ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និង CBRE Cambodia ចាប់ដៃគ្នាលើកកម្ពស់ប្រតិបត្តិការផ្សារទំនើបព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា

05/11/2022 11:30 am ភ្នំពេញ

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា និងក្រុមហ៊ុន CBRE Cambodia  បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រដើម្បីបង្កើនការគ្រប់គ្រងផ្សារទំនើបព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះជាមួយផ្ទៃក្រឡាសំណង់ជាង 200,000 ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វនៃខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ។



ភាពជាដៃគូរវាងក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាទាំងពីរនេះ គឺសំដៅធានានូវការអនុវត្តល្អបំផុត និងការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការផ្សារទំនើបព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា។

ដោយសារផ្សារទំនើបជាកន្លែងចម្បងដែលផ្តល់នូវបទពិសោធន៍នៃការលក់រាយ និងការទិញទំនិញសម្រាប់ប្រជាជនកម្ពុជា ដូចនេះបទពិសោធន៍នៃការទិញទំនិញល្អរបស់អតិថិជន និងទំនាក់ទំនងល្អរវាងអ្នកជួលហាង គឺជាកត្តាសំខាន់ក្នុងការសម្រេចភាពជោគជ័យនៃផ្សារទំនើប។ ដូច្នេះ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងបង្កើតស្តង់ដារអន្តរជាតិក្នុងផ្នែកសំខាន់ៗចំនួន5៖
- Commercial Management ការគ្រប់គ្រងផ្នែកពាណិជ្ជកម្ម
- Tenant Engagement  ការចូលរួមរបស់អ្នកជួលហាង
- Consumer Engagement ការចូលរួមរបស់អ្នកប្រើប្រាស់
- Experience Management ការគ្រប់គ្រងផ្នែកបទពិសោធន៍
- Safety and Crisis សុវត្ថិភាពនិងហានិភ័យ

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប  បានលើកឡើងថា “គោលដៅនៃភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន CBRE Cambodia គឺដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការគ្រប់គ្រងផ្សារទំនើប ដើម្បីឆ្លើយតប និងសម្រេចនូវការរំពឹងទុករបស់អតិថិជនលើផ្សារទំនើបរបស់យើងខ្ញុំ”។ លោកបានបន្តទៀតថា “CBRE Cambodia គឺជាក្រុមហ៊ុនសេវាអចលនទ្រព្យអន្តរជាតិដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារ ដែលនឹងជួយយើងក្នុងការដោះស្រាយបញ្ហា និងធ្វើឲ្យផ្សារទំនើបយើងកាន់តែមានភាពពេញនិយម តាមរយៈក្រុមការងារដែលមានបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់។

លោក Lawrence Lennon នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា “ព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា ជាគម្រោងអភិវឌ្ឍន៍មួយដែលទទួលបានពានរង្វាន់ជាច្រើន និងបានកំណត់គោលដៅច្បាស់ ដើម្បីបម្រើទីផ្សារអ្នកប្រើប្រាស់ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅកម្ពុជា”។

លោក Lennon បានបន្ថែមថា "ភាពជាដៃគូយុទ្ធសាស្រ្តរបស់យើងជាមួយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក្នុងការគ្រប់គ្រងផ្សារទំនើបព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា ជាការបង្ហាញពីឱកាសដ៏ល្អមួយសម្រាប់យើងក្នុងការពង្រឹងបន្ថែមនូវផលិតផលដ៏ល្អឥតខ្ចោះមួយនៅក្នុងព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា"៕ 
 

ព័ត៌មានទាក់ទង