YEAC រំពឹងថា មហោស្រពសហគ្រិនវ័យក្មេងអាស៊ាន នឹងទាក់ទាញអ្នកវិនិយោគបរទេសមកកម្ពុជាកាន់តែច្រើន  

03/11/2022 2:00 pm ភ្នំពេញ

ដោយ៖ សុង សុធាវី

ភ្នំពេញ៖ មហោស្រពសហគ្រិនវ័យក្មេងអាស៊ាន រៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា( YEAC) នឹងប្រព្រឹត្តទៅនាថ្ងៃទី ១២ និង ១៣ វិច្ឆិកានេះ នៅកោះពេជ្រ ដោយមានការចូលរួមពីសហគ្រិនជាសមាជិកមកពីប្រទេសក្នុងតំបន់អាស៊ាន និងសហគ្រិនពីប្រទេសមួយចំនួនដូចជា អូស្រ្តាលី ឥណ្ឌា ចិន ជប៉ុន និងកូរ៉េខាងត្បូង។ លោក ស៊ាង សុបញ្ញា បញ្ញាក់ប្រាប់សារព័ត៌មានថ្មីៗថា ព្រឹត្តិការណ៍ដ៏សំខាន់នេះអាចនឹងទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើន និងបង្ហាញពីសមត្ថភាពក្នុងនាមអ្នករៀបចំកម្មវិធី។

 

ដើម្បីកាន់តែលំអិតពីខ្លឹមសារ សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាង  លោក ស៊ាង សុបញ្ញា ប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖   

កញ្ញា សុង សុធាវី៖ ឆាប់ៗនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជានឹងរៀបចំមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន ក្នុងនាមជាម្ចាស់ផ្តះ តើកម្មវិធីនេះមានអត្ថន័យដូចម្តេច?

លោក ស៊ាង សុបញ្ញា៖ បាទ ឆ្នាំ២០២២នេះ ជាឆ្នាំដ៏ពិសេសមួយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន អ៊ីចឹងរាជរដ្ឋាភិបាលយើងលោកដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ហើយវិស័យឯកជន សភាពាណិជ្ជកម្មកម្ពុជា ដឹកនាំក្រុមប្រឹក្សាផ្តល់យោបល់អាស៊ាន ដឹកនាំក្រុមធុរកិច្ច និងអ្នកវិនិយោគអាស៊ាន។ ដោយឡែកសមាគមសហគ្រិនវ័យក្មេងកម្ពុជាយើង បានរៀបចំមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន។ ក្នុងនោះយើងគឺជាប្រធានក្រុមប្រឹក្សាសមាគមអាស៊ាន ហើយយើងប្រារព្ធមហោស្រពនេះលើកទិ៧ ដែលកន្លងមកបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ានគឺជាអ្នករៀបចំ។

កញ្ញា សុង សុធាវី៖ មុននឹងឈានមកដល់ថ្ងៃដ៏ប្រពៃនេះ តើសមាគមមានការរៀបចំយ៉ាងណាដែរលោក?

លោក ស៊ាង សុបញ្ញា៖ ខ្ញុំអាចនិយាយបានថា មហោស្រពសហគ្រិនវ័យអាស៊ានក្មេងនេះ ជាកម្មវិធីដ៏ធំបំផុតមួយ។ ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ដូច្នេះជារៀងរាល់ឆ្នាំ ប្រទេសនៅក្នុងតំបន់អាស៊ាន ពិសេសសមាគមសហគ្រិនវ័យក្មេងអាស៊ានគឺរួមគ្នារៀបចំនូវព្រឹត្តិការណ៍ដ៏ធំនេះ ហើយយើងអញ្ជើញពួកគាត់មករឹតបន្តឹងចំណងមិត្តភាពផង និងឱកាសវិនិយោគធុរកិច្ចផងបាទ។ យើងមានការរៀបចំច្រើន ទាំងការអញ្ជើញឥស្សរជនជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលផងដែរ។ 

កញ្ញា សុង សុធាវី៖ តើតំណាងអ្នករៀបចំកម្មវិធីនឹងធ្វើបែបណាទៀត ដើម្បីឱ្យកម្មវិធីនេះទទួលបានភាពជោគជ័យ?

លោក ស៊ាង សុបញ្ញា៖ នេះជាកិច្ចប្រជុំក្នុងកម្រិតអាស៊ាន ដែលយើងជាម្ចាស់ផ្ទះ ហើយយើងក៏អញ្ជើញដៃគូរបស់យើងដូចជា អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង។ ដើម្បីឱ្យកម្មវិធីនេះជោគជ័យដូចជាកម្មវិធីថ្នាក់ជាតិដទៃទៀតដែរ យើងមានលេខាធិការដ្ឋានក្នុងកម្រិតអាស៊ានគាត់ជួយជ្រោមជ្រែង សមាជិកក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ានក៏ជួយជ្រោមជ្រែងផ្សព្វផ្សាយទៅកាន់សមាជិករបស់គាត់។

ដោយឡែកនៅក្នុងសមាគមសហគ្រិនវ័យក្មេងកម្ពុជាយើង សមាជិកយើងមានការខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយមិនខ្លាចហត់នឿយទេ។ ពិសេសក្រុមប្រឹក្សាភិបាល និង លេខាធិការដ្ឋាននៃសមាគមយើង។ 

ទាំងនេះគឺជាកិត្តិយសរបស់ប្រទេសកម្ពុជារបស់យើង និយាយជារួម។ និយាយដោយឡែក សមាគមយើងចង់បង្កើនភាពទាក់ទាញអ្នកវិនិយោគពីក្រៅបរទេស និងចង់បង្ហាញថាកម្ពុជាមានសម្ថភាពពេញលេញក្នុងការរៀបចំកម្មវិធីដ៏ធំនេះ ក្នុងនាមជាម្ចាស់ផ្ទះ។ 

កញ្ញា សុង សុធាវី៖ ត្រង់ចំណុចទាក់ទាញនេះ អ្វីជាសក្តានុពលរបស់សហគ្រិនវ័យក្មេងកម្ពុជា ក៏ដូចជាភាពខ្វះខាតដែលទាមទារឱ្យបំពេញចាស?

លោក ស៊ាង សុបញ្ញា៖ ជាក់ស្តែងយើងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាននេះ។ យើងជាសមាជិកក្នុងប្រទេសកំពុងអភិវឌ្ឍមួយ។ យើងជាសមាជិកថ្មីរបស់អាស៊ាន។ តែយើងជាអ្នកផ្តួចផ្តើមកសាងផែនទីបង្ហាញផ្លូវ នៃក្រុមប្រឹក្សាសហគ្រិនអាស៊ាននេះ ដែលយើងហៅថាផែនការយុទ្ធសាស្រ្តរយៈពេលប្រាំឆ្នាំរបស់សហគ្រិនវ័យក្មេងតំបន់អាស៊ាន និង App សម្រាប់បង្ហាញរាល់ព័ត៌មានអាជីវកម្មរបស់សមជិកសហគ្រិនវ័យក្មេងក្នុងតំបន់អាស៊ាន។ 

កញ្ញា សុង សុធាវី៖ ក្រៅពីនោះតើ YEAC អាចទាញយកប្រយោជន៍អ្វី ដើម្បីជំរុញទីផ្សារ និងភាពស្មើគ្នាក្នុងតំបន់អាស៊ាន សម្រាប់កម្ពុជា?

 លោក ស៊ាង សុបញ្ញា៖ ដូចសុធាវីដឹងហើយ ក្នុងស្ថានភាពកូវីដ អាស៊ានមានការកំបាកមួយគឺពិបាកទាក់ទាញវិនិយោគគិនក្រៅប្រទេស។ កាលមុនកូវីដអាស៊ានមានការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសច្រើន រួមទាំងសមាជិកអាស៊ានគ្នាឯងផងដែរ។ ដូច្នេះពេលនេះយើងជំរុញការជឿទុកចិត្តក្នុងតំបន់អាស៊ាននេះសិន តាមរយៈការវិនិយោគគ្នាទៅវិញទៅមក ដើម្បីឱ្យមើលឃើញថាស្ថានភាពសេដ្ឋកិច្ចអាស៊ានមានភាពរស់រវើក ។ល។ 

កញ្ញា សុង សុធាវី៖ តើលោកមើលពីសក្តានុពលសហគ្រិនក្នុងស្រុកដូចម្តេចហើយប៉ុន្មានឆ្នាំទៀតដែលមានភាពស្មើគ្នារវាងបណ្តាប្រទេសអាស៊ាន ជាមួយសេដ្ចកិច្ចខ្មែរយើង?

លោក ស៊ាង សុបញ្ញា៖ បើយើងនិយាយពីសមត្ថភាព និងភាពជាអ្នកដឹកនាំធុរកិច្ច យើងមានភាពប្រហាក់ប្រហែលនឹងអាស៊ាន។ តែឧស្សាហកម្ម និងទុនរបស់យើងនៅមានកម្រិតចាញ់គេបន្តិចហើយ តែនវានុវត្តន៍ និងចំណេះដឹងបច្ចេកវិទ្យាយើងមិនចាញ់គេទេ។ អ៊ីចឹងពេលនេះយើងរៀបចំព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីសក្តានុពលខ្មែរយើង ដូចជាច្បាប់វិនិយោគថ្មី ដែលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគក្រៅប្រទេសផងដែរ។ 

កញ្ញា សុង សុធាវី៖ ក្រៅពីភាគី YEAC ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះទាំងមូល តើភាគីណាខ្លះដែលជួយជំរុញឱ្យការងារនេះឱ្យកាន់តែប្រសើឡើងលោក?

លោក ស៊ាង សុបញ្ញា៖ គ្រប់ភាគីទាំងអស់! ហើយខ្ញុំរីករាយ ព្រោះឃើញការចូលរួមពីរាជរដ្ឋាភិបាល វិស័យឯកជន ព្រមទាំងអង្គការសង្គមស៊ីវិល គឺយើងបានដើរតួនាទីជាប្រធានអាស៊ានទាំងអស់គ្នា ហើយយើងចូលរួមយ៉ាងសស្រាក់សស្រាំតែម្តង៕

 

ព័ត៌មានទាក់ទង