អ្នកអភិរក្សចំនួន៦រូប ទទួលបានពាន់រង្វាន់បុគ្គលឆ្នើមក្នុងការអភិរក្សទន្លេមេគង្គក្នុងឆ្នាំ២០២២

03/11/2022 3:00 pm ភ្នំពេញ

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ ស្ត្រី៣រូប និងបុរស៣រូបមកពីស្ថាប័នផ្សេងៗគ្នាដែលធ្វើការងារជាអ្នកអភិរក្សធនធានធម្មជាតិ ត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមក្នុងការការពារ និងអភិរក្សទន្លេមេគង្គក្នុងឆ្នាំ២០២២។ អ្នកដែលត្រូវបានជ្រើសរើស សុទ្ឋសឹងជាអ្នកសិក្សាស្រាវជ្រាវ ការពារ និងលើកកម្ពស់ចំណេះដឹងពីប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ ជម្រក និងមរតកវប្បធម៌នៃទន្លេមេគង្គជាច្រើនឆ្នាំ។



គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បាន​ប្រារព្ធពិធីប្រគល់ពាន់រង្វាន់បុគ្គលឆ្នើមក្នុងការការពារ និងអភិរក្សទន្លេមេគង្គក្នុងឆ្នាំ២០២២ នៅថ្ងៃទី៣ ខែវិច្ឆិកា នា​សណ្ឋាគារ ហ៊ីម៉ាវ៉ារី​ ក្នុងក្រុងភ្នំពេញ។ បុគ្គលទាំង៦រូបនោះរួមមាន អ្នកស្រី ហួយ ស្រីនៅ ជាមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលកម្ពុជា, អ្នកស្រី ប៊ុត ច័ន្ទមេត្តា ជាមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំ និងផ្សព្វផ្សាយនៃអង្គការWWF ប្រចាំនៅកម្ពុជា។ អ្នកស្រី លុយ រស្មី នាយិកាប្រតិបត្តិនៃសមាគមថែរក្សាបរិស្ថាន និងវប្បធម៌។ លោក សោម ស៊ីថា ប្រធានគម្រោងមេគង្គ ស្រែអំបិល និងសមាគមអភិរក្សសត្វព្រៃនៃអង្គការWCS។ លោក ហោ សំអាត អនុប្រធានសហគមន៍នេសាទស្តីក្រោមរហាលសួង និងលោក ឡោ គឹមសាន មន្ត្រីគម្រោងស្រាវជ្រាវនៃអង្គការWWF កម្ពុជា។

អ្នកស្រី ជា សីលា ប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគ ង្គបានប្រាប់សារព័ត៌មានThmeyThmey25ថា  កម្មវិធីប្រគល់ពាន់រង្វាន់បុគ្គលឆ្នើមនេះត្រូវបានធ្វើឡើងជាលើកទីពីរ ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៩ ជាជំនាន់ទី១ មានបុគ្គលចំនួន៥នាក់ ក្នុងនោះ​ ស្រី២ ប្រុស៣នាក់។ ចំណែកឆ្នាំ២០២២នេះ ជាជំនាន់ទី២  មានស្រី៣នាក់ និងប្រុស៣នាក់។ 


រូបភាព ដោយ អ្នកស្រី ជា សីលា ប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ

បើតាមអ្នក​ស្រី ជា សីលា កម្មវិធីខាងលើទទួលបានការគាំទ្រថវិកាពី​ភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់ការអភិ​វឌ្ឍន៍អន្ដរជាតិ ដែលហៅកាត់ថា USAID។ បន្ថែមពីនេះ ប្រធានគម្រោងខាងលើបានបញ្ជាក់ថា កម្មវិធីខាងលើបានក្លាយជាផ្នែកនៃការបង្ហាញពីសកម្មភាពការងារ ដែលអាចជួយជំរុញលើកទឹកចិត្ត និងឱ្យតម្លៃដល់ការងារជាអ្នកអភិរក្សធនធានធម្មជាតិលើជំនាញផ្សេងៗគ្នា នៅតាមទន្លេមេគង្គ និងទីតាំងនានានៅក្នុងប្រទេសកម្ពុជា។  

អ្នកស្រី សីលា លើកឡើងដូច្នេះ៖ «កម្មវិធីនេះ អាចជាការឆ្លុះបញ្ចាំងពីការលះបង់ពេលវេលា កម្លាំងកាយចិត្ត ​ក្នុងការងារអភិរក្សធនធានធម្មជាតិ របស់បុគ្គលនីមួយៗដើម្បីរក្សាសម្បត្តិរួម។ ការផ្ដល់ពាន់រង្វាន់នេះ ក៏អាចជាការលើកទឹកចិត្តដល់ពួកយើងជាអ្នកអភិរក្ស ដើម្បីបង្ហាញពីសកម្មភាពការងារទូទៅ នៅតាមតំបន់នានា ដែលស្ថិតក្រោមការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះផងដែរ»។

បន្ទាប់ពីបង្កើតកម្មវិធីប្រគល់ពាន់រង្វាន់ជំនាន់ទី១ នៅឆ្នាំ២០១៩ ជាលទ្ធផលបានធ្វើឱ្យអ្នកអភិរក្សភាគច្រើនរីករាយ និងមានឆន្ទៈខ្លាំងជាងមុនក្នុងកិច្ចការងារការពារធនធានធម្មជាតិ នៅជុំវិញប្រទេសកម្ពុជា។

ទន្ទឹមនេះលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាមានប្រសាសន៍ថា សុខុមាលភាពនៃទន្លេមេគង្គ​ គឺមានសារៈសំខាន់ណាស់សម្រាប់សហគមន៍ សត្វព្រៃ និងសកម្មភាពសេដ្ឋកិច្ចនានាទូទាំងប្រទេស។ 

នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា៖ « ការទទួលស្គាល់ និងបង្ហាញជាសាធារណៈ ចំពោះអ្នកដឹកនាំគាំពារបរិស្ថាន គឺមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងយើងទាំងអស់គ្នា។  ការទទួលខុសត្រូវក្នុងកិច្ចការពារ និងថែរក្សាធនធានធម្មជាតិ ដែលគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន»៕ 

ព័ត៌មានទាក់ទង