អង្គការសម្អាតទន្លេសមុទ្រ ដាក់គោលដៅ​​៥​ឆ្នាំ​ដើម្បីប្រមូលសំរាម​ឲ្យអស់ពីទន្លេ ពីភ្នំពេញដល់ព្រំប្រទល់ក្រុង​​តាខ្មៅ

03/11/2022 11:00 am ភ្នំពេញ

ដោយ: ញឹក សំអូន

អង្គការសម្អាតទន្លេសមុទ្រ (River Ocean Cleanup) បើកយុទ្ធនាការ​ប្រមូលសំរាមក្នុងទន្លេ ចាប់ពីភូមិសាស្រ្តរាធានីភ្នំពេញ រហូតដល់ព្រំប្រទល់ក្រុងតាខ្មៅ ខេត្តកណ្តាល​។ បើតាម​លោកនាយកប្រតិបត្តិ នូ សុវណ្ណ ផែនការ​ត្រូវបាន​កំណត់​ចាប់ពី​ឆ្នាំ​២០២២ដល់​ឆ្នាំ​២០២៧ ក្នុងដែន​ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។



«ខ្ញុំហ៊ាន​អះអាងថា យើង​នឹងប្រមូលសំរាមឱ្យអស់ពីទន្លេ ព្រោះបេសកកម្មរបស់ពួកខ្ញុំនៅតែបន្តធ្វើជារៀងរាល់ថ្ងៃ។ ម្យ៉ាងទៀត ខ្ញុំបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមានកម្មវិធី cleanup ចុះអប់រំប្រជាពលរដ្ឋនៅក្នុងសហគមន៍ អ៊ឹចឹងយើងអាចធានាបានថាទន្លេនឹងគ្មានសំរាម»។ នេះជាការ​បញ្ជាក់​របស់​លោក នូ សុវណ្ណ។
 
នាយក​ប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ រូបនេះ បាន​រៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ​បន្ថែមថា ចាប់ពី​ខែ​មីនា មក ក្រុមការងាររបស់លោកប្រមាណ ៦០នាក់ រួមទាំងយុវជនស័្មគ្រចិត្តជាច្រើនទៀត ប្រមូលសំរាមបាន១៥០តោនហើយ ដោយ​សំរាម​ទាំងនោះ មានដូចជា​ប្រភេទ ប្លាស្ទិក ដបទឹកសុទ្ធ ជ័រ ស្នោ និងមានកម្ទេចកម្ទីផ្សេងៗទៀត ដែលអណ្ដែតត្រៀបត្រាក្នុងទន្លេ។ 
 
លោក​ នូ សុវណ្ណ កត់សម្គាល់ថា៖ «ដោយសារពលរដ្ឋរស់នៅក្បែរទឹក អត់មានកន្លែងបោះចោល ជាពិសេសអ្នកនៅតំបន់អនាធិបតេយ្យមួយចំនួន ពួក​គាត់បោះចោលក្នុងទឹកហ្នឹងតែម្ដង។ វាពិបាកក្នុងការអប់រំពួកគាត់ ឱ្យយល់ពីការទុកដាក់សំរាម ដោយ​ទាមទារពេលវេលាច្រើន»។
 

លោក នូ សុវណ្ណ នាយកប្រតិបត្តការអង្គការសម្អាតទន្លេសមុទ្រ ឈរនៅខាងស្ដាំដៃស្រ្តីជនជាតិបរទេស។ រូបភាព៖ ផ្ដល់ឱ្យដោយលោក សុវណ្ណ
 
បេសកកម្មរបស់អង្គការសម្អាតទន្លេសមុទ្រ គឺ​ការ​ប្រមូលសំរាមនៅក្នុងភូមិសាស្រ្តរាធានីភ្នំពេញ រហូតដល់ព្រំដែនក្រុងតាខ្មៅ។ បច្ចុប្បន្ន ក្រុមការងារ​បានប្រមូលនៅទន្លេមេគង្គប្រវែង ៣១គីឡូម៉ែត្រ ទន្លេសាប ២១គីឡូម៉ែត្រ និងទន្លេបាសាក់ ២០គីឡូម៉ែត្រ។ 
 
ជុំវិញការប្រមូលសំរាមនេះ លោក សុវណ្ណ ក៏ធ្លាប់ដឹង​ឮពីការ​សើច​ចំអក​ផងដែរ ដោយថាគេយល់ថា ទោះខំប្រមូល​យ៉ាង​ណា ​ក៏មិន​អស់​ឡើយ ព្រោះ​មនុស្ស​នៅ​តែបន្ត​បោះ​ចោល។ «យើងទៅប្រមូលដល់ក្រោមផ្ទះពួកគាត់ ថ្ងៃណាមួយពួកគាត់នឹងខ្មាសយើង លែងបោះសំរាមចោលក្នុងទន្លេទៀតជាមិនខាន»។ លោក​បានពន្យល់យ៉ាង​ដូច្នេះពីបេសកកម្ម​របស់ខ្លួន។
 

 ក្រុមការងាររបស់អង្គការសម្អាតទន្លេសមុទ្រចុះប្រមូលសំរាមក្នុងទន្លេ។ រូបភាព៖ River Ocean Cleanup (2)
 
នារយៈពេលចុង​ក្រោយនេះ នាយក​ប្រតិបត្តិអង្គការអង្គការសម្អាតទន្លេសមុទ្រ សង្កេតឃើញថា ពេលភ្លៀងធ្លាក់ម្ដងៗ មិន​​សូវមានសំរាមកកស្ទះច្រើនទៀតឡើយ​ មិនថានៅលើគោក ឬក្នុងទន្លេ ហើយបើមានក៏មាន គឺមានតិចតួច ដែលវានៅជាដុំៗជាក់ស្ដែង ដូចនៅម្ដុំស្ពានច្បារអំពៅជាដើម។ សំរាមទាំងនោះក្រោយប្រមូលបាន គឺយកទៅដាក់នៅមជ្ឈមណ្ឌលកែច្នៃសំរាមរបស់ក្រុមហ៊ុន ជីបម៉ុង ដើម្បីបែងចែក និងកែច្នៃឱ្យប្រើប្រាស់ជាប្រយោជន៍នៅក្នុងសង្គម។
 
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យប្រជាពលរដ្ឋត្រូវចេះ​ញែក វេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម សំណល់​រឹង​ឱ្យបាន​ត្រឹមត្រូវ ​តាម​ម៉ោង​ពេល​កំណត់​។ ចំពោះ​សំរាម សំណល់​រឹង​ដែល​បាន​ញែក​រួច​នោះ អាច​ប្រែ​ក្លាយទៅជា​សំណល់​មានតម្លៃ​សេដ្ឋកិច្ច​ពីការកែច្នៃ ការប្រើប្រាស់​ឡើងវិញ និង​កាត់បន្ថយ​បរិមាណ​សំណល់​នៅតាម​ទីលាន​។


 
«ដើម្បី​ធានា​នូវ​សោភ័ណភាព កិច្ច​គាំពារ​សុខភាព​សាធារណៈ និង​បរិស្ថាន ចាំបាច់​ត្រូវ​យកចិត្តទុកដាក់លើកកម្ពស់​ការគ្រប់គ្រង​សំរាម សំណល់​រឹង ស្របតាម​សេចក្ដីណែនាំ​លេខ ០២៥/២១ ស​ណន​.​ស ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ»។ នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី ៣១តុលា។ 
 
យ៉ាងណាមិញ ដើម្បីឆ្លើយតបទៅនឹងការទុកដាក់សំរាម រដ្ឋាភិបាល រៀបចំជា​រៀង​រាល់ឆ្នាំ​​ «​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា​» ​ក្នុង​គោលដៅ​លើកកម្ពស់​ការអប់រំ ផ្សព្វផ្សាយ និង​ជំរុញ​ចលនា​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ​គ្រប់លំដាប់​ថ្នាក់ សិស្ស និស្សិតឱ្យចូល​រួម​ធ្វើ​អនាម័យ កែលម្អ​សោភ័ណភាព ទីក្រុង ភូមិឋាន វត្ត​អារាម សាលារៀ មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច ដើម្បីរួមចំណែក​ធ្វើឱ្យ​រាជធានី​ភ្នំពេញ មាន​អនាម័យ​បរិស្ថាន​ស្អាត និងមាន​ភាព​ទាក់ទាញ​៕
 

ព័ត៌មានទាក់ទង