាប្រតិបត្តិនៃសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ ជាង៣០ឆ្នាំ បានលើកឡើងបន្ថែមថា៖ « ខ្ញុំគិតថា អ្វីដែលយើងគួរយកចិត្តទុកដាក់នោះ គឺត្រូវធ្វើគំរូសម្រាប់សិស្សជំនាន់ក្រោយបានឃើញ។ នៅពេលមានគំរូ ចង់ឬមិនចង់ពួកគាត់នឹងមានគ្រោងខ្លះដើម្បីអនុវត្ត។ ពិតជាមានតម្លៃណាស់ មិនថាអ្នកចូលរួមការពារបរិស្ថានដោយផ្ទាល់ឬប្រយោលក្តី អ្នកនឹងបានក្លាយជាគំរូមួយដែលមានតម្លៃ»។ 
  

អ្នកស្រី លុយ រស្មី នាយិកាប្រតិបត្តិនៃសមាគមថែរក្សាបរិស្ថាន និងវប្បធម៌

មិនខុសពីមន្ត្រីអភិរក្សផ្សេងទៀតនោះទេ លោក សោម ស៊ីថា ប្រធានគម្រោងមេគង្គ ស្រែអំបិល និងសមាគមអភិរក្សសត្វព្រៃនៃអង្គការWCS​ បានថ្លែងថា ការផ្ដល់ពានរង្វាន់នេះ វានឹងធ្វើឱ្យការការពារ និងអភិរក្សសម្បត្តិធម្មជាតិ កាន់តែមានសន្ទុះ។
  

លោក សោម ស៊ីថា ប្រធានគម្រោងមេគង្គ ស្រែអំបិល និងសមាគមអភិរក្សសត្វព្រៃនៃអង្គការWCS

« ក្រៅពីខ្ញុំ នៅមានក្រុមការងារដទៃទៀតធ្វើការលើកិច្ចការពារនិងអភិរក្ស​ជារៀងរាល់ថ្ងៃ។ ខ្ញុំអរគុណដល់ការចូលរួមជួយទាំងកម្លាំងកាយ និងចិត្តក្នុងកិច្ចការពារសម្បត្តិជាតិ ដែលយើងគ្រប់គ្នាគិតថា អាចនឹងផុតពូជ( អណ្ដើកហ្លួង) ប៉ុន្ដែពេលនេះយើងអាចរក្សា និងបង្កាត់ពូជបាន»។ លោក បន្ថែម។ 
 
ដោយឡែកលោក ឡោ គឹមសាន មន្ត្រីគម្រោងស្រាវជ្រាវនៃអង្គការWWF ប្រចាំនៅកម្ពុជាពន្យល់ថា ការងារជាអ្នកការពារ និងអភិរក្សធនធានធម្មជាតិពិតជាត្រូវការឱ្យតម្លៃពីមនុស្សគ្រប់គ្នា។ 
  

លោក ឡោ គឹមសាន មន្ត្រីគម្រោងស្រាវជ្រាវនៃអង្គការWWF ប្រចាំនៅកម្ពុជា

«ប្រសិនបើអ្នកមិនមែនជាអ្នកអភិរក្ស នៅពេលឃើញការងាររបស់ខ្ញុំអាចនឹងគិតថាជារឿងគ្រោះថ្នាក់ ប៉ុន្ដែសម្រាប់ខ្ញុំជារឿងធម្មតា ព្រោះវាធ្លាប់ទៅហើយ។ ដ្បិតធ្វើការច្រើនឆ្នាំពិតមែន ប៉ុន្ដែនេះជាលើកទីមួយដែលខ្ញុំទទួលបានពាន់បែបនេះ ហើយត្រូវគេអោយតម្លៃជាផ្លូវការលើការខិតខំប្រឹងប្រែងកន្លងមក។ វាពិតវាមានន័យណាស់សម្រាប់ខ្ញុំ រួមជាមួយអ្នកអភរិក្សផ្សេងៗ។ នេះជាពន្យល់របស់លោក សាន៕ 

ព័ត៌មានទាក់ទង