កម្ពុជា ​រំពឹងវិស័យកសិកម្ម ងើបឡើងវិញនៅឆ្នាំ២០២៣

03/11/2022 4:00 pm ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ រដ្ឋាភិបាល រំពឹងថា វិស័យកសិកម្មកម្ពុជា កើនឡើងក្នុងរង្វង់ ១ភាគរយ នៅឆ្នាំ២០២៣។ ការរំពឹងដូច្នេះ បន្ទាប់ពីគេមើលឃើញអនុវិស័យសំខាន់ៗដូចជា ដំណាំ ចិញ្ចឹមសត្វ និងនេសាទ ផ្ដើមងើបឡើងវិញ នៅពេលជំងឺកូវីដ-១៩ ធូរស្រាល។



យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពី «ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣» វិស័យកសិកម្ម ត្រូវបានរំពឹងកើនឡើងក្នុងអត្រា១,១ភាគ នៅឆ្នាំ២០២៣ ធៀបនឹង ០,៧ភាគរយក្នុងឆ្នាំ២០២២ នេះក៏ដោយសារអនុវិស័យ ដំណាំ ចិញ្ចឹមសត្វ និងនេសាទ ត្រូវបានរំពឹងថានឹងងើបឡើងវិញ។ 

ក្នុងនោះ អនុវិស័យដំណាំ ត្រូវបានរំពឹងថានឹងបន្តកើនឡើង ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃការនាំចេញផលិតផលកសិកម្ម ជាពិសេសដំណាំរួមផ្សំ និងឧស្សហកម្ម ដែលនឹងបន្តជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួបផ្សំជាមួយនឹងការបង្កើនការវិនិយោគរបស់រដ្ឋាភិបាល ជាពិសេសការផ្ដល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក។ 


លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងមន្រ្តីរបស់ខ្លួន ចុះពិនិត្យស្ថានភាពស្រូវ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ។ រូបពី ហ្វេសបុករបស់លោក 

អនុវិស័យចិញ្ចឹមសត្វ ត្រូវបានគេរំពឹងថានឹងបន្តកំណើនខ្ពស់ ដោយសារការកើនឡើងនៃផលិតកម្មជ្រូក គួបផ្សំនឹងវិធានការអន្តរាគមន៍របស់រដ្ឋាភិបាល និងការអនុវត្តគម្រោងដៃគូអភិវឌ្ឍន៍​នានា។ ចំណែក អនុវិស័យនេសាទវិញ គេរំពឹងថានឹងងើបឡើងវិញ ដោយលើការកើនឡើងសន្សឹមៗទាំង ផលទឹកសាប និងផលិតកម្មវារីវប្បកម្ម ខណៈរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍​ បានចូលរួមដោះស្រាយប្រឈមដូចជា រចនាសម្ព័ន្ធ ការគាំទ្រផ្នែកហិរញ្ញប្បទាន ការផ្សព្វផ្សាយបច្ចេកទេស និងការប្រើប្រាស់ពូជត្រីប្រកបដោយប្រិសទ្ធភាពខ្ពស់ និងគុណភាព។ 

គួរឱ្យដឹងថា បន្ទាប់ពីបានដំណែង ជារដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានប្ដេជ្ញាបំពេញការងារ ដោយបន្តអនុវត្តគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រជាតិ ចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០។ 

លោក នឹងបន្តសិក្សាឱ្យបានស៊ីជម្រៅពីបញ្ហាប្រឈមធំៗដែលកសិករ ធុរជន វិនិយោគិន ដើម្បីផ្តល់ដំណោះស្រាយជាក់ស្តែងក្នុងទិសដៅកាត់បន្ថយចំណាយរបស់ពលរដ្ឋ តាមរយៈការបើកពង្រីកទីផ្សាបន្ថែម ពិសេសទីផ្សារមានសក្តានុពល។ ការផ្តល់បច្ចេកទេសផលិត និងពូជ ផលិតផលដែលចំគោលដៅទីផ្សារ ការសម្រួលខ្សែច្រវាក់តម្លៃដោយកាត់បន្ថយឈ្មួញកណ្តាល។  

ក្រៅពីនេះ លោក ឌិត ទីណា បានដាក់វិធានការមួយចំនួនក្នុងការលើកកម្ពស់ការសិក្សាស្រាវជ្រាវស្វែងរកវិធីសាស្រ្តល្អៗ និងបច្ចេកវិទ្យាថ្មីៗ ដល់កសិករ និងអ្នកប្រកបការងារកសិកម្ម ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍​ និងបណ្តាប្រទេសនានាក្នុងតំបន់ និងលើពិភពលោក ដើម្បីជំរុញបើកទីផ្សារនាំចេញឱ្យកាន់តែទូលំទូលាយថែមទៀត៕ 

ព័ត៌មានទាក់ទង